ល្បែងកំសាន្ដខួរក្បាល

ល្បែងកំសាន្ដខួរក្បាល
កាលពីខ្ញុំនៅជាសិស្សសាលា ខ្ញុំធ្លាប់លេងទាយលេខ មិនដឹងថាកូនក្មួយក្មេងៗ ធ្លាប់លេងដូចខ្ញុំដែរឬទេ ? មុននឹងបង្ហាញវិធីលេង ខ្ញុំសូមពន្យល់លេខបន្ដិច…..
លេខ “នព្វន្ត” គឺអ្វី ?
នព្វន្ត = នព > នវ + អន្ត (នវ=៩, អន្ត=ទីបំផុត/ខាងចុង) ក្នុងភាសាខ្មែរអាចដូរ វ ជា ព ឬ ព ជា វ បាន

ដូច្នេះលេខនព្វន្ត ប្រែថា លេខដែលមាន “៩ ជាទីបំផុត” ។ លេខដែលច្រើនជាង ៩ ចាប់ពី ១០ ឡើងទៅដល់ច្រើនប៉ុន្មានក៏ដោយ យើងអាចបូកវាចូលគ្នាហើយសងនឹងខ្លួនវា នឹងបាន ៩ ដដែល ឧ. 10, 11, 12 ។ល។

10 គឺបូក 1+0 = 1 យក 1 ទៅសងនឹងខ្លួនវា 10 – 1 = 9
11 គឺបូក 1+1 = 2 យក 2 ទៅសងនឹងខ្លួនវា 11 – 2 = 9
12 គឺបូក 1+2 = 3 យក 3 ទៅសងនឹងខ្លួនវា 12 – 3 = 9

បើលេខច្រើន សងរួចហើយបានលេខជា ២ ខ្ទង់ឬច្រើនជាងនេះ ត្រូវបូកលេខលទ្ធផលដែលបាននោះបូកហើយបូកទៀត ឱ្យនៅសល់លេខតែ ១ លេខ “ទីបំផុត”នឹងបានលទ្ធផលជា “៩ ជាទីបំផុត” ដដែល ។
សូមមើល 25, 2314 ជាឧទាហរណ៍ដូចតទៅនេះ

25 គឺបូក 2+5 = 7, យក 7 ទៅសងនឹងខ្លួនវា 25 – 7 = 18, យក 1 + 8 = 9
2,314 គឺបូក 2+3+1+4 = 10, យក 10 ទៅសងនឹងខ្លួនវា 2,314–10 = 2,304, យកទៅបូកទៀតគឺ 2+3+0+4 = 9
————————————————

វិធីលេង​លាក់លេខ៖

រកអ្នកលេងជាមួយប៉ុន្មានអ្នកក៏បាន ប្រាប់ថាយើងនឹងទាយលេខដែលអ្នកលាក់ទុក ១ លេខថាជាលេខអី? ទាយមិនឱ្យខុសដាច់ខាត ប៉ុន្ដែមានលក្ខ័ណ្ឌមួយ គឺលេខ ០ ឬ ៩ យើងអាចទាយថាលេខមួយណាក៏បាន ចាត់ថាត្រូវដូចគ្នា (គឺបើគេលាក់លេខ ៩ យើងទាយថាលេខ ០ ឬគេលាក់លេខ ០ យើងទាយថាជាលេខ ៩ ក៏ចាត់ថាត្រូវដូចគ្នា)

មុនដំបូងលេងទាយលេខតិចៗ លេង ២ ខ្ទង់សិនក៏បាន ព្រោះស្រួលគិត បើច្រើនលេខទាល់តែយើង
ប្រើក្រដាស់គិតដែរ ឧ. ឱ្យគេសរសេរលេខតាមចិត្តដែលគេចង់សរសេរ ដោយមិនបាច់ឱ្យយើងដឹងឮអ្វីទាំងអស់ ហើយឱ្យគេបូកលេខនោះចូលគ្នា បូកបានប៉ុន្មាន យកទៅដក(សង)នឹងចំនួនដែលគេសរសេរដំបូង សងរួចហើយបានលទ្ធផលប៉ុន្មាន ឱ្យគេលាក់ទុក ១ លេខ ប្រាប់លេខដែលនៅសល់ទាំងប៉ុន្មានដល់យើង

យើងនឹងទាយលេខដែលគេលាក់នោះ តួយ៉ាងពីរខ្ទង់គេសរសេរ 42, បីខ្ទង់គេសរសេរ 321 ។ល។

១. បូក 42 គឺបូក 4+2 = 6
២. យកលេខ 6 ដែលបូកបានទៅសងគឺ 42 – 6 = 36 (គេត្រូវលាក់ ១ លេខ គឺបើលាក់លេខ ៣ ត្រូវប្រាប់លេខ ៦ ដល់អ្នកទាយ)

១. 321 គឺបូក 3+2+1= 6
២. យកលេខ 6 ដែលបូកបានទៅសងគឺ 321 – 6 = 315 ។ ចំនួន 315 ដែលបាននេះ
a- បើគេចង់លាក់លេខ ៣ ត្រូវប្រាប់លេខ ១ និង ៥ ដល់អ្នកទាយ
b- បើគេចង់លាក់លេខ ១ ត្រូវប្រាប់លេខ ៣ និង ៥ ដល់អ្នកទាយ
c- បើគេចង់លាក់លេខ ៥ ត្រូវប្រាប់លេខ ៣ និង ១ ដល់អ្នកទាយ

វិធីទាយ៖ យកលេខដែលគេប្រាប់ទៅដក(សង)នឹង 9 គឺ
[9 – លេខដែលគេប្រាប់ = លេខដែលគេលាក់]

បើលេខដែលគេប្រាប់មានច្រើនតាំងពី ២ លេខឡើងទៅ ត្រូវបូកបញ្ចូលគ្នាទាល់តែនៅសល់លេខតែ ១ លេខ រួចហើយយកទៅដកនឹង(សង)នឹង 9

ប្រិយមិត្តដែលជាព្រះគុណម្ចាស់ ជាឳពុកម្ដាយ ឬជាពួកម៉ាកគ្នា អាចលេងជាមួយគ្នាបាន បើកូនក្មួយឬពួកម៉ាក់មិនទាន់បានដឹងទេ សាកមើលតើគេអាចគិតចេញឬទេថា តើយើងប្រើវិធីណាដែលទាយមិនចេះខុសនេះ ?
នៅប្រទេសថៃ គេប្រកាន់ថាលេខ ៩ ជាលេខនៃសេចក្ដីចម្រើន នៅអាមេរិកក៏គេចូលចិត្តលេខនេះដែរ ក្នុងហាងផ្សេង ៗ គេចូលចិត្តដាក់តម្លៃជាលេខ ៩ នៅខាងចុង…..
សូមអរព្រះគុណនិងសូមអរគុណដែលចូលរួម !!!

៧ មីនា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram