អធិប្បតេយ្យ ៣

អធិប្បតេយ្យ ៣
(ភាវៈជាធំ, ភាវៈដែលប្រកាន់យកជាធំ – Adhipateyya: dominant influence; supremacy)

១. អត្តាធិប្បតេយ្យ (ភាវៈមានខ្លួនឯងជាធំ, ប្រកាន់យកខ្លួនឯងជាធំ, ទង្វើដែលប្រារព្ធខ្លួនជាប្រមាណ – Attādhipateyya: supremacy of self, self-dependence)

២. លោកាធិប្បតេយ្យ (ភាវៈមានលោកជាធំ, ប្រកាន់យកលោកជាធំ, ទង្វើប្រារព្ធការនិយមនៃលោកជាប្រមាណ – Lokādhipateyya: supremacy of the world or public opinion)

៣. ធម្មាធិប្បតេយ្យ (ភាវៈមានធម៌ជាធំ, ប្រកាន់យកធម៌ជាធំ, ទង្វើដែលប្រារព្ធធម៌ពោលគឺភាពត្រឹមត្រូវ ការពិត តាមសមគួរដល់ធម៌ជាប្រមាណ – Dhammadhipateyya: supremacy of the Dhamma or righteousness)

អ្នកជាអត្តាធិប្បតេយ្យ គប្បីប្រើសតិឱ្យច្រើន, អ្នកជាលោកាធិប្បតេយ្យ គប្បីជាអ្នកមានបញ្ញាឃុំគ្រងខ្លួននិងចេះពិចារណា, អ្នកជាធម្មាធិប្បកៈ គប្បីប្រព្រឹត្ដឱ្យស្របនឹងគោលធម៌, អ្នកជាមេក្រុមឬគណៈជាអ្នកដឹកនាំគប្បីកាន់យកធម្មាធិប្បតេយ្យ  ។

ព្រះត្រៃបិដកៈ ទីឃនិកាយ បាដិកវគ្គ, អង្គុត្តរនិកាយ តិកនិបាត

——————–
ឫសគល់ពាក្យដោយសង្ខេប
ប្រជា + អធិ + បតិ + ណ្យ = ប្រជាធិប្បតេយ្យ

សូមមើលការផ្លាស់ប្ដូររូបដូចតទៅនេះ

ប្រជា ន. សំ. (បាលីជា បជា) ប្រជាជន, ពពួកសត្វ, ពពួកជន

+ អធិ ក្រៃលែង, ក្រៃពេក, លើលលុប….។ល។, (វេយ្យាករណ៍ហៅពាក្យប្រភេទនេះថា ឧបសគ្គ(prefix) សម្រាប់ភ្ជាប់ពីខាងដើមនៃពាក្យ ដូចជា អធិដ្ឋាន, អធិរាជ, អធិវចនៈ, អធិសីល ជាដើម)
+ បតិ ន. ម្ចាស់, ប្ដី
+ ណ្យ ជាបច្ច័យ (suffix) មួយក្នុងបច្ច័យនៃភាវតទ្ធិតទាំង ៦ ប្រើជំនួសពាក្យថា ភាវៈ
= ប្រជាធិប្បតេយ្យ ភាវៈនៃប្រជាជនជាអធិបតី, ភាវៈដែលមានប្រជាជនជាធំ (សព្វថ្ងៃសំដៅយកអំណាចខ្ពស់បំផុតរបស់រដ្ឋដែលប្រជាជនបោះឆ្នោតជូនសម្រាប់គ្រប់គ្រងប្រទេស) ។

សន្ធិសមាសនិងតទ្ធិត(រូបសិទ្ធិនៃពាក្យ)
ប្រជា +  អធិ>ធិ (លុប អ នៃអធិ) = ប្រជាធិ + បតិ>ប្បតិ(តម្រួត ប មុខ បតិ)= ប្រជាធិប្បតិ,
ប្រជាធិប្បតិ>ប្រជាធិប្បតេ + ណ្យ (ព្រឹទ្ធ ឥ នៃ តិ ជា ឯ ដោយអំណាចបច្ច័យដែលមាន ណ(ណ្យ), ណ្យ បច្ច័យជាបច្ច័យដែលមាន ណ ចុះហើយត្រូវលុប ណ ជានិច្ច, តម្រួត យ ខាងមុខ -្យ) = ប្រជាធិប្បតេយ្យ ។

ជាទីបញ្ចប់ ខ្ញុំសូមប្រគល់ជូននូវព្រះពុទ្ធតម្រាស់ចំពោះប្រជាជាតិខ្មែរជាទីស្រឡាញ់ដូចតទៅនេះ

សព្វំ រដ្ឋំ សុខំ សេតិ, រាជា ចេ ហោតិ ធម្មិកោ ។
ប្រជាពលរដ្ឋនឹងដេកជាសុខ ប្រសិនបើអ្នកដឹកនាំជាអ្នកប្រកបដោយធម៌ ។
All citizens will live happily if the government is righteous.

ព្រះត្រៃបិដកៈ ធម្មិកសូត្រ អង្គុត្តរនិកាយ ចតុក្កនិបាត

តាអារាមប៊យ
វិច្ឆិកា ១៩, ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram