វិបត្តិ ៤

វិបត្តិ ៤

(ចំណែកអវិជ្ជមាន, ចំណុចអន់ខ្សោយ, ភាវៈខាតបង់នៃអង្គប្រកបផ្សេងៗ ដែលមិនជួយគាំទ្រការឱ្យផលនៃកម្មល្អ តែបែរជាបើកឱកាសឱ្យកម្មអាក្រក់ឱ្យផល, អង្គប្រកបមានឧុនភាព បើកឱកាសឱ្យកម្មអាក្រក់ – Vipatti: failure; defect; unfavourable factors affecting the ripening of Karma)

១. គតិវិបត្តិ (វិបត្តិនៃគតិ, គតិខូចខាត; ក្នុងអំឡុងវែង សំដៅយកការកើតក្នុងកំណើតថោកទាប  ឬកើតក្នុងទីប្រាសចាកសេចក្ដីចម្រើន ក្នុងរយៈខ្លី សំដៅយកទីកន្លែងនៅ កន្លែងទៅ ដំណើរការមិនល្អ ឬទង្វើមិនត្រូវរឿង មិនត្រូវកន្លែង ក្នុងករណីយនោះៗ សភាពបរិស្ថាននោះ ស្ថានការណ៍នោះ ទីស្ថាននោះ រហូតដល់ដំណើរជីវិតខណៈនោះ មិនអនុកូលដល់ការប្រកបកម្មល្អ ឬសេចក្ដីចម្រើនលូតលាស់នៃកម្មល្អ តែបែរជាបើកផ្លូវឱ្យកម្មអាក្រក់និងផលអាក្រក់ផលិតផល – Gati-vipatti: failure as regards place of birth; unfavourable environment, circumstances or career)

២. ឧបធិវិបត្តិ (វិបត្តិនៃរាងកាយ, រូបកាយខូចខាត; ក្នុងអំឡុងវែង សំដៅដល់រាងកាយពិការ មិនស្អាតឬសង្ហា បុគ្គលិកភាពមិនសមរម្យ ក្នុងរយៈខ្លី សំដៅយកសុខភាពមិនល្អ ឈឺថ្កាត់ច្រើន រោគច្រើន –  Upadhi-vipatti: failure as regards the body; deformed of unfortunate body; unfavourable personality, health or physical conditions)

៣. កាលវិបត្តិ (វិបត្តិនៃកាល, ពេលមិនល្អ; ក្នុងអំឡុងវែង សំដៅយកការកើតក្នុងសម័យដែលលោកមិនរីកចម្រើន ស្រុកទេសមានតែភ័យវិបត្តិ អ្នកដឹកនាំមិនល្អ សង្គមប្រាសចាកសីលធម៌ មានការជិះជាន់បៀតបៀនគ្នាច្រើន លើកតម្កើងទុជ៌ន គាបសង្កត់មនុស្សល្អ ក្នុងរយៈខ្លី បានដល់ទង្វើមិនត្រូវពេល – Kāla-vipatti: failure as regards time; unfavourable or unfortunate time)

៤. បយោគវិបត្តិ (វិបត្តិនៃការប្រកប, កិច្ចការខូចខាត; ក្នុងអំឡុងវែង សំដៅយកការខំសង្វាតក្នុងផ្លូវខុស ប្រកបកិច្ចការដែលខុស ឬធ្វើតែអំពើអាក្រក់ជាប្រក្រតី ក្នុងរយៈខ្លី សំដៅយកកាលធ្វើកម្មល្អ ក៏ធ្វើមិនពេញទី មិនគ្រប់កិច្ច ធ្វើបែបតេះតោះ ធ្វើដោយវិធីមិនសមស្របនឹងកិច្ចការ ឬក្នុងរយៈពេលកំពុងបន្ដធ្វើអំពើល្អ ក៏បានធ្វើអំពើអាក្រក់ក្នុងចន្លោះៗ – Payoga-vipatti: failure as regards undertaking; unfavourable, unfortunate or inadequate undertaking)

វិបត្តិ ៤ នេះ ក្នុងការពិចារណាការឱ្យផលនៃកម្ម ត្រូវនាំមកពិចារណារួមផង ដោយហេតុថា ការកើតឡើងនៃវិបាក(ផល) ក្រៅអំពីការអាស្រ័យហេតុគឺកម្ម នៅត្រូវអាស្រ័យឋានគឺគតិ ឧបធិ កាល បយោគ ជាបច្ច័យប្រកបផងដែរ ពោលគឺត្រូវពិចារណាកម្មនិយាម ឱ្យសម្ពន្ធនឹងបច្ច័យទាំងឡាយដែលប្រព្រឹត្តទៅតាមនិយាមដទៃៗ ផង ព្រោះនិយាម ឬច្បាប់ធម្មជាតិមានច្រើនយ៉ាង មិនមែនមានតែកម្មនិយាមតែម្យ៉ាងទេ ។

(សូមសិក្សា សម្បត្តិ ៤, និយាម ៥, កម្ម ១២ រួមផង ទើបជួយឱ្យយល់ទ្រឹស្ដីកម្មផលក្នុងពុទ្ធសាសនាបានល្អឡើង ដូចបានបង្ហោះកន្លងមកនោះហើយ)

តាអារាមប៊យ
១៧ ឧសភា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram