សំយោជន៍ ១០

សំយោជន៍ ១០ (កិលេសដែលចងភ្ជាប់ចិត្តសត្វ, ធម៌ដែលចងក្រៀកសត្វទុកជាមួយទុក្ខ ឬចងកម្មទុកជាមួយផល – Sayojana: fetters; bondage)

ក. ឱរម្ភាគិយសំយោជន៍ ៥ (សំយោជន៍ខាងក្រោម យ៉ាងគ្រោតគ្រាត ប្រព្រឹត្តទៅក្នុងភពដ៏ទាប – Orambhāgiya-saṃyojana: lower fetters)
១. សក្កាយទិដ្ឋិ (ការឃើញថាជាខ្លួនរបស់ខ្លួន ដូចជាឃើញរូប វេទនា វិញ្ញាណថាជាខ្លួន ជាដើម                  – Sakkāyadiṭṭhi: personality view; false view of individuality)
២. វិចិកិច្ឆា (សេចក្ដីសង្ស័យ, សេចក្ដីស្ទាក់ស្ទើរ រារែកមិនជាក់ច្បាស់ចិត្ត – Vicikicchā: doubt; uncertainity)
៣. សីលព្វតបរាមាស (សេចក្ដីប្រកាន់មាំសីលនិងព្រត ដោយគ្រាន់តែធ្វើតាមៗគ្នាយ៉ាងងងឹតងងល់ យល់ថានឹងបរិសុទ្ធរួចផុតបានដោយសីលនិងព្រតប៉ុណ្ណោះ – Sīlabbataparāmāsa: adherence to rules and rituals)
៤. កាមរាគៈ (សេចក្ដីត្រេកត្រអាលក្នុងកាម, សេចក្ដីជាប់ចិត្តក្នុងកាមគុណ – Kāmarāga: sensual lust)
៥. បដិឃៈ (សេចក្ដីថ្នាក់ថ្នាំងចិត្ត, សេចក្ដីប៉ះទង្គុកចិត្តដោយសេចក្ដីក្រោធ, សេចក្ដីមួម៉ៅក្ដៅចិត្ត – Paṭigha: repulsion; irritation)

ខ. ឧទ្ធម្ភាគិយសំយោជន៍ (សំយោជន៍ខាងលើ យ៉ាងល្អិត ប្រព្រឹត្តទៅក្នុងភពដ៏ខ្ពស់ – Uddhambhāgiya-samyojana: higher fetters)
៦. រូបរាគៈ (សេចក្ដីជាប់ចិត្តក្នុងអារម្មណ៍នៃរូបឈាន ឬក្នុងរូបធម៌ដ៏ប្រណីត, សេចក្ដីប្រាថ្នាក្នុងរូបភព – Rūparāga: greed for fine-material existence; attachment to realms of form)
៧. អរូបរាគៈ (សេចក្ដីជាប់ចិត្តក្នុងអារម្មណ៍នៃអរូបឈាន ឬក្នងអរូបឈាន, សេចក្ដីប្រាថ្នាក្នុងអរូបភព – Arūparāga: greed for immaterial existence; attachment to formless realms)
៨. មានៈ (សេចក្ដីសម្គាល់ខ្លួន គឺប្រកាន់ខ្លួនជាយ៉ាងនេះយ៉ាងនោះ – Māna: conceit; pride)
៩. ឧទ្ធច្ចៈ (សេចក្ដីរាយមាយ – Uddhacca: restlessness; distraction)
១០. អវិជ្ជា (សេចក្ដីមិនដឹងពិត, សេចក្ដីវង្វេង – Avijjā: ignorance)

សំយោជន៍ ១០ ក្នុងក្រុមធម៌នេះ ជាគន្លងក្នុងព្រះសូត្រ ឬសុត្តន្តន័យ ព្រះបាលីក្នុងព្រះសូត្រនោះៗ មានប្លែកគ្នាអំពីនេះបន្ដិចបន្ដួច គឺខទី ៤ ជាកាមច្ឆន្ទ(សេចក្ដីពេញចិត្តក្នុងកាម – sensual desire) ខទី ៥ ជាព្យាបាទ (សេចក្ដីផ្គងចិត្តគុំកួន, បំណងអាក្រក់ – illwill) អត្ថន័យគឺដូចគ្នា ។

លំដាប់ការលះសំយោជន៍ទាំង ១០ នេះ សូមសិក្សា “មគ្គ ៤” បន្ដ ។
————————-

ព្រះអរិយបុគ្គលប្រភេទផ្សេងៗ (សេខៈ អសេខៈ អរិយបុគ្គល ៤, ៨, សមថយានិក វិបស្សនាយានិក ចេតោវិមុត្តិ បញ្ញាវិមុត្តិ ជាដើម) ដែលខ្ញុំបានផុស្ដរួចមកហើយនោះ លោកបានលះសំយោជនធម៌បានយ៉ាងដាច់ខាតជាសមុច្ឆេទបហានៈតាមសមគួរដល់ជាន់ថ្នាក់របស់លោក ក្នុងពេលខាងមុខ ខ្ញុំនឹងផុស្ដ “មគ្គ ៤” ដែលបង្ហាញប្រាប់លំដាប់ការលះសំយោជន៍ទាំង ១០ របស់ព្រះអរិយបុគ្គលនោះៗ ហើយខ្ញុំនឹងផុស្ដលម្អិតនៃ មានះ ៩ និងអវិជ្ជា ៨ ដែលជាសំយោជន៍ក្នុងផុស្ដនេះជាបន្ដបន្ទាប់ផងដែរ ។

សូមអញ្ជើញសិក្សាឱ្យកើតបុញ្ញរាសីនិងកើតសម្មាទស្សនៈក្នុងធម៌ឱ្យកាន់តែច្រើនឡើងៗជាលំដាប់ ។

តាអារាមប៊យ
២៥ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram