ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៣)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៣)

កាលដែលអ្នកបួសសិទ្ធាថ៌បានត្រាស់ដឹងជាព្រះពុទ្ធ ហើយទ្រង់ចារិកប្រកាសព្រះសទ្ធម្មនោះ ចាត់ទុកបានថាចំណេះឈ្វេងយល់ដ៏ត្រឹមត្រូវក្នុងរឿងលោកនិងជីវិត ត្រូវបានប្រគល់ជូនឱ្យជាសម្បត្តិនិងមត៌ករបស់មនុស្សលោកហើយ ។ ពុទ្ធសាសនិកជនមានមុខនាទីសិក្សាពិចារណាពាក្យទូន្មានប្រៀនប្រដៅ ដែលត្រូវបានផ្ទេរតាមលំដាប់លំដោយធ្លាក់មកដល់យុគសម័យនៃខ្លួន ដើម្បីបង្អោនមកពិនិត្យអង្កេតឱ្យយល់ប្រត្យក្សជាក់ស្ដែង ដោយការប្រព្រឹត្តិបដិបត្តិក្នុងជីវិតរៀងៗខ្លួន ជាការប្រកាសពាក្យទូន្មានប្រៀនប្រដៅដែលទ្រង់សម្ដែងថាធម្មជាតិទាំងអស់ទាំងពួង ពោលគឺជីវិតជាយ៉ាងនេះៗ លោកជាយ៉ាងនេះៗ និងជាការអំពាវនាវអញ្ជើញថា អ្នកទាំងឡាយចូរអញ្ជើញមកពិចារណាពិសោធឱ្យឃើញពិតដោយខ្លួនឯងចុះ ។ ការឧប្បត្តិកើតឡើងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ ចាត់ថាជាជោគលាភដ៏វិសេសវិសាលសម្រាប់មនុស្សលោក ព្រោះមនុស្សបានទទួលនូវពន្លឺនៃបញ្ញាត្រាស់ដឹង ជាមត៌កដែលនឹងកម្ចាត់បង់អវិជ្ជាអន្ធការភាព និងជាប្រទីបឆ្លុះបំភ្លឺនាំផ្លូវជីវិតដ៏ត្រឹមត្រូវ ។

ក្នុងសង្គមដែលមិនទាន់បានទទួលដឹងយល់នូវអត្ថន័យដ៏សំខាន់ក្រៃលែងនៃពុទ្ធធម៌ មនុស្សដែលប្រឈមនឹងបញ្ហាជីវិតផ្សេងៗ ហើយមានបំណងនឹងយល់អំពីធម្មជាតិ បានខ្វល់ខ្វាយស្វែងរកចំណេះវិជ្ជា ដោយការប្រើសតិបញ្ញារបស់ខ្លួនដែលអាចធ្វើបាន ព្រមទាំងសង្កេតការណ៍បាតុភូតផ្សេងៗ ក្នុងរបៀបវិធីស្វែងរកចំណេះវិជ្ជាដែលមនុស្សទទួលស្គាល់និងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសម័យបច្ចុប្បន្ន មានការវិភាគទិន្នន័យ ដើម្បីរកសម្ពន្ធភាពរវាងកត្តាបំបែរ(អថេរ-)ផ្សេងៗ បន្ទាប់មកក៏ព្យាយាមប៉ាន់ស្មានថា សម្ពន្ធភាពនោះនឹងមានគោលការណ៍យ៉ាងណា ដោយស្នើជាសម្មតិកម្ម(ខសន្និដ្ឋាន)ឡើង រួចហើយក៏ធ្វើការពិសោធន៍សម្មតិកម្មនោះថា ត្រឹមត្រូវឬមិនត្រឹមត្រូវប៉ុណ្ណាដែរ ។

សម្មតិកម្មដែលតាំងឡើងដោយអាស្រ័យទិន្នន័យ ដែលត្រូវបានរើសយកមកវិភាគហើយនោះ យកមកពិសោធ ដោយនាំយកទៅប្រើសម្រាប់ព្យាករថា ក្នុងស្ថានការណ៍ផ្សេងៗគ្នានោះ បាតុភូតដែលនឹងកើតក្នុងពេលអនាគតនឹងកើតឡើងយ៉ាងណា ហើយចាំឃ្លាំត្រួតពិនិត្យដោយសង្កេតការណ៍ ។ ប្រសិនបើបាតុភូតកើតឡើងសមស្របនឹងការព្យាករណ៍ទុករួចមកហើយ ក៏អាចប្រកាន់យកថា ការប៉ាន់ស្មានឬសម្មតិកម្មនោះប្រហាក់ប្រហែលនឹងគោលការណ៍ពិតក្នុងធម្មជាតិ ។ ប្រសិនបើការព្យាករណ៍នោះខុសឃ្លាតឆ្ងាយ ក៏ព្យាយាមកែសម្មតិកម្មនោះដើម្បីពិសោធសាជាថ្មី រហូតបានសម្មតិកម្មដែលពិសោធបានច្រើនដងគ្រប់គ្រាន់ល្មមនឹងជឿជាក់អាចបង្កើតឡើងជាទ្រឹស្ដី សារុបយកជាការយល់របស់មនុស្សក្នុងរឿងនោះៗ ។ ប្រសិនបើបទពិសោធន៍របស់មនុស្សបានពង្រីកទំលំទូលាយច្រើនឡើង ហើយឃើញថាមានបាតុភូតជាច្រើនដែលសម្មតិកម្មទ្រឹស្ដីនោះ មិនអាចគ្របដណ្ដប់អធិប្បាយបានរឿងនោះបាន ក៏ចាំបាច់ត្រូវតែមានការកែឆ្នៃសាជាថ្មី ។

ទ្រឹស្ដីថ្មីដែលបានបង្កើតឡើងនោះ រមែងគ្របដណ្ដប់រួមយកទ្រឹស្ដីចាស់ផងជាចំពោះករណីពិសេសេ ឬជាទ្រឹស្ដីដែលប្រើបានក្នុងកម្រឹតថ្នាក់ដែលសង្កេតការណ៍នៅមិនទាន់ល្អិតល្អន់ច្បាស់លាស់ ទ្រឹស្ដីថ្មីបង្ហាញច្បាប់ធម្មជាតិក្នុងក្របខ័ណ្ឌទូលំទូលាយនិងជ្រាលជ្រៅជាង ។ វិវឌ្ឍនាការនៃវិជ្ជាការសម័យបច្ចុប្បន្នរបស់មនុស្ស មានវិទ្យាសាស្ដ្រនិងសង្គមសាស្ដ្រជាដើម មានលក្ខណៈដំណើរការដូចបានពោលមកនេះ ទើបចាត់ទុកថាជាផលអំពីការដែលមនុស្សប្រើសតិបញ្ញាក្នុងសេចក្ដីព្យាយាមប៉ាន់ស្មានឬព្យាករធម្មជាតិថាមានច្បាប់យ៉ាងណា ? ។

នៅមានបន្ដ……..

សម្រួលអត្ថបទដោយតាអារាមប៊យ
៤ មីនា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram