ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៧)
លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌
—————————–

ក្នុងសេចក្ដីព្យាយាមស្វែងរកខ្លឹមសារ ឬសច្ចធម៌ ឬច្បាប់ធម្មជាតិនេះ ផ្នែកទស្សនវិជ្ជានិងផ្នែកវិទ្យាសាស្ដ្រ មនុស្សបានអាស្រ័យសមត្ថភាពរបស់សតិបញ្ញានៃខ្លួន ក្នុងការគិតប្រកបដោយហេតុផលដូចគ្នា ដោយវិទ្យាសាស្ដ្រសង្កត់ទៅលើការពិសោធន៍និងសង្កេតការណ៍ ក្នុងការរួបរួមទិន្នន័យ ដើម្បីធ្វើការវិភាគមុននឹងបង្កើតសម្មតិកម្ម(hypothesis) និងក្នុងការអង្កេតពិនិត្យសម្មតិកម្មឬទ្រឹស្ដី(theory) ដែលជាការប៉ាន់ស្មានថា ច្បាប់ធម្មជាតិក្នុងរឿងនោះៗ តើដូចម្ដេច? ជ្រុងជ្រោយនេះអាចចាត់ថា វិទ្យាសាស្ដ្រជាទស្សនវិជ្ជាប្រភេទបដិបត្តិការ ដែលទទួលបានលទ្ធផលនាំទៅអភិវឌ្ឍផ្សំផ្គុំនិងវិជ្ជាឬបច្ចេកវិទ្យា ជាប្រយោជន៍ដល់ដំណើរជីវិតរបស់មនុស្ស ។ ទោះជាយ៉ាងណាក៏ដោយ ដោយហេតុថា វិទ្យាសាស្ដ្រយកចិត្តទុកដាក់សង្កត់ទៅលើការសិក្សាផ្នែកសារធាតុ តែព្រងើយកន្ដើយផ្នែកនាមធម៌រហូតមក ទើបលទ្ធផលទទួលបានជោគជ័យក្នុងក្របខ័ណ្ឌមានកំណត់ មិនអាចនឹងតបស្នងជាប្រយោជន៍ក្នុងក្របខ័ណ្ឌទូលំទូលាយចំពោះលោកនិងជីវិតបាន ។ ចំណែកខាងទស្សនវិជ្ជាវិញ បានកំណត់ក្របខ័ណ្ឌការសិក្សាស្រាវជ្រាវទូលំទូលាយ ឱបក្រសោបគ្របដណ្ដប់គ្រប់ជ្រុងជ្រោយនៃធម្មជាតិទាំងរូបធម៌និងនាមធម៌ ។ មនុស្សក្នុងយុគសម័យផ្សេងៗ និងសភាពសង្គមភូមិសាស្ដ្រវឌ្ឍនធម៌ ក៏បានប្រមូលផ្ដុំសតិបញ្ញាផ្ដោតទៅលើការគិតអំពីលោកនិងជីវិត ដោយប្រើវិធីពិចារណាច្រើនបែបយ៉ាង សាងប្រព័ន្ធទស្សនវិជ្ជាផ្សេងៗ ដើម្បីបង្ហាញនូវសច្ចធម៌ឬច្បាប់ធម្មជាតិជាលោកទស្សន៍និងជីវទស្សន៍នានាច្រើនរូបបែប និងព្យាយាមប្រើប្រាស់ឱ្យកើតជាប្រយោជន៍ដើម្បីចង្អុលនាំគន្លងការបដិបត្តិ ទាំងផ្នែកបច្ចេកបុគ្គលនិងផ្នែកសង្គមតរៀងមក ។

យោងតាមសេចក្ដីដែលបានរៀបរាប់មកទាំងអស់នេះសឱ្យឃើញថា អភិធម្ម ទស្សនវិជ្ជា និងវិទ្យាសាស្ដ្រ បានពិចារណាបញ្ហារឿងធម្មជាតិ លោក និងជីវិតដូចគ្នារៀងៗខ្លួន ។ អ្វីដែលសិក្ខាករត្រូវធ្វើ គឺការវិភាគឱ្យឃើញយ៉ាងជាក់ច្បាស់នូវភាពសមស្របគ្នា ឬភាពផ្សេងគ្នាក្នុងជ្រុងជ្រោយផ្សេងៗ ចាប់តាំងពីការចាប់ផ្ដើមកំណត់ចំណែកបញ្ហា វិធីការវិភាគ និងការស្វែងរកចំណេះចេះយល់ រហូតដល់បានចំណុចសរុប ។ ចំណុចដែលត្រូវប្រុងប្រយ័ត្នគឺ ត្រូវបែងចែកប្រព័ន្ធគំនិតនីមួយៗ ចេញពីគ្នាកុំឱ្យច្របូកច្របល់លាយឡំគ្នា ជាពិសេសការនាំយកស័ព្ទក្នុងប្រព័ន្ធមួយទៅប្រើជាមួយប្រព័ន្ធមួយទៀត ដែលធ្វើឱ្យបានទទួលហេតុផលឃ្លៀងឃ្លាត ឧទាហរណ៍ពាក្យថា ថាមពល ជាស័ព្ទបញ្ញត្តក្នុងប្រព័ន្ធវិទ្យាសាស្ដ្រ ដែលមាននិយមន័យកំណត់យ៉ាងច្បាស់លាស់ ពាក្យនេះមិនមានប្រើនិងមិនចាំបាច់ប្រើក្នុងប្រព័ន្ធអភិធម្ម ការនាំយកពាក្យនេះទៅប្រើដោយពោលថា “ចិត្តជាថាមពល” ជាការនាំយកគន្លងគំនិតពីរប្រព័ន្ធមកភ្ជាប់គ្នា ដែលមិនធ្វើឱ្យបានចំណេះវិជ្ជានិងការយល់ក្នុងរឿងចិត្តឬក្នុងរឿងថាមពលច្បាស់ឡើង ផ្ទុយទៅវិញ នឹងធ្វើឱ្យយល់ខុសនិងច្របូកច្របល់ទៅវិញ (គោលអភិធម្មចាត់ទុកថា ចិត្តជាធម្មជាតិពិត ត្រួតពិនិត្យបាន ចំណែកថាមពលជាសម្មតិកម្មម្យ៉ាងផ្នែកវិទ្យាសាស្ដ្រ ទើបចាត់ទុកថាជារបស់ប្រព័ន្ធផ្សេងគ្នា នៅក្នុងប្រព័ន្ធគំនិតផ្សេងគ្នា) ។

ការប្រាកដកើតឡើងផ្សេងៗ និងការប្រែផ្លាស់មិនចេះចប់នៃធម្មជាតិ ធ្វើឱ្យមនុស្សអ្នកគិតគ្រប់ប្រព័ន្ធព្យាយាមស្វែងរកការយល់ក្នុងផ្លូវណាមួយដែលនឹងបំបាត់នូវសេចក្ដីសង្ស័យ ជាអាទិ៍សំណួរថា ក្នុងចំណោមភាវៈមិនស្ថិតស្ថេរនៃវត្ថុទាំងពួងនេះ តើនឹងមានអ្វីមួយដែលទៀងទាត់មិនប្រែផ្លាស់ឬទេ? បើមាន វត្ថុនោះក៏គួរជាខ្លឹមសារពិតនៅខាងក្រោយជាតម្លៃក្នុងធម្មជាតិ ឬសំណួរអាចមានថា ការប្រែផ្លាស់ប្រួលប្រែដែលបាកដសង្កេតបាននេះប្រព្រឹត្តទៅតាមច្បាប់យ៉ាងណា មានច្បាប់ដែរឬទេ? បើមាន តើច្បាប់នោះឬទាំងអស់នោះ មានធុវភាព(ភាវៈទៀង)ពិតប្រាកដប៉ុន្មានដែរ? បើមានធុវភាពពិតប្រាកដ ក៏គួរចាត់ទុកថា ច្បាប់នោះឯងជាតួខ្លឹមសារពិតរបស់ធម្មជាតិ ។ ទាំងវិទ្យាសាស្ដ្រ និងទាំងទស្សនវិជ្ជាប្រព័ន្ធផ្សេងៗ ភាគច្រើនគេនាំគ្នាស្វែងរកការពិត ដែលគេជឿថាមាននៅខាងក្រោយបាតុភូតនៃជីវិតនិងលោក ដោយហៅថាជាច្បាប់ធម្មជាតិ ឬសច្ចធម៌ ឬការពិត ឬដោយឈ្មោះដទៃក៏តាម ក្រៅពីនេះ គេជឿទៀតថា ច្បាប់ធម្មជាតិប្រព្រឹត្តទៅតាមគោលការណ៍ដែលមនុស្សអាចសិក្សាដឹងបាន ដោយការប្រើគំនិតប្រកបដោយហេតុផលនិងការអង្កេតពិនិត្យដោយសង្កេតការណ៍ (ក្នុងករណីយ៍របស់វិទ្យាសាស្ដ្រ) ។ វិជ្ជាអភិធម្មបានសម្ដែងគោលការណ៍ពិតដែលគាំទ្រគំនិតបែបនេះក្នុងចំណែកខ្លះៗប៉ុណ្ណោះ ។

នៅមានបន្ត…….

សម្រួលអត្ថបទដោយ តាអារាមប៊យ
១៧ មីនា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram