ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៦)

លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌
—————————
ចំណុចដែលត្រូវពិចារណាជាបឋម តាមទស្សនៈក្នុងពុទ្ធធម៌វិភាគបានថា បាតុភូតនៃជីវិតនិងលោក គឺ “ចិត្តដឹងអារម្មណ៍” នេះ សិក្ខាករគប្បីពិចារណាឱ្យយល់យ៉ាងច្បាស់លាស់ ព្រមទាំងត្រួតពិនិត្យឱ្យឃើញច្បាស់ដោយបទពិសោធន៍របស់ខ្លួន មុននឹងទទួលយល់ស្របតាម ទើបជាការសិក្សានិងបដិបត្តិតាមគន្លងនៃព្រះពុទ្ធសាសនា ។ ប្រសិនបើគ្រាន់តែត្រងត្រាប់ស្ដាប់ហើយចាំទុកនឹកគិតតាមទ្រឹស្ដីនោះ ក៏៍មិនខុសពីគន្លងរបស់អ្នកប្រាជ្ញទាំងឡាយ ដែលព្យាយាមនាំគ្នាគិតពីបញ្ហាមួយនេះតាមសតិបញ្ញារបស់ខ្លួន ហើយបានបង្កើតជាប្រព័ន្ធទស្សនវិជ្ជាផ្សេងៗ ច្រើនបែបក្នុងវង្វង់ក្របខ័ណ្ឌវិជ្ជាការនាសម័យបច្ចុប្បន្ននេះ ។

កម្រឹតលំដាប់ថ្នាក់ដំបូងក្នុងការសិក្សា មិនថារឿងអ្វីក៏ដោយ សិក្ខាករត្រូវតែថ្នឹកនឹងអ្វីៗគ្រប់បែបយ៉ាងដែលទាក់ទងដល់រឿងនោះៗ ដោយប្រើឧបករណ៍នៃការទទួលដឹងឮយ៉ាងមានប្រសិទ្ធភាព ។ ទ្វារនៃការទទួលដឹងឮលោកនិងជីវិតរបស់មនុស្សមាន ៦ ផ្លូវគឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ដែលចាត់ទុកថាជាដែនតភ្ជាប់ឬជាដែនកើតនៃសេចក្ដីចេះដឹងដែលមានខាងក្នុងរាងកាយ ហៅថា អាយតនៈខាងក្នុង ៦ ។ ចិត្តនិងអារម្មណ៍ដែលនឹងពោលពិពណ៌នាបែងចែកតាមសមគួរតទៅខាងមុខ សុទ្ធតែជារឿងដឹងបានដោយត្រង់ដោយអាយតនៈទាំង ៦ នេះ ដូច្នេះការហ្វឹកហាត់អប់រំអភិវឌ្ឍអាយតនៈទាំង ៦ នេះ ឱ្យបានជាមូលដ្ឋាននៃការទទួលដឹងឮដ៏ច្បាស់លាស់ មុតស្រួច និងត្រឹមត្រូវ ទើបជាលក្ខន្ដិកៈដ៏សំខាន់នៃការស្វែងយល់រឿងជីវិត ។

ក្នុងដំណើរជីវិតប្រចាំថ្ងៃ មនុស្សគ្រប់រូបស៊ាំនឹងអ្វីៗ ដែលលេចឡើងឱ្យបានដឹងឮតាមទ្វារ ៥ ពោលគឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត និងកាយ រួចហើយចិត្ត(មនោទ្វារ)ទទួលបន្ដយកមកតាក់តែងឱ្យកើតជា “ជីវិតនិងលោក” ដ៏វិចិត្រពិស្ដារ ទូលំទូលាយ មានមនុស្សសត្វដែលមានតួនាទីមានដំណើរជីវិតកើតចាស់ឈឺស្លាប់ ។ល។ កាលបើមនុស្សមិនអាចដឹងទាន់ មិនយល់នូវលោកដែលចិត្ត(មនោទ្វារ)តាក់តែងឡើងនេះ ក៏រមែងវង្វេងវង្វាន់ ស្ទុះស្ទា ស្រវាស្រទេញចាប់យក ឱបក្រសោប នូវភាពមាយាដែលជាទីប្រាថ្នា និងភ័យ ភ្ញាក់ ខ្លាច គេចវេះ កម្ចាត់ ស្អប់ខ្ពើម សុខនិងទុក្ខក៏កើតឡើងឱ្យបុគ្គលទទួលដឹងឮ និងសេពសោយខាងផ្លូវចិត្ត មនុស្សនិករនាំគ្នាវង្វេងវង្វាន់លង់ជាប់នៅក្នុងលោកដែលចិត្ត(មនោទ្វារ) ច្នៃតាក់តែងឡើងនោះ រហូតដរាបណាដែលមិនទាន់ដឹងទាន់ មិនយល់កិច្ចកលដំណើរប្រព្រឹត្តិទៅនៃធម្មជាតិនេះ ។

កាលបើបានពិនិត្យពិចារណាសត្វដទៃផ្សេងអំពីមនុស្ស ដែលមានច្រើនឥតគណនាក្នុងធម្មជាតិគ្រប់ទិសទី ឃើញថាសត្វទាំងឡាយនោះក៏មានផ្លូវ ៥ ជាទ្វារសម្រាប់ទទួលដឹងឮដូចគ្នាដែរ ប្លែកគ្នាតែត្រង់មានគ្រប់ឬមិនគ្រប់ទាំង ៥ ហើយនិងមានលក្ខណៈគុណភាពយ៉ាងណាៗនោះ អ្នកបច្ចេកវិជ្ជាបច្ចុប្បន្នអធិប្បាយថា ស្ថិតនៅលើវិវឌ្ឍនាការរបស់សត្វនោះៗ ។ ចំណុចសំខាន់ដែលសិក្ខាករគួរសង្កេតក្នុងលំដាប់ថ្នាក់នេះគឺ ទ្វារទាំង ៥ ឬអាយតនៈ ៥ រួមទាំងទ្វារទី ៦ គឺចិត្តនោះជាផ្លូវទទួលដឹងឮលោកនិងជីវិត ដូចគ្នាទាំងក្នុងពពួកមនុស្សនិងទាំងក្នុងពពួកសត្វ ចំណុចពិចារណាក្នុងរឿងនេះ ធ្វើឱ្យមានចំណេះចេះយល់ទាំងក្នុងរឿងរបស់មនុស្សនិងសត្វព្រមៗ គ្នា ។

អ្វីៗដែលនឹងចូលមកកាន់ទ្វារទាំង ៦ ឬពោលម្យ៉ាងទៀតថា អារម្មណ៍ដែលចិត្តដឹងនោះ មានច្រើនឥតគណនានិងវិចិត្រពិស្ដារក្រៃលែង គ្រាន់តែយើងបើកភ្នែកឡើងងាករេមើលជុំវិញខ្លួន ក៏នឹងឃើញពណ៌នៃវត្ថុផ្សេងៗ ទាំងជិតទាំងឆ្ងាយគ្មានទីបំផុត ទាំងមានចលនាប្រែផ្លាស់រាល់ពេលវេលា ។ ម្យ៉ាងទៀត ថ្វីបើការទទួលដឹងឮតាមទ្វារទាំង ៥ ត្រូវផ្ដាច់ មិនថាក្នុងខណៈដេកលក់ ឬខណៈគិតភ្នកដល់រឿងណាមួយ រហូតដល់មិនទទួលដឹងឮរឿងដទៃក៏ដោយ យើងក៏នៅតែមានលោកនៃការស្រមៃនិងចិន្ដនាការទាំងច្បាស់ និងទាំងស្រពេចស្រពិលជាអារម្មណ៍ឱ្យទទួលដឹងឮបានទៀត ។ បាតុភូតដ៏ច្រើនលើសលុបទាំងឡាយទាំងពួងគ្រប់ជ្រុងជ្រោយនេះអាចហៅថា ធម្មជាតិ ឬលោក ឬជីវិតនេះឯង ដែលប្រព័ន្ធទស្សនវិជ្ជាគឺមនុស្សនាំគ្នាគិតស្រាវជ្រាវព្យាយាមដើម្បីយល់រហូតមក បណ្ដាលឱ្យកើតជាទ្រឹស្ដីផ្សេងៗ ដែលប្រឆាំងប្រណាំងប្រជែងគ្នានិងគ្នា ឬក៏ផ្គត់ផ្គង់ផ្សារចូលគ្នាជាសកម្មភាពផ្នែកសតិបញ្ញារបស់មនុស្សដែលស្រេកឃ្លានចង់ដឹង ។ កាលបើវិទ្យាសាស្ដ្របានទទួលការអភិវឌ្ឍន៍ឡើង ទើបមានការនាំយករបៀបវិធីសាស្ដ្រ រួមទាំងឧបករណ៍មកប្រើធ្វើការវិភាគវិច័យដើម្បីស្វែងរកច្បាប់នៃបាតុភូតទាំងឡាយនេះផង ទើបរឿងរបស់ធម្មជាតិនៃលោកនិងជីវិតបានមកជាវិជ្ជាការទាំងផ្នែកទស្សនវិជ្ជា និងទាំងផ្នែកវិទ្យាសាស្ដ្រ ហើយមនុស្សព្យាយាមប្រមូលចំណេះចេះដឹងនិងការយល់ធម្មជាតិជាការសរុប ដើម្បីសម្រាប់ប្រើជាប្រយោជន៍ក្នុងការចង្អុលបង្ហាញលំអានបដិបត្តិថ្នាក់បុគ្គលនិងថ្នាក់សង្គម ។

នៅមានបន្ដ….

សម្រួលអត្ថបទដោយ តាអារាមប៊យ
១៥ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram