គរុ (គ្រូ)

យើងរាល់គ្នាសុទ្ធតែបានឆ្លងកាត់ស្នាដៃគ្រូដែលជាអ្នកមានចំណែកក្នុងការលុញនិងសូនចិត្តគំនិតរបស់យើងខ្លះៗ មកហើយ
សូមជូនផុស្ដនេះជូន “ជាពិសេស” ចំពោះប្រិយមិត្តដែលជាលោកម្ចាស់គ្រូ លោកគ្រូ អ្នកគ្រូទាំងឡាយ
ពាក្យថាគ្រូជាពាក្យដែលហាក់ដូចជាសាមញ្ញបំផុតក្នុងអារម្មណ៍របស់យើងរាល់គ្នា
តើពាក្យនេះមានន័យយ៉ាងណាដែរ?
——————-
ប្រភពនៃពាក្យ (មានអង្គប្រកបអ្វីខ្លះ?)
គរុ (បុំ.) ប្រែតាមព្យញ្ជនៈថា អ្នកស្រោចស្រពសេចក្ដីស្រឡាញ់ក្នុងពពួកសិស្ស

ប្រភពនៃពាក្យៈ

១. √គិរ (ធាតុ = ខ្ជាក់, ស្រោច) + ឧ(អ៊ុ) បច្ច័យ, លុបស្រះដើមធាតុៈ គិរ > គរ
: គិរ>គរ + ឧ = គរុ ប្រែតាមសព្ទថាៈ (១) អ្នកខ្ជាក់សេចក្ដីស្រឡាញ់ឱ្យសិស្ស, (២)អ្នកស្រោចស្រពសេចក្ដីស្រឡាញញ់ក្នុងពពួកសិស្ស ។

– រូបវិគ្រោះហ៍(វិគ្គហៈ)ថាៈ សិស្សេសុ សិនេហំ គរតីតិ គរុ ។
ប្រែថាៈ (យោ បុគ្គលោ រីបុគ្គលណា) គរតិ រមែងស្រោច, សិនេហំ នូវសេចក្ដីស្រឡាញ់, សិស្សេសុ ក្នុងសិស្សទាំងឡាយ ឥតិ ព្រោះហេតុនោះ (សោ បុគ្គលោ រីបុគ្គលនោះ) គរុ ឈ្មោះថាគ្រូ (អ្នកស្រោចស្នេហាក្នុងសិស្សទាំងឡាយ) ។

២. √គរ (ធាតុ = ហូរទៅ, អណ្ដែតឡើង) + ឧ បច្ច័យ
គរ + ឧ = គរុ ប្រែតាមសព្ទថា (១) វត្ថុដែលហូរទៅទូលំទូលាយ (២) អ្នកលេចឡើងត្រដែត

៣. ក្នុងបទានុក្រមធម្មបទ ភាគ ២, ទ. ១០៨ (www.watkhmers.org) ថាៈ
គរុ បុ. [គរ + ឧ] អាចារ្យអ្នកស្រោចនូវសេចក្ដីស្រឡាញ់ក្នុងសិស្សទាំងឡាយ, (គ្រូ; គុ. ធ្ងន់);
វិ. សិស្សេសុ សិនេហំ គរតិ សិញ្ចតីតិ > គរុ ។ អភិ. -សូចិ មានន័យប្លែកពីនេះដោយច្រើន ។

៤. វ. ជ.ណ. ទ. ១៣១ និង ទ. ១៥៦ បានឱ្យនិយមន័យទុកថាៈ
គរុ គុ. (បា.; សំ. គុរុ) ធ្ងន់, យូរ ។ ន. អក្សរដែលមានសំឡេងធ្ងន់យូរ ។ ន. គ្រូ ។ ពាក្យផ្ទុយ លហុ ។

គ្រូ ន. (បា. គរុ; សំ. គុរុ = គរ > គ្រ+ុ>ូ = គ្រូ) អ្នកដែលមានចិត្តធ្ងន់, អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្ដ្រផ្សេងៗដល់សិស្សៈ គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង….។ សមណៈដែលបំបួលកុលបុត្រឱ្យបានជាបព្វជិតៈ គ្រូបំបួស, គ្រូសូត្រ ។ ពេទ្យរក្សារោគៈ គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជម្ងឺ ។

៤. ព្រះពុទ្ធជា “បរមគ្រូ, ជាសត្ថា ទេវមនុស្សានំ ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយ” បានសម្ដែងគុណធម៌គ្រូហៅថា “កល្យាណមិត្តធម៌” ទុកដូចតទៅនេះ

កល្យាណមិត្តធម៌ ៧ (អង្គគុណនៃកល្យាណមិត្ត, គុណសម្បត្តិរបស់មិត្តល្អឬមិត្តពិត គឺលោកអ្នកដែលអ្នកសេពគប់ឬចូលទៅរកហើយ នឹងជាហេតុឱ្យកើតសេចក្ដីល្អនិងសេចក្ដីចម្រើន ក្នុងទីនេះសំដៅយកមិត្តប្រភេទគ្រូជាប្រការសំខាន់ – Kalyāṇamitta-dhamma: qualities of a good friends)

១. បិយោ (គួរឱ្យស្រឡាញ់ ក្នុងឋានៈជាទីសប្បាយស្រួលចិត្តនិងស្និទ្ធស្នាល ជាទីទាក់ទាញឱ្យចង់ចូល

ទៅសាកសួរពិគ្រោះជាមួយ – Piyo: lovable; endearing)

២. គរុ (គួរឱ្យគោរព ក្នុងឋានៈមានសេចក្ដីប្រព្រឹត្តិសមគួរដល់ឋានៈ ឱ្យកើតភាពកក់ក្ដៅ ជាទីពឹងបាន និងជាទីនិរន្តរាយ Garu: esteemable; respectable; venerable)

៣. ភាវនីយោ (ជាទីចម្រើនចិត្តឬគួរលើកតម្កើង ក្នុងឋានៈទ្រទ្រង់នូវគុណគឺមានចំណេះនិងបញ្ញាពិតប្រាកដ ទាំងជាអ្នកអប់រំហ្វឹកហាត់កៃឆ្នៃខ្លួនជានិច្ច គួរយកជាគម្រូ ជាទីរលឹកដល់និងសំអាងបាន ដោយមោទនភាពនិងក្ដីពេញចិត្ត – Phāvanīyo: adorable; cultured; emulable)

៤. វត្តា ច (ចេះនិយាយឱ្យកើតផល ចេះអធិប្បាយឱ្យងាយយល់ ដឹងកាលគួរនិយាយអ្វី និយាយយ៉ាងណា ផ្ដល់សេចក្ដីណែនាំប្រៀនប្រដៅដាស់តឿន ជាទីប្រឹក្សាដ៏ល្អ – Vattā ca: being a counsellor)

៥. វចនក្ខមោ (អត់ធន់ចំពោះសម្ដី គឺព្រមនឹងទទួលស្ដាប់សំណួរ ការផ្តល់យោបល់ ការវិភាគ អត់ធ្មត់ស្ដាប់ដោយមិនធុញទ្រាន់ មិនក្រេវក្រោធ – Vacanakkhamo: being a patient listener)

៦. គម្ភីរញ្ច កថំ កត្តា (ពន្យល់រឿងដែលជ្រូវបាន អាចអធិប្បាយរឿងដែលពិបាកយល់ស្មុគស្មាញឱ្យងាយយល់ និងឱ្យសិស្សបានសិក្សារឿងដែលកាន់តែមានគម្ភីរភាពឡើងទៅ – Gambhīrañca kathaṁ kattā: able to deliver deep discourses or to treat profound subjects)

៧. នោ ចដ្ឋានេ និយោជយេ (មិនទាក់ទាញសិស្សទៅក្នុងអដ្ឋានៈ គឺមិនណែនាំក្នុងរឿងមិនល្អ ឬទាក់ទាញទៅក្នុងរឿងខូចកាច – No caṭṭhāne niyojaye: never exhorting groundlessly; not leading or spurring on to a useless end)

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram