ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤)

អត្ថបទទី (៣)… បាននិយាយអំពីវិវឌ្ឍនាការនៃវិជ្ជាការសម័យបច្ចុប្បន្នក្នុងការស្វែងរកសច្ចធម៌នៃធម្មជាតិឱ្យយល់ដោយសង្ខេប លំដាប់តទៅនេះ នឹងងាកមកពិចារណាពុទ្ធធម៌ក្នុងការសម្ដែងអំពីសច្ចធម៌របស់ធម្មជាតិ តើទស្សនៈព្រះពុទ្ធសាសនាបានសម្ដែងទុកយ៉ាងណា ? [ដើម្បីឱ្យយល់សេចក្ដីនៃអត្ថបទបានល្អ គប្បីអានតាំងពីអត្ថបទទី (១) (២) និង (៣) ផង]
———————-
ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (៤)

ពុទ្ធធម៌មិនមែនជាការប៉ាន់ស្មាន ឬជាការព្យាករណ៍ច្បាប់ធម្មជាតិថាជាយ៉ាងណា គោលធម៌ដែលព្រះពុទ្ធបានសម្ដែងទុក មិនមែនជាទ្រឹស្ដីឬសម្មតិកម្ម(ខសន្និដ្ឋាន)តាមបែបវិទ្យាសាស្ដ្រ ឬបែបវិជ្ជាការសម័យបច្ចុប្បន្ន តែជាវិជ្ជាដែលជាមត៌កដែលកើតអំពីការត្រាស់ដឹងនៃព្រះពុទ្ធជាម្ចាស់ ដើម្បីឱ្យយើងបានត្រួតពិនិត្យភាពត្រឹមត្រូវ និងដើម្បីប្រើសម្រាប់ជាប្រយោជន៍ក្នុងជីវិតបច្ចុប្បន្ន ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់ដឹងនូវអ្វីទាំងឡាយទាំងពួងតាមការពិត មិនមែនទ្រង់ប៉ាន់ស្មានថា ធម្មជាតិគួរមានច្បាប់យ៉ាងណា ដូចអ្នកវិទ្យាសាស្ដ្រក្នុងសម័យបច្ចុប្បន្នទេ ភាពខុសផ្សេងពីគ្នានេះ សិក្ខាករគួរកំណត់ឱ្យច្បាស់លាស់ជាដំបូង ដើម្បីការពារការប្រៀបធៀបដែលនឹងធ្វើឱ្យយល់ខុស ឬយល់ឃ្វៀងឃ្លាតដែលក្នុងករណីខ្លះពោលថាជាទ្រឹស្ដីនិងគោលធម៌ក្នុងពុទ្ធសាសនាជាដើម ។

អភិធម្មជាប្រព័ន្ធចំណេះវិជ្ជាក្នុងរឿងធម្មជាតិសព្វសារពើទាំងអស់ ជាបាតុភូតដែលមនុស្សនឹងឈ្វេងយល់បានដោយសតិបញ្ញាតាមលំដាប់ថ្នាក់ផ្សេងៗ ដែលខ្លួនអាចអភិវឌ្ឍឱ្យសម្រេចបានហើយនោះ ។ ប្រព័ន្ធចំណេះវិជ្ជានេះមានភាពបរិបូណ៌ដោយខ្លួនឯង មិនចាំបាច់អាស្រ័យការគាំទ្រអំពីវិទ្យាសាស្ដ្រឡើយ ហេតុដូច្នេះ មិនជាការចាំបាច់ដែលសិក្ខាករនឹងកង្វល់ចិត្តថា គោលធម៌ណាមួយនឹងសមស្រប ឬមិនសមស្របជាមួយគោលវិទ្យាសាស្ដ្រ ឬទ្រឹស្ដីវិទ្យាសាស្ដ្រយ៉ាងណានោះទេ ។ ដោយពិតទៅ នៅមានរឿងរ៉ាវជាច្រើនដែលវិទ្យាសាស្ដ្រនៅមិនទាន់យល់ ។ ជាពិសេស លំដាប់ថ្នាក់ជាន់ដំបូងនៃការសិក្សាអភិធម្ម សិក្ខាករគួរគប្បីពិចារណាគោលធម៌តាមប្រព័ន្ធវិធីរបស់អភិធម្ម្ វិធីនេះនឹងអាចការពារភាពច្របូកច្របល់ការយល់ខុសដែលកើតអំពីការប្រៀបធៀបបាន ។

បុគ្គលទទួលដឹងឮអត្ថិភាពនៃអ្វីៗទាំងឡាយបានដោយទ្វារ គឺភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ និងចិត្ត ចំណេះវិជ្ជាដែលអភិធម្មបានសម្ដែងទុកយើងអាចត្រួតពិនិត្យមើលបាន ពីព្រោះមិនមែនជាអ្វីដែលនៅក្រៅវិស័យរបស់ទ្វារទាំង ៦ នេះឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ធម្មជាតិអាចបែងចែកបានជាច្រើនលំដាប់ថ្នាក់ គ្រោតគ្រាត ល្អិត ផ្សេងៗ គ្នា ប្រភេទនីមួយៗ ជាវិស័យនៃទ្វារនីមួយៗ ការដឹងឮនឹងកើតមានបានលុះត្រាតែទ្វារសមគួររវាងគ្នានិងគ្នា ។ ដោយហេតុថាអភិធម្មជាវិជ្ជាស្ដីអំពីរឿងធម្មជាតិសព្វសារពើទាំងអស់ និងត្រូវមានការត្រួតពិនិត្យមើល ដូច្នេះការសិក្សាអភិធម្មដែលសម្បូណ៌បែប គប្បីទន្ទឹមគ្នាទៅព្រមជាមួយការបដិបត្តិ ដ៏មានអត្ថន័យដល់ការអភិវឌ្ឍន៍គុណភាពចិត្តនិងសតិបញ្ញា ដើម្បីប្រើការសង្កេតពិចារណានូវអ្វីៗ ដែលបានពោលមកហើយឱ្យបានច្បាស់លាស់ ។

ការអញ្ជើញឱ្យបុគ្គលប្រឈមការត្រួតពិនិត្យមើលការពិតនៃគោលធម៌ដោយខ្លួនឯងនេះ ជាលក្ខណៈដែលធ្វើឱ្យអភិធម្មផ្សេងគ្នាពីប្រព័ន្ធទស្សនវិជ្ជាផ្សេងៗ ដែលទូទៅជាការប្រើការគិតដោយហេតុផលប៉ាន់ស្មានថាតើការពិតគឺយ៉ាងណា ។ អភិធម្មមានគោលការណ៍ដូចគ្នានឹងវិទ្យាសាស្ដ្រ ចំពោះចំណុចដែលនឹងត្រូវធ្វើការសាកពិសោធន៍ត្រួតពិនិត្យមើលសំណើ ដោយការសាកពិសោធន៍និងសង្កេតការណ៍ ។ ប្រតិបត្តិការផ្នែកអភិធម្ម ឬការបដិបត្តិធម៌បានដល់ការប្រើសតិបញ្ញាដែលបានអភិវឌ្ឍរួចហើយនោះ ត្រួតពិនិត្យមើលសភាវៈក្នុងជីវិតពិត តាមសមត្ថភាពក្នុងកម្រឹតនីមួយ ៗ នៃជម្រៅធម៌ ។

នៅមានបន្ដ….

សម្រួលអត្ថបទដោយ តាអារាមប៊យ
១២ មីនា ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram