វិថីចិត្ត (២)

វិថីចិត្ត (២)

១- ពេលទទួលដឹងអារម្មណ៍នីមួយៗ តើចិត្ដមួយដួងៗដែលកើតឡើងទទួលអារម្មណ៍នោះ មានដំណើរការយ៉ាងណាដែរ?
២- ការទទួលផលកម្ម(កម្មវិបាក)ដែលជាសកម្មភាពនៃកាយ-វាចា-ចិត្ត ដែលបានប្រព្រឹត្តកន្លងរួចទៅហើយនោះនៅកន្លែងណា?
៣- ចិត្ដសេពសោយបុណ្យ-បាបកើតឡើងនិងបង្កប់ជាប់ជាមួយយើងទុកនៅត្រង់ណា?

ការសិក្សាស្វែងយល់អំពីវិថីចិត្តនឹង
១- ជួយឱ្យយល់អំពីតួជីវិតមនុស្សសត្វកាន់តែស៊ីជម្រៅ
២- ជួយឱ្យយល់រឿងផលនៃកម្មកាន់តែច្បាស់ឡើង
៣- ជួយបង្កើនបញ្ញា
៤- ជួយបង្កើនសទ្ធាទៅលើគោលការណ៍ពុទ្ធធម៌
៥- ព្រមទាំងបានឃើញព្រះបញ្ញាញាណដ៏មហស្ចារ្យនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ទៀតផង ។

ក្នុងព្រះពុទ្ធសាសនា លោកបានសម្ដែងវិថីចិត្ដប្រភេទផ្សេងៗ ទុកគ្រប់ជ្រុងជ្រោយ មានៈ
– កាមវិថី វិថីចិត្ដដែលទទួលដឹងកាមអារម្មណ៍
– សុបិនវិថី វិថីចិត្តដែលយល់សប្ដិ
– វិថីចិត្តរបស់ទារក
– អប្បនាវិថី វិថីចិត្តក្នុងឈាន
– លោកិយអប្បនា និង លោកុត្តរអប្បនា
– សមាបត្តិវិថី
– អភិញ្ញាវិថី ….. ។ល។

កាលលើកមុនបាននិយាយអំពីវិសយប្បវត្តិ (ការប្រព្រឹត្តិទៅនៃអារម្មណ៍)ចែកចេញជា ២ យ៉ាងគឺ
១. វិសយប្បវត្តិក្នុងបដិសន្ធិកាល គឺការប្រព្រឹត្តិទៅនៃអារម្មណ៍ក្នុងខណៈចាប់បដិសន្ធិ
២. វិសយប្បវត្តិក្នុងបវត្តិកាល ការប្រព្រឹត្តិទៅនៃអារម្មណ៍ក្នុងខណៈរបស់ជីវិតបន្ដពីខណៈបដិសន្ធិរហូតដល់ចុតិចិត្ដ(ចិត្តចុងក្រោយសម្រាប់បច្ចុប្បន្នភព) មាន ៦ យ៉ាង បែងចែកជាអារម្មណ៍តាមបញ្ចទ្វារ និងអារម្មណ៍តាមមនោទ្វារ ។

អារម្មណ៍ដែលប្រព្រឹត្តទៅតាមវិថីចិត្តក្នុងបញ្ចទ្វារមាន ៤ ប្រភេទគឺ
១. អតិមហន្ដារម្មណ៍
២. មហន្ដារម្មណ៍
៣. បរិត្តារម្មណ៍
៤. អតិបរិត្តារម្មណ៍
និងអារម្មណ៍ដែលប្រព្រឹត្តទៅក្នុងមនោទ្វារមាន ២ គឺ
១. វិភូតារម្មណ៍
២. អវិភូតារម្មណ៍

កាមវិថី
– ថ្ងៃនេះនឹងនិយាយអំពី ១. អតិមហន្តាម្មណ៍ ដោយសង្ខេប
អតិ(ក្រៃលែង)+មហន្ដ(ធំ)+អារម្មណ៍ = អតិមហន្ដារម្មណ៍ គឺបញ្ចារម្មណ៍(អារម្មណ៍៥) បានដល់រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ។ ចិត្តអាចទទួលអារម្មណ៍ប្រភេទនេះបានច្រើនបំផុត ព្រោះអាស្រ័យបច្ច័យច្រើនប្រការ ឧទាហរណ៍ រូបារម្មណ៍ដែលនឹងមានភាពច្បាស់លាស់បំផុតបាននោះ ត្រូវអាស្រ័យអង្គប្រកប គឺ ១-ចក្ខុប្រសាទល្អ, ២-មានពន្លឺល្អ, ៣-មានរូបារម្មណ៍ ៤-និងមានការយកចិត្តទុកដាក់(មនសិការ)នឹងមើលរូបារម្មណ៍នោះ ទើបមានកម្លាំងខ្លាំងក្លាបំផុត ។
សទ្ធារម្មណ៍, គន្ធារម្មណ៍, រសារម្មណ៍, និងផោដ្ឋព្វារម្មណ៍ ក៏ប្រព្រឹត្តទៅមានទំនងដូចគ្នានឹងរូបារម្មណ៍យ៉ាងនេះដែរ កាលបើបានទទួលបច្ច័យតាមសមគួរ អារម្មណ៍នោះៗ ក៏នឹងមានកម្លាំងខ្លាំងក្លា ធ្វើឱ្យចិត្តដឹងបានច្បាស់លាស់បំផុត ។
បញ្ចារម្មណ៍(អារម្មណ៍៥)ដែលប្រាកដឱ្យដឹងបានច្បាស់លាស់បំផុតដូច្នេះហៅថា អតិមហន្ដារម្មណ៍ ។

ដំណើរការរបស់ចិត្តដែលកើតឡើងទទួលអារម្មណ៍នីមួយៗ
មុននឹងនិយាយអំពីដំណើរការរបស់ចិត្ត យើងត្រូវចាំនិងយល់ឱ្យច្បាស់ថា ចិត្តកើតឡើងម្ដងមួយ មិនមានចិត្តកើតឡើងម្ដង ២ ឬ ៣ ក្នុងខណៈតែមួយជាមួយគ្នាឡើយ ឧទាហរណ៍ នៅពេលយើងអង្គុយមើលទូរទស្សន៍ យើងបើកកង្ហាល់បក់ផង យើងអាចយល់ថា យើងកំពុងឃើញផង ឮផង និងដឹងខ្យល់ពីកង្ហាល់ដែលបក់មកប៉ះកាយផងក្នុងខណៈជាមួយគ្នា និយាយភាសាសាមញ្ញថា ហាក់ដូចជាចិត្តឃើញ ចិត្តឮ និងចិត្ដដឹងខ្យល់ប៉ះកាយកើតឡើងក្នុងខណៈព្រមគ្នាតែម្ដង តាមការពិតមិនដូច្នេះទេ វាកើតម្ដងមួយៗផ្សេងៗគ្នា មិនកើតព្រមគ្នាទេ តែដោយហេតុថាវាកើតរលត់រហ័សក្រៃពេក ទើបយើងគិតថាវាកើតព្រមគ្នា មានអ្នកវិទ្យាសាស្ដ្រមកសិក្សាព្រះអភិធម្មហើយ បានគិតល្បឿនរបស់ចិត្តទុកទ្រួសៗថា អាយុរបស់ចិត្ត ១ ដួងស្មើនឹង ¼ x 10-12 វិនាទី ឬ ១ វិនាទីចិត្តកើតរលត់ 1012 (=១.០០០.០០០.០០០.០០០ខណៈ នេះគិតតាមគោលព្រះអភិធម្មដែលថា ក្នុងរយៈផ្ទាត់ម្រាមដៃម្ដង ចិត្តកើតរលត់សែនកោដ្ឋិខណៈ ដោយគិតថារយៈវេលាប៉ុណ្ណេះជា ១/៤ វិនាទី) ។

បើនិយាយជាភាសាវិជ្ជាការ ត្រូវនិយាយថា ចក្ខុវិញ្ញាណ(ចិត្តឃើញ)ដឹងរូបារម្មណ៍ សោតវិញ្ញាណ(ចិត្តឮ)ដឹងសំឡេង និងកាយវិញ្ញាណ(ចិត្តដឹងខ្យល់ប៉ះកាយ)ដឹងផោដ្ឋព្វារម្មណ៍ កើតក្នុងខណៈផ្សេងៗគ្នា ។ អ្នកសិក្សាត្រូវតែយល់ភាសាវិជ្ជាការនេះផងដែរ ទើបទៅអានគម្ពីរឬស្ដាប់ការសម្ដែងធម៌ដែលប្រើភាសាវិជ្ជាការយល់បាន ។

សូមបន្ដពេលខាងមុខ
តាអារាមប៊យ ២៤ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram