ស្ដីពីផលកម្មគ្រាទី ៥

ស្ដីពីផលកម្មគ្រាទី ៥

កត្តាសំខាន់ក្នុងការឱ្យផលល្អ-អាក្រក់របស់កម្ម !

———————————–

កម្មល្អ-អាក្រក់នឹងឱ្យផលតាំងពីតិចបំផុត… រហូតដល់ច្រើនពេញទីតាមកម្មនិយាម ដែលប្រព្រឹត្តទៅក្នុងដំណើរជីវិតបុគ្គល ឱ្យបុគ្គលបានទទួលផលតបស្នងពីខាងក្រៅ ដ៏គួរពេញចិត្តខ្លះ មិនពេញចិត្តខ្លះ ឬយ៉ាងណានោះ សិ្ថតនៅលើកត្តាដែលមានបាលីសម្ដែងទុកជាអង្គប្រកបផ្សេងៗ ៤ គូ គឺសម្បត្តិ ៤ និងវិបត្តិ ៤ ផងដែរ ។ ក្នុងផុស្ដគ្រាទី ៤ បានលើកឧទាហរណ៍គូទី ២-៣ រួចហើយ ក្នុងផុស្ដនេះ ជាឧទាហរណ៍បន្ដជាគូទី ៤ ដោយសង្ខេបដូចតទៅនេះ

——————————

គូទី ៤ បយោគសម្បត្តិ – បយោគវិបត្តិ

បយោគសម្បត្តិ ឧទាហរណ៍ អ្នកដែលមិនមែនជាមនុស្សល្អ ទាំងសមត្ថភាពក៏មិនជាពិតប្រាកដ ប៉ុន្ដែគេចេះចូលទៅរកបុគ្គលដែលគួរចូលទៅរក ចេះជៀសវាងអ្វីដែលគួរជៀសវាង អ្វីដែលត្រូវខាតបង់ក៏គេសុខចិត្តខាតបង់ជាដើម ចេះបិទបាំងចំណុចអវិជ្ជមានរបស់ខ្លួនមិនឱ្យប្រាកដ ឬមានសមត្ថភាពក្នុងការធ្វើឯកសារក្លែងក្លាយ យកសមត្ថភាពនេះមកប្រើក្នុងផ្លូវល្អ ដូចជាក្នុងការពិសោធន៍ភស្ដុតាងជាដើម ធ្វើឱ្យខ្លួនបានចម្រុងចម្រើនឈានមុខក្នុងការងារ ។ ចំណែកខាងបយោគវិបត្តិ ឧទាហរណ៍ដូចជា អ្នកមានចំណេះវិជ្ជាមានសមត្ថភាព ទាំងមានគុណសម្បត្តិដទៃៗ ក៏ល្អ ប៉ុន្ដែញៀនលេងល្បែងស៊ីសង ជាហេតុមិនត្រូវបានជ្រើសរើសឱ្យទៅធ្វើការ ឬដូចអ្នកដែលមានថ្វីដៃជំនាញល្អខាងជាង តែបែរជាទៅធ្វើការដទៃដែលខ្លួនមិនប្រសប់ជាដើម ។

ផលក្នុងលំដាប់ថ្នាក់ទី ៣ នេះ ភាគច្រើនជារឿងលោកធម៌ ដែលអាចប្រែប្រួលមិនទៀងទាត់ ជារឿងជាន់សំបកខាងក្រៅ មិនមែនជាស្នូលជីវិត វានឹងមានផលប៉ះពាល់ធ្ងន់ស្រាល ក៏ស្ថិតនៅលើការប្រកាន់មាំតិចឬច្រើនប៉ុណ្ណា បើមិនប្រកាន់ខ្ជាប់ អាចនឹងដាក់ចុះ ក៏មានសេចក្ដីសុខបាន ឬយ៉ាងហោចណាស់ក៏មានសេចក្ដីទុក្ខមិនច្រើនពេក ហើយឆ្លងកាត់ហេតុការណ៍នោះៗ ទៅបានដោយល្អ ព្រោះហេតុនេះហើយ ទើបលោកប្រដៅឱ្យមានបញ្ញាដឹងទាន់ធម្មតា ប្រកបដោយសតិ មិនវង្វេងប្រមាទ គ្រាសុខគ្រាមានបាន ក៏មិនភ្លើតភ្លើន គ្រាទុក្ខគ្រាបាត់បង់ ក៏មិនកករល្អក់ឆ្កួតចិត្ត ជ្រុលជ្រោះទៅក្នុងផ្លូវអាក្រក់ សន្សឹមៗ បន្ធូរបន្ថយកែខៃហេតុការណ៍ដោយសតិបញ្ញា កាលបើនៅត្រូវការលោកធម៌ខាងល្អដែលជាទីគាប់ចិត្ត(ឥដ្ឋារម្មណ៍) ក៏គប្បីកំណត់សម្បត្តិ-វិបត្តិដែលជាចំណុចល្អ-មិនល្អរបស់ខ្លួន ចាត់ការលៃលករើសយកចំណែកជាសម្បត្តិដែលអាចចាត់បាន ជៀសវាងចំណែកជាវិបត្តិ ហើយព្យាយាមចូលឱ្យដល់ផលល្អដែលប៉ងដោយកុសលកម្ម ដែលនឹងកើតផលមាំទាំជ្រាលជ្រៅចំពោះជីវិតរាល់ជាន់ថ្នាក់របស់ខ្លួន មិនបង្កើតផលដោយអកុសលកម្ម ទាំងកាលបើសម្បត្តិហុចឱកាសឱ្យ ក៏មិនឆ្លៀតប្រកបអកុសលកម្ម ព្រោះសម្បត្តិនិងវិបត្តិបួនប្រការនោះ ជារបស់មិនទៀងទាត់ នៅពេលការផ្ដល់ឱកាសកន្លងផុតទៅ កម្មអាក្រក់នឹងប្រាកដផល គប្បីប្រញាប់ឆ្លៀតឱកាសប្រកបកុសលកម្មតែប៉ុណ្ណោះនៅពេលសម្បត្តិជួយ ។ ដោយសរុប បើនឹងធ្វើអ្វី កាលបើមានអង្គប្រកបនៃនិយាមច្រើនយ៉ាងទាក់ទិនគ្នា យ៉ាងហោចណាស់គប្បីធ្វើអង្គប្រកបដែលជាកម្មនិយាមឱ្យល្អ ជាចំណែកដែលយឹតទុកបានពិតប្រាកដមួយសិន ចំណែកអង្គប្រកបផ្នែកនិយាមដទៃ ក៏គប្បីប្រើបញ្ញាពិចារណាយកមកជាជំនួយបន្ថែម ត្រឹមដែលមិនមានទោសផ្នែកជ្រុងជ្រោយនៃកម្មនិយាមតទៅ កាលបើបដិបត្តិបានដូចពោលនេះ ក៏ឈ្មោះថា ជាអ្នកចេះកាន់យកប្រយោជន៍អំពីកុសលកម្មនិងសម្បត្តិ-វិបត្តិទាំង ៤ ឬចេះប្រើទាំងកម្មនិយាមទាំងសង្គមនិយមន៍ក្នុងផ្លូវដែលជាគុណ ។

ទោះជាយ៉ាងណាក៏ដោយ បើមើលឱ្យចូលដល់ជម្រៅពាក្យប្រៀនប្រដៅក្នុងពុទ្ធសាសនាពិត អ្នកប្រកបកម្មល្អ រមែងមិនជាប់ទើរនៅត្រឹមថ្នាក់ប៉ងយកផលដែលជាលោកធម៌(លាភ យស សុខ សរសើរ)តបស្នងឱ្យខ្លួនប៉ុណ្ណោះ ព្រោះកុសលកម្មពិតៗ កើតមកអំពីកុសលមូល គឺអលោភៈ អទោសៈ អមោហៈ ទើបគេប្រកបកម្មដោយចាគៈ លះបង់អកុសលក្នុងចិត្ត អើពើអនុកូលចំពោះអ្នកដទៃ ធ្វើកម្មដោយមេត្តាករុណា ជួយអ្នកដទៃឱ្យរួចអំពីទុក្ខនិងគាំទ្រការរស់នៅរួមគ្នាដោយសុខស្ងប់មានមេត្រីភាព ធ្វើកម្មដោយបញ្ញា ដើម្បីឱ្យកើតចំណេះចេះយល់វត្ថុទាំងឡាយតាមការពិត ដើម្បីពោធិ និងដើម្បីឱ្យធម៌បានផ្សព្វផ្សាយជ្រួតជ្រាបគ្រងចិត្តមនុស្សនិងសង្គម ដែលចាត់ចូលជាកម្មដ៏ឧត្ដុង្គឧត្តម គឺកម្មដែលប្រព្រឹត្តទៅដើម្បីអស់កម្ម ។

សូមប្រិយមិត្តប្រកបដោយចិត្តរឹងមាំក្នុងការប្រកបកុសលកម្ម ព្រមទាំងបានទទួលនូវឥដ្ឋផលគ្រប់ៗ គ្នា កុំបើអាក់ខានឡើយ ។ (សេចក្ដីអធិប្បាយទាំង ៤ គូនេះ ជាឧទាហរណ៍ក្នុងលំដាប់ថ្នាក់ទី ៣ បើចង់យល់ឱ្យជាប់គ្នា គួរត្រឡប់ទៅអានផុស្ដក្រោមប្រធានបទនេះតាំងពីដើមទី)

ពុទ្ធធម៌ៈ សម្រួលអត្ថបទដោយតាអារាមប៊យ
២ មិថុនា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram