បច្ច័យឱ្យកើតសម្មាទិដ្ឋិ

បច្ច័យឱ្យកើតសម្មាទិដ្ឋិ ២ (ផ្លូវកើតនៃគំនិតដ៏ត្រឹមត្រូវ, ប្រភពនៃសេចក្ដីល្អទាំងពួង – Sammādiṭṭhi-paccaya: sources or conditions for the arising of right view)

១. បរតោឃោសៈ (សំឡេងអំពីអ្នកដទៃ សេចក្ដីជម្រុញឬទាក់ទាញអំពីខាងក្រៅ គឺការទទួលស្ដាប់ពាក្យណែនាំប្រៀនប្រដៅ រៀនសូត្រយកចំណេះ សន្ទនាសាកសួរ ស្ដាប់ពាក្យពោលប្រាប់ទាក់ទាញរបស់អ្នកដទៃ ជាពិសេសការស្ដាប់ព្រះសទ្ធម្មអំពីលោកអ្នកជាកល្យាណមិត្ត – Paratoghosa: another’s utterance; inducement by others; hearing or learning from others)

២. យោនិសោមនសិការ (ការប្រើគំនិតត្រូវវិធី ចេះគិត គឺធ្វើទុកក្នុងចិត្តដោយឧបាយត្រឹមត្រូវទៅតាមហេតុផល មើលអ្វីៗ ទាំងឡាយដោយពិនិត្យពិចារណា ចេះស៊ើបស្រាវទៅរកហេតុផល វែកញែករឿងនោះៗ ឬបញ្ហានោះៗ ចេញ ឱ្យឃើញតាមសភាវៈនិងតាមភាពសម្ពន្ធនៃហេតុបច្ច័យ – Yonisomanasikāra: reasoned attention; systematic attention; genetical reflection; analytical reflection)

ខទី ១ បរតោឃោសៈដែលល្អ គឺមិត្តល្អ អង្គធម៌បានដល់កល្យាណមិត្តតា(ភាពជាអ្នកមានកល្យាណមិត្ត) ជាអង្គប្រកបខាងក្រៅ បានដល់បច្ច័យផ្នែកសង្គម ជាវិធីសាស្ត្រនៃសទ្ធា ។
ខទី ២ យោនិសោមនសិការ ជាអង្គប្រកបខាងក្នុងខ្លួនបុគ្គល ជាវិធីសាស្ត្រនៃបញ្ញា ។

គោលការណ៍ទាំង ២ នេះ ជា “អង្គប្រកបនៃការសិក្សា” ឬ “បុព្វភាគនៃការសិក្សា” ដ៏សំខាន់ចំបង ព្រោះជាបច្ច័យឱ្យកើតសម្មាទិដ្ឋិ(អភិធម្មហៅថាបញ្ញាចេតសិក)ដែលជាកត្តាដ៏សំខាន់ក្នុងមគ្គមានអង្គ ៨ ជាបញ្ញាសិក្ខាក្នុងអរិយដ្ឋង្គិកមគ្គ ។ សូមអារាធនាយកពុទ្ធតម្រាស់់ជូនសម្រាប់ពិចារណាយ៉ាងសង្ខេបដូចតទៅនេះ

“ – សម្រាប់ភិក្ខុដែលនៅតែត្រូវសិក្សា… យើង(តថាគត)មើលមិនឃើញអង្គប្រកបខាងក្រៅដទៃ មានប្រយោជន៍ស្មើនឹងភាពជាអ្នកមានកល្យាណមិត្តឡើយ”

“ – សម្រាប់ភិក្ខុដែលនៅតែត្រូវសិក្សា… យើង(តថាគត)មើលមិនឃើញអង្គប្រកបខាងក្នុងដទៃ មានប្រយោជន៍ស្មើនឹងយោនិសោមនសិការឡើយ”

ចំណែកបច្ច័យឱ្យកើតមិច្ឆាទិដ្ឋិក៏មាន ២ ដូចគ្នាដែរ តែផ្ទុយពីគ្នា គឺបរតោឃោសៈ(ដែលមិនត្រឹមត្រូវ) និងអយោនិសោមនសិការ ។

បើក្រឡេកមើលទៅលើសកម្មភាពរបស់ស្ថាប័នសំខាន់ៗ របស់ជាតិ មានជាអាទិ៍គឺស្ថាប័នសាសនា ការសិក្សា សង្គមកិច្ច ស្ថាប័នគ្រប់គ្រងគ្រប់ជាន់ថ្នាក់និងនិន្នាការ បានផ្សព្វផ្សាយ ណែនាំ ដឹកនាំ ឬបានបង្កើតឱ្យមានបរិយាកាស បញ្ចេញសកម្មភាព ឬក៏ដឹកនាំ ឱ្យកើតសម្មាទិដ្ឋិ ដោយបរតោឃោសៈនិងយោនិសោមនសិការខ្លះដែរឬទេ ?

តាអារាមប៊យ
១២ ឧសភា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram