ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម(៥)
លោកទស្សន៍និងជីវទស្សន៍ តាមគោលពុទ្ធធម៌
—————————–
វិជាអភិធម្មចាប់ផ្ដើមចាក់គ្រឹះមូលដ្ឋាន ដោយការពិចារណាវិភាគបាតុភូតនៃលោកនិងជីវិតក្នុងបច្ចុប្បន្នខណៈថា បែងចែកចេញជាអង្គប្រកប គឺធម្មជាតិដែលជាអ្នកដឹង(the knower) និងធម្មជាតិដែលត្រូវគេ(ចិត្ដ)ដឹង(the known) ព្រោះថាការដែលមានលោកប្រាកដឡើងក្ដី ឬមើលមួយជ្រុងជ្រោយមួយទៀតថា ជាការមានជីវិតមកទទួលដឹងឮនូវអត្ថិភាពនៃអ្វីៗទាំងឡាយក្ដី សរុបបានជាបឋមថាជាការទទួលដឹងឮ ដោយហេតុផលតាមត្រង់ត្រូវតែមាន (១) អ្នកដឹង និង (២) អ្វីដែលត្រូវគេ(ចិត្ត)ដឹង ។ ធម្មជាតិទី ១ នោះ អភិធម្មប្រាប់ថាមានលក្ខណៈជាអនិច្ចំ ទុក្ខំ អនត្តា គឺមិនទៀងប្រែផ្លាស់ជានិច្ច ត្រូវគៀបច្របាច់មិនអាចទ្រាំនៅក្នុងសភាពដើមបានសូម្បីតែមួយខណៈ និងប្រាសចាកខ្លឹមសារអត្តាខ្លួនប្រាណ វិជ្ជាអភិធម្មហៅធម្មជាតិប្រភេទនេះថា “ចិត្ត” ។

ចំណែកធម្មជាតិទី ២ ដែលជាអង្គប្រកបមួយទៀត គឺអ្វីដែលត្រូវចិត្តដឹង អភិធម្មឱ្យឈ្មោះថា “អារម្មណ៍” ដែលចែកចេញជាប្រភេទថ្នាក់រងផ្សេងៗជាច្រើនទៀត ។ តំណាក់កាលដំបូងនេះ អាចពោលបានថា បាតុភូតដែលលេចឡើងជាលោកនិងជាជីវិត អាចវិភាគបានថាគឺ “ចិត្តដឹងអារម្មណ៍” នេះសឱ្យឃើញថា ការកើតឡើងនៃចិត្តក៏ដើម្បីទទួលដឹងឮនូវអារម្មណ៍ និងអារម្មណ៍គឺអ្វីៗដែលចិត្តដឹងឮ ហេតុដូច្នេះ ចិត្តដែលមិនកំពុងទទួលដឹងឮនូវអារម្មណ៍ក៏មិនអាចមានសោះឡើយ ។

សំណើថ្នាក់មូលដ្ឋានដែលថា “លោកនិងជីវិតគឺចិត្តដឹងឮអារម្មណ៍”នេះ អ្នកសិក្សាអភិធម្ម តោងនាំទៅសញ្ជឹងគិតពិចារណា ឱ្យបានច្បាស់លាស់បំផុតដែលអាចធ្វើបានចាប់ពីដើមដំបូង ដោយការត្រួតពិនិត្យនឹងបទពិសោធន៍ពិតក្នុងជីវិតផងខ្លួន មិនមែនគ្រាន់តែទន្ទេញចាំបាន ឬសូម្បីតែគិតតាមដោយការប្រើហេតុផលហើយទទួលយក ។ ម្យ៉ាងទៀត មុននឹងចាប់ផ្ដើមពិចារណា គួរសាឡើងវិញឱ្យច្បាស់លាស់ជាមុនសិនថា “ចិត្ត”គឺធម្មជាតិចំណែកខាងដឹង និង “អារម្មណ៍”គឺធម្មជាតិចំណែកខាងត្រូវចិត្តដឹង ក្នុងខណៈជាមួយគ្នានេះត្រូវប្រុងប្រយ័ត្នមិននាំយកអត្ថន័យដទៃអំពីគោលការណ៍ដទៃ ដែលអធិប្បាយពាក្យថាចិត្តនិងអារម្មណ៍នេះ មកលាយឡំឱ្យកើតការយល់ច្របូកច្របល់ទៀតផង ។

ជំហរដ៏រឹងមាំច្បាស់លាស់នៃគំនិត ជាគោលសំខាន់បំផុតក្នុងការសិក្សាពិចារណាគោលធម៌ ដើម្បីតាមពិចារណាសភាពជីវិត ដែលជាបាតុភូតកើតរលត់បន្ដគ្នាហូរហែរាល់ពេលវេលាជារៀងរាល់ខណៈ ឱ្យឃើញទាន់លក្ខណៈផ្សេងៗ ដែលអភិធម្មបានពោលទុក សិក្ខាករគប្បីអភិវឌ្ឍសក្យភាព “ការតាមឃើញទាន់នូវខណៈនៃជីវិតដែលកំពុងប្រាកដឡើង” ឬដែលទើបនឹងកន្លងផុតទៅឱ្យមានប្រសិទ្ធភាព សមត្ថភាពនេះអាចអភិវឌ្ឍបានតាមរយៈប្រព័ន្ធបដិបត្តិធម៌ ដែលហៅថា ការហ្វឹកហាត់ចម្រើនសតិ ។
ហេតុដូច្នេះ ការសិក្សាព្រះអភិធម្មនិងការបដិបត្តិធម៌គួរអនុវត្តទៅក្នុងពេលជាមួយគ្នា ។

នៅមានបន្ដ….

សម្រួលអត្ថបទដោយ តាអារាមប៊យ
១៥ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram