បុត្រដែលគ្មានប្រយោជន៍

បុត្រដែលគ្មានប្រយោជន៍

ថ្ងៃស្អែក (១៣ ឧសភា) ជាថ្ងៃមាតា (mother’s day)
សូមជូនបុរាណភាសិតជាគតិសម្រាប់កូនៗទាំងឡាយ និងបូជាគុណមាតាក្នុងលោកទាំងអស់
ភាសាបាលីខាងក្រោមនេះសរសេរដោយតួអក្សរខ្មែរ ថៃ ភូមា ទេវនាគរី(ឥណ្ឌា) រ៉ូម៉ាំង តាមលំដាប់
សូមពិចារណាឆន្ទដែលបុរាណបណ្ឌិតបាននិពន្ធទុកដូចតទៅនេះ
————————-
កឹ តេន ជាតុជាតេន……. មាតុយោព្វនហារិនា
អារោហតិ ន យោ សក-….វំសអគ្គេ ធជោ យថា ។

กึ เตน ชาตุชาเตน……. มาตุโยพฺพนหารินา
อาโรหติ น โย สก-……. วํสอคฺเค ธโช ยถา ฯ

ကိံ တေန ဇာတုဇာတေန၊ မာတုယောဗ္ဗန္နဟာရိနာ။
အာရောဟတိ န ယော သက-ဝံသအဂ္ဂေ ဓဇော ယထာ။

किं तेन जातुजातेन, मातुयोब्बन्‍नहारिना।
आरोहति न यो सक-वंसअग्गे धजो यथा॥

Kiṃ tena jātujātena, mātuyobbannahārinā;
Ārohati na yo saka-vaṃsaagge dhajo yathā.

តើនឹងមានប្រយោជន៍អ្វីទៅ ?
ជាមួយកូនដែលកើតមកហើយ ជាអ្នកកម្ចាត់បង់សេចក្ដីសុខរបស់មាតាជាប្រក្រតី
ដូចទង់ដែលមិន(ដែលហូត)ឡើងទៅចុងដងរបស់ខ្លួន ។
———————————–

សូមអធិប្បាយខ្លី ៗ

ទង់បើបានឡើងទៅបក់រវិចស្រស់ត្រកាល អ្នកផងទាំងឡាយឃើញហើយក៏ចូលចិត្តស្ងើចសរសើរយ៉ាងណាមិញ កូនដែលកើតមកហើយ បានប្រកបអំពើល្អ ចាប់តាំងពីការខំសិក្សារៀនសូត្រមានឈ្មោះល្បីរន្ទឺ ប្រព្រឹត្តល្អ រហូតដល់ចេញធ្វើការងារតាំងនៅក្នុងសុចរិតធម៌ ជាទីនាំមកនូវមោទនភាពចំពោះមាតាបិតាវង្សត្រកូលរហូតដល់សង្គមជាតិ ក៏ប្រៀបដូចទង់ដែលខ្ពស់ត្រដែតបក់រវិចស្រស់ត្រកាល មនុស្សម្នាមើលឃើញពីចម្ងាយដូច្នេះឯង ។

—————————

ពាក្យថា មាតុយោព្វនហារិនា(បាទទី ២)
ក្នុងគម្ពីរជាប្រភពដែលខ្ញុំរើសយកមក លោកសរសេរតម្រួត ន ជើង ន ទាំងអស់ តែក្នុងទីនេះ ចំពោះតួអក្សរថៃនិងខ្មែរ ខ្ញុំមិនសរសេរតម្រួតទេ ព្រោះថា

១- មិនខុសគណៈឆន្ទ
ព្យាង្គទី ២-៣-៤ គឺ តុយោព្វ-(អ.ថ. តុ-យោប-ពៈ) លោកហាមមិនឱ្យចុះ
– ន គណៈ គឺ លហុ-លហុ-លហុ និង
– ស គណៈ គឺ លហុ-លហុ-គរុ ប៉ុណ្ណោះ ។
តុ(=លហុ)-យោប(គរុ)-ពៈ(លហុ) មិនជាគណៈដែលហាមទាំង ២ ។

ព្យាង្គទី ៥-៦-៧ គឺ នហារិ បឋ្យាវត្តបង្គាប់ឱ្យចុះ ជ គណៈ គឺ លហុ-គរុ-លហុ
នៈ(លហុ)-ហា(គរុ)-រិ(លហុ) នេះត្រូវជា ជ គណៈហើយ ។

២- មិនត្រូវវេយ្យាករណ៍
យោព្វន មានវិគ្គហៈថា
យុវស្ស ភាវោ យោព្វនំ ភាវៈនៃយុវវ័យ ឈ្មោះថា យោព្វនៈ
ខ្ញុំមើលមិនឃើញថា លោកសរសេរតម្រួតដោយមានអ្វីជាគោល ? បើមានប្រិយមិត្រណាដឹង មេត្តាជួយប្រាប់ពន្យល់ឱ្យទានផង ។

សេចក្ដីអធិប្បាយពាក្យនេះ ខ្ញុំមិនប្រកាន់ថាការយល់ឃើញរបស់ខ្ញុំជាការត្រឹមត្រូវហើយទេ គ្រាន់តែជាការបញ្ចេញយោបល់ផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះហើយបានជាចំណែកដែលសរសេរដោយតួអក្សរភូមា ទេវនាគរី(ឥណ្ឌា) និងរ៉ូម៉ាំង ខ្ញុំទុកជាតម្រួតដូចប្រភពដើម ។ សូមផ្ញើទុកសម្រាប់អស់លោកបញ្ញវន្ដជួយវិនិច្ឆ័យតាមការគួរផងចុះ  សូមអរគុណ ។

ប្រភព ៈ កវិទប្បណនីតិ បណ្ឌិតកណ្ឌ គាថាទី ១៧១

តាអារាមប៊យ
១២ ឧសភា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram