មិលិន្ទបញ្ហា(៥)

Milinda’s Questions(5)

– ទស្សនៈអ្នកប្រាជ្ញចំពោះគម្ពីរមិលិន្ទបញ្ហា(ត)

វី. ត្រេងក៍នើរ៍ (V. Trenckner) ដែលជាអ្នកបរិវត្តមិលិន្ទបញ្ហាចេញជាតួអក្សររ៉ូម៉ង់មុនគេ (ព.ស. ២៤២៣ គ.ស. ១៨៨០) បានពោលថា មិលិន្ទបញ្ហាត្រូវបានរចនាឡើងប្រហែលគ្រិស្ដសករាជទី ១ ហើយបានសន្និដ្ឋានថា ច្បាប់ដើមជាភាសាសំស្ក្រឹត ព្រោះប្រើពាក្យចាប់ផ្ដើមថា “តម យថា នុសូយត” ជំនួសការប្រើពាក្យដែលនិយមប្រើក្នុងគម្ពីរបាលីទូទៅថា “ឯវម្មេ សុតំ” និងបានពោលទៀតថា គម្ពីរដែលរចនាឡើងនៅឥណ្ឌាខាងជើង ដែលជាដែនដីនៅក្នុងការគ្រប់គ្រងរបស់ព្រះបាទមេន័នដើរ៍(មិលិន្ទ) មើលទៅមិនគួរនឹងមានអ្វីទាក់ទងនឹងសិរីលង្កា(1) ។

(1) Forward by prof. Nalinaksha Dutt, Milindapanha and Nagasenbhikshusutra by Dr. Thich Minh Chau Bhikkhu, Calcutta, 1964.

សូមស្លេះទស្សនៈអ្នកប្រាជ្ញទុកត្រឹមនេះសិន បើមានឱកាសនឹងនាំមកស្នើជូនជាការសិក្សាបន្ដទៀត ។
————————–

សូមនាំសំណួរទី ២ ដែលព្រះបាទមិលិន្ទបានសួរកាលពីបានជួបនឹងព្រះនាគសេនក្នុងគ្រាដំបូង មានសេចក្ដីដូចតទៅនេះ

ព្រះរាជាត្រាស់សួរថា “លោកម្ចាស់ប៉ុន្មានវស្សាហើយ ?”
ព្រះថេរៈទូលតបថា “អាត្មាភាព ៧ វស្សាហើយ”
រ. អ្វីទៅឈ្មោះថា ៧ វស្សា ? លោកម្ចាស់ឈ្មោះថា ៧ វស្សា ឬការរាប់ឈ្មោះថា ៧ វស្សា ?

នាពេលនោះ ព្រះឆាយា(ស្រមោល)របស់ព្រះរាជាដែលទ្រង់លម្អដោយគ្រឿងអលង្ការខត្តិយរាជ ចោលស្រមោលទៅប្រាកដនៅលើផ្ទៃដី និងប្រាកដនៅនឹងឆ្នាំងទឹក ។

ថ. ព្រះឆាយារបស់ព្រះអង្គនេះ ប្រាកដនៅលើផ្ទៃដីនិងនៅឆ្នាំងទឹក, តើព្រះអង្គជាព្រះរាជា ឬមួយព្រះឆាយាជាព្រះរាជា ?
រ. ខ្ញុំកូណាជាព្រះរាជា, ស្រមោលនេះមិនមែនជាព្រះរាជាទេ, ក៏ប៉ុន្ដែស្រមោលនេះអាស្រ័យខ្ញុំកូណាប្រព្រឹត្តទៅ ។
ថ. ខនេះយ៉ាងណា ការរាប់វស្សាឈ្មោះថា ៧ វស្សា, អាត្មាភាពមិនមែនឈ្មោះថា ៧ វស្សាទេ, ក៏ប៉ុន្ដែពាក្យថា ៧ វស្សានេះ អាស្រ័យអាត្មាភាពប្រព្រឹត្តទៅ ដូចស្រមោលរបស់ព្រះអង្គដូច្នោះឯង ។
រ. លោកម្ចាស់ពោលដោះប្រស្នាជាទីអស្ចារ្យមែន គួរជាទីចម្លែកពេកណាស់ បញ្ហាដែលលោកម្ចាស់ដោះស្រាយវិចិត្រពេកណាស់ ។

———————-

ប្រភពៈ មិលិន្ទបញ្ហា- វស្សាគហនប្បញ្ហាទី ២

ប្រែសម្រួលដោយ តាអារាមប៊យ
២៦ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram