វិមោក្ខ ៣

ខ្ញុំបានបង្ហោះគោលធម៌ស្ដីអំពីសមាធិដែលកើតអំពីសមថភាវនា និងសមាធិដែលកើតអំពីវិបស្សនាភាវនា ជូនប្រិយមិត្តសម្រាប់សិក្សារួចហើយ ខ្ញុំយល់ថាយើងត្រូវសិក្សាឱ្យយល់គោលធម៌ ដែលលោកសម្ដែងអំពីផលនៃការបដិបត្តិវិបស្សនាផងដែរ ផលដែលជាគោលដៅនៃការបដិបត្តិវិបស្សនា គឺឥស្សរភាពការរួចផុតពីកិលេស ។ ក្នុងការបដិបត្តិវិបស្សនា ផលដែលត្រឹមត្រូវគឺការឃើញត្រៃលក្ខណ៍នៃរូបនាម គឺឃើញអនិច្ចំ ទុក្ខំ អនត្តា នៃរូបនាម លោកហៅអាការរួចផុតនោះៗ តាមទំនោររបស់អ្នកបដិបត្តិវិបស្សនា ឧ. បើអ្នកបដិបត្តិធ្ងន់ទៅលើការឃើញអនត្តានៃរូបនាមជាងលក្ខណៈពីរទៀត លោកហៅការរួចផុតនោះថា សុញ្ញតវិមោក្ខ ។ ការរួចផុត ២ ប្រភេទទៀត ក៏គប្បីយល់តាមដែលខ្ញុំជូនឧទាហរណ៍ដោយខ្លីនេះដែរ ។

——————————–

វិមោក្ខ ៣ (កិរិយារួចផុត, ប្រភេទនៃការរួចផុត បែងចែកតាមលក្ខណៈនៃការឃើញត្រៃលក្ខណ៍ ប្រភេទដែលឱ្យដល់នូវឥស្សរភាព – Vimokkha: liberation; aspects of liberation)

១. សុញ្ញតវិមោក្ខ (ការរួចផុតដោយឃើញភាពសោះសូន្យទទេ អស់ការប្រកាន់មាំ បានដល់ ការរួចផុតដែលកើតអំពីបញ្ញាពិចារណាឃើញនាមរូប ដោយភាវៈជាអនត្តា គឺរួចផុតដោយឃើញអនត្តា ហើយដកហូតការប្រកាន់មាំចេញបាន ពោលគឺអាស្រ័យអនត្តានុបស្សនា ដកហូតអត្តាភិនិវេសចេញ – (Suññata-vimokkha: liberation through voidness; void liberation)

២. អនិមិត្តវិមោក្ខ (ការរួចផុតដោយមិនប្រកាន់និមិត្ត បានដល់ ការរួចផុតដែលកើតអំពីបញ្ញាពិចារណាឃើញនាមរូប ដោយភាវៈជាអនិច្ចំ គឺរួចផុតដោយឃើញអនិច្ចតា ហើយដកហូតនិមិត្តចេញបាន ពោលគឺអាស្រ័យអនិច្ចានុបស្សនា ដកហូតវិបល្លាសនិមិត្តចេញ – Animitta-vimokkha: liberation through signlessness; signless liberation)

៣. អប្បណិហិតវិមោក្ខ (ការរួចផុតដោយមិនធ្វើសេចក្ដីប្រាថ្នា បានដល់ ការរួចផុតដែលកើតអំពីបញ្ញាពិចារណាឃើញនាមរូប ដោយភាវៈជាទុក្ខ គឺរួចផុតដោយឃើញទុក្ខតា ហើយដកហូតសេចក្ដីប្រាថ្នាចេញបាន ពោលគឺអាស្រ័យទុក្ខានុបស្សនា ដកហូតតណ្ហាបណិធិចេញ – Appaihita-vimokkha: liberation through dispositiolessness; desireless liberation)

——————————-

បញ្ជាក់បន្ថែមៈ គោលធម៌ទាំងឡាយដែលខ្ញុំរើសយកមកបង្ហោះសម្រាប់សិក្សានេះ ជាគោលធម៌ដែលមានក្នុងព្រះត្រៃបិដក ខ្ញុំចង់ប្រាប់ប្រភពនៃគោលធម៌ផងដែរ តែមិនអាចធ្វើបាន ព្រោះត្រូវប្រើពេលយូរក្នុងការស្រាវជ្រាវ ដោយហេតុថាខ្ញុំមិនទាន់ឃើញផេជផ្សេងៗ របស់ខ្មែរមាន search engine ដែលអាចរកឃើញបានភ្លាមៗ នៅឡើយ បើប្រិយមិត្តណាចង់ដឹងប្រភព អាចរកបានក្នុងផេជ tipitaka.org (ផេជនេះមានតែជាភាសាបាលីសុទ្ធ ហើយមានប្រើតួអក្សរច្រើនប្រភេទ រួមទាំងតួអក្សរខ្មែរផងដែរ)

តាអារាមប៊យ

២១ កុម្ភៈ ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram