សន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត

Milinda’s Questions(2)

“សូមសន្ទនាគ្នាបែបបណ្ឌិតនិងបណ្ឌិត !”
នេះគឺសំណូមពររបស់ព្រះនាគសេនចំពោះព្រះបាទមិលិន្ទ

ប្រិយមិត្តដែលធ្លាប់បានអានគម្ពីរនេះ ប្រាកដជាអាចស្រមៃឃើញទិដ្ឋភាពនៃការជួបសន្ទនាគ្នារវាងអ្នកប្រាជ្ញទាំងពីរថា មានភាពគគ្រឹកគគ្រេងយ៉ាងណា កាលម្ខាងៗ សួរដេញដោលតបតទៅវិញទៅមក មានសំឡេងសាធុការពីសេនាមាត្យមុខមន្ដ្រីនិងភិក្ខុសង្ឃគាំទ្រគ្នាទៅវិញទៅមក សូមប្រិយមិត្តនឹកស្រមៃដល់ទិដ្ឋភាពសំឡេងឈូឆរបែបក្នុងរដ្ឋសភាអង់គ្លេសជាតួយ៉ាងអាចមានភាពស្រដៀងគ្នាខ្លះ? ។

ព្រះបាទមិលិន្ទស្ដេចយាងទៅជួបព្រះនាគសេនគ្រាដំបូងក្នុងពេលថ្ងៃត្រង់ ហើយទ្រង់សួរបានសំណួរ ៣ ខ គឺខទី១ សួរឈ្មោះ, ខទី២ សួរវស្សា, ខទី ៣ សូមផ្ដេជ្ញាមុតស្រួចហើយ ក៏អស់ពេល ព្រះអាទិត្យទៀបអស្ដង្គត ថ្ងៃបន្ទាប់ៗមក ទើបបានចូលទៅសន្ទនាគ្នាក្នុងព្រះរាជវាំង ….. ចម្លើយបែបបញ្ញាទល់បញ្ញា ទប់អ្នកសួរឱ្យគាំងនេះ ឆ្លុះបញ្ចាំងបដិភាណដ៏ក្លៀវក្លារបស់ព្រះនាគសេន ។

តាមប្រធានបទខាងលើ ខ្ញុំសូមលើកសំណួរខទី ៣ ដែលមានសំណូមពរឱ្យសន្ទនាគ្នាបែបបណ្ឌិត សូមប្រិយមិត្តរីករាយនឹងធម្មរសដែលកើតអំពីសំណួរនេះដូចតទៅ-

—————————

ព្រះរាជាត្រាស់សួរថា “លោកម្ចាស់អាចនឹងចរចាជាមួយករុណាខ្ញុំបានឬទេ?”
ព្រះថេរៈទូលថា “បើព្រះអង្គនឹងត្រាស់យ៉ាងពួកបណ្ឌិត អាត្មាភាពនឹងចរចាជាមួយបាន, តែបើព្រះអង្គនឹងត្រាស់យ៉ាងស្ដេចផែនដី អាត្មាភាពនឹងមិនអាចចរចាជាមួយបានទេ”
រ. តើពួកបណ្ឌិតចរចាគ្នាដូចម្ដេចដែរ លោកម្ចាស់?
ថ. កាលពួកបណ្ឌិតចរចាគ្នា គួរសួរផ្ទុញផ្ទាល់ឱ្យខ្លះ គេសម្រុកឱ្យថយទៅខ្លះ គេឆ្លើយឱ្យច្បាស់លាស់(ធ្វើឱ្យវិសេស)ខ្លះ គេសួរ(ចងបញ្ហា)បកទៅវិញខ្លះ គេឆ្លើយ(ស្រាយ)ខ្លះ  ពួកបណ្ឌិតមិនខឹងក្រោធព្រោះការចរចាគ្នានោះ សូមថ្វាយព្រះពរ ពួកបណ្ឌិតរមែងសន្ទនាគ្នាយ៉ាងនេះ ។
រ. ចុះពួកព្រះរាជាចរចាគ្នាដូចម្ដេចដែរ?
ថ. ព្រះរាជាទាំងឡាយ កាលសន្ទនាគ្នា ព្រះរាជាទ្រង់កំពុងត្រាស់រឿងមួយ មានអ្នកណាមួយជំទាស់ឡើង ទ្រង់បញ្ជាឱ្យដាក់ទោសអ្នកនោះថា ចូរផ្ដន្ទាទោសម្នាក់នេះ ព្រះរាជាទាំងឡាយទ្រង់ចរចាយ៉ាងនេះ សូមថ្វាយព្រះពរ ។
រ. លោកម្ចាស់ ខ្ញុំករុណានឹងសន្ទនាយ៉ាងបណ្ឌិត មិនសន្ទនាយ៉ាងព្រះរាជា សូមលោកម្ចាស់ចរចាតាមសម្រួលចុះ ដូចលោកម្ចាស់មានសង្ឃដីកាជាមួយនឹងភិក្ខុ សាមណេរ ឧបាសក ឬជាមួយញោមវត្តចុះ សូមកុំភ័យខ្លាចអី ។
ថ. ប្រពៃណាស់ មហារាជ
រ. លោកម្ចាស់ ខ្ញុំព្រះករុណានឹងសួរបញ្ហាហើយណ៎ា
ថ. សូមមហាបពិត្រត្រាស់សួរមកចុះ
រ. ខ្ញុំព្រះករុណាបានសួររួចហើយ
ថ. អាត្មាភាពក៏បានឆ្លើយរួចហើយដែរ
រ. តើលោកម្ចាស់ឆ្លើយថាដូចម្ដេច?
ថ. ចុះព្រះអង្គត្រាស់សួរថាដូចម្ដេចដែរ?

ក្នុងវេលានោះ ព្រះបាទមិលិន្ទទ្រង់ព្រះតម្រិះក្នុងព្រះទ័យថា “ព្រះភិក្ខុអង្គនេះ មានប្រាជ្ញាអាចនឹងសន្ទនាជាមួយយើងបាន រឿងដែលយើងត្រូវសួរនៅមានច្រើនទៀត មិនទាន់នឹងសួរបានអស់ ព្រះអាទិត្យហៀបនឹងអស្ដង្គតទៅហើយ បើដូច្នេះថ្ងៃស្អែកយើងនឹងសន្ទនាគ្នាជាថ្មីក្នុងព្រះរាជវាំង” ។

លុះមានព្រះតម្រិះដូច្នេះហើយ ទើបទ្រង់មានព្រះបន្ទូលបញ្ជាទៅកាន់ទេវមន្តិយអមាត្យ ឱ្យអារាធនាព្រះថេរៈចូលទៅសន្ទនាក្នុងព្រះរាជវាំងក្នុងថ្ងៃស្អែក រួចហើយទ្រង់ក្រោកចាកអាសនៈ លាព្រះថេរៈហើយ ស្ដេចឡើងទ្រង់សេះព្រះទីនាំងយាងត្រឡប់ទៅវិញ រំពឹងក្នុងព្រះទ័យថា “នាគសេន ៗ” ដូច្នេះ ។

———————–

ប្រភពៈ- មិលិន្ទបញ្ហា, តិក្ខបដិញ្ញាយបហ្ហា ទី ៣ (ច្បាប់ភូមាថាៈ វីមំសនបញ្ហា)។
សង្ឃឹមថាប្រិយមិត្តបានក្រេបរសឆ្ងាញ់អំពីការសន្ទនានេះជាមិនខាន …..

តាអារាមប៊យ
៦ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram