តបក្នុងបាទខាងដើម

តបក្នុងបាទខាងដើម

សុន្ទរីយារម្មណ៍របស់ប្រាជ្ញកវីផ្នែកសទ្ទសាស្ដ្រមានមកតាំងពីបុរាណកាល ដូចបទនិពន្ធដែលលោកបានបន្សល់ទុកក្នុងគម្ពីរផ្សេងៗ ជាច្រើនឱ្យយើងបានសិក្សាស្វែងយល់ ។

ក្រៅពីបទនិពន្ធដែលជាធម៌អាថ៌ ឬគតិវចនៈផ្សេងៗ ពេលខ្លះលោកបាននិពន្ធអ្វីៗដែលមិនតឹងតែងក្នុងអារម្មណ៍ខ្លាំងពេក ដើម្បីជាការបន្ធូរបន្ថយអារម្មណ៍ឱ្យកំសាន្ដសប្បាយ ដូចបទនិពន្ធដែលខ្ញុំនឹងលើកយកមកជូនប្រិយមិត្រអានកំសាន្ដខាងក្រោមនេះ

បទនិពន្ធឆន្ទបែបនេះ មានឈ្មោះថា “តបក្នុងបាទខាងដើម=អាទិបាទោត្តរ” (អាទិ=ខាងដើម, បាទ=បាទ, ឧត្តរ=ពាក្យតប) បានសេចក្ដីថា ក្នុងបាទខាងដើមលោកនិពន្ធជាចម្លើយ ចំណែកបាទខាងចុងជាសំណួរ មានតួយ៉ាងដូចតទៅនេះ

ភូទកំវាយុ យតិន្ទោ…….. កា សត្តេ ធរណិញ្ច កំ
ធារេតិ កោ ជលំ សីលំ….. កោ កោ ទសពលំ វទ ។

ប្រែតាមដែលមើលឃើញតាមលំដាប់ថា

(បាទទី ១) ផែនដី ទឹក ខ្យល់ ភិក្ខុ ព្រះចមសង្ឃ (ចម្លើយ)
(បាទទី ២) អ្វីទ្រទ្រង់សត្វទាំងឡាយទុក អ្វីទ្រទ្រង់ធរណី
(បាទទី ៣) អ្វីទ្រទ្រង់ទឹក អ្នកណាទ្រទ្រង់សីល
(បាទទី ៤) អ្នកណាទ្រទ្រង់កម្លាំង ១០? សូមលោកសម្ដែងថ្លែងតបមក ។

———————

បើអានតាមដែលលោកថា បាទខាងដើមគឺចម្លើយ បាទខាងចុងគឺសំណួរ យើងអាចចាត់ជាសំណួរ-ចម្លើយដូចតទៅនេះ

សួរ. កា សត្តេ ធារេតិ អ្វីទ្រទ្រង់សត្វទាំងឡាយ?
តប. ភូ ផែនដី

សួរ. កំ ធរណឹ ធារេតិ អ្វីទ្រទ្រង់ធរណី?
តប. ឧទកំ ទឹក

សួរ. កោ ជលំ ធារេតិ អ្វីទ្រទ្រង់ទឹក?
តប. វាយុ ខ្យល់

សួរ. កោ សីលំ ធារេតិ អ្នកណាទ្រទ្រង់សីល?
តប. យតិ ភិក្ខុ

សួរ. កោ ទសពលំ ធារេតិ អ្នកណាទ្រទ្រង់កម្លាំង ១០?
តប. ឥន្ទោ ព្រះចមសង្ឃ(ព្រះពុទ្ធ)

បាទទី ១ ជាចម្លើយ គឺ ភូទកំវាយុ យតិន្ទោ
បាទនេះកាត់បំបែកសន្ធិចេញជា
ភូ(ផែនដី) + ឧទកំ(ទឹក) + វាយុ(ខ្យល់) + យតិ(ភិក្ខុ) + ឥន្ទោ(ចម, អ្នកជាធំ)

—————————-

លោកបានពន្យល់ការចងក្រងបែបនេះទុកថា

ពន្ធស្ស អាទិបាទម្ហិ…….. ឧត្តរំ យស្ស សណ្ឋិតំ
អាទិបាទោត្តរន្ត្យេតំ…….. វិញ្ញេយ្យំ ពន្ធវិញ្ញុនា ។

សូមប្រែបែបលោតប្រយោគដើម្បីឱ្យអ្នកបាលីបានឃើញច្បាស់
ឧត្តរំ រីពាក្យតប, យស្ស ពន្ធស្ស នៃពន្ធៈ(ការចងក្រង)ណា, សណ្ឋិតំ គឺលោកតាំងទុកហើយ, អាទិបាទម្ហិ ក្នុងបាទខាងដើម ។ ឯតំ ពន្ធំ រីពន្ធៈនោះ, ពន្ធវិញ្ញុនា គឺអ្នកដឹងពន្ធៈ, វិញ្ញេយ្យំ គប្បីជ្រាបថា, អាទិបាទោត្តរំ ឥតិ ឈ្មោះថា តបក្នុងបាទខាងដើម ។

ប្រែដោយអត្ថថា
ចម្លើយនៃពន្ធៈ(ការចងក្រង)ណា ដែលលោករៀបទុកហើយ ក្នុងបាទខាងដើម, ពន្ធៈនោះ លោកអ្នកចេះពន្ធៈគប្បីជ្រាបថា ឈ្មោះថា ចម្លើយក្នុងបាទខាងដើម ។

(អាទិបាទោត្តរន្ដ្យេតំ កាត់បទចេញជា អាទិបាទោត្តរំ ឥតិ ឯតំ ។ ផ្លាស់និគ្គហិត(ំ)ជាអក្សរចុងវគ្គរបស់ ត គឺ ន, លុប ឥ(តិ) រួចព្រឹទ្ធិ ិ(លើ តិ)ជា អ្យ សម្រេចរូបជា អាទិបាទោត្តរន្ដ្យ+ឯតំ សម្រេចរូបជា អាទិបាទោត្តរន្ដ្យតំ)
ពន្ធវិញ្ញុនា ខ្ញុំសរសេរ ញ ជើង ញ ប៉ុន្ដែក្នុងហ្វេសប៊ុកវាចេញមកអត់មានជើង ញ ទៅវិញ

នេះគឺការកំសាន្តសប្បាយរបស់ប្រាជ្ញកវី ៣ ខខាងដើមជារឿងស្រទបផែនដីដែលមានចែងទុកក្នុងអដ្ឋកថា?
សូមប្រិយមិត្រតាំងកុសលចេតនាកំសាន្ដសប្បាយជាមួយបទកវីនិពន្ធរបស់លោកផងចុះ
សូមអរគុណ

តាអារាមប៊យ
៥ ឧសភា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram