ឥតិបិសោរតនមាលា ១០៨

ខ្ញុំឃើញខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាពូកែសូត្រធម៌ណាស់ សូត្របានច្រើន ខ្ញុំចេះតែទាល់ធម៌គេរឿយៗ ជាពិសេសមានធម៌ជាពាក្យកាព្យដែលតែងថ្មីៗ កន្លែងណាទាល់ក៏អង្គុយស្ងៀមតាំងចិត្តស្ដាប់គេសូត្រ ខ្ញុំទាល់ហើយក៏មិនខំរៀនទៀត ព្រោះខ្ញុំមានហេតុផលផ្ទាល់ខ្លួន ខ្ញុំចង់ចាំតែបាលីដែលជារបស់ដើមសុទ្ធ ដែលពុទ្ធបរិស័ទគួរជួយចាំទុកមិនឱ្យលើលខ្វះឬខុស…..

ពុទ្ធគុណ-ធម្មគុណ-សង្ឃគុណ ឬហៅថាធម៌ “ឥតិបិសោ” ជាធម៌ដែលពុទ្ធសាសនិកទូទាំងពិភពលោកចេះសូត្រ ហើយបុរាណាចារ្យបានយកអក្ខរៈនីមួយៗក្នុងធម៌នេះ មកតែងជាឆន្ទភាសាបាលីគ្រប់ទាំង ១០៨ អក្ខរៈ ហៅថា “ឥតិបិសោរតនមាលា” ប៉ុន្ដែគ្មានអ្នកណានាំគ្នាយកមកសូត្រទេ ខ្ញុំសូមសាកល្បងយកមកជូនព្រះគុណម្ចាស់ និងប្រិយមិត្រទាំងអស់ឱ្យបានក្រេបជញ្ជក់ខ្លឹមសារនៃបទនិពន្ធនេះតាមលំដាប់ដូចតទៅ…
——————–

ឥតិបិសោរតនមាលា ១០៨

ព្រះពុទ្ធគុណ ៥៦

(១. ឥ.)  ឥដ្ឋោ សព្វញ្ញុតញ្ញាណំ ……… ឥច្ឆន្ដោ អាសវក្ខយំ
……….ឥដ្ឋំ ធម្មំ អនុប្បត្តោ ………….ឥទ្ធិមន្ដំ នមាមិហំ ។

(២. តិ.)  តិណ្ណោ យោ វដ្ដទុក្ខម្ហា ……… តិណ្ណំ លោកានុមុត្តមោ
……….តិស្សោ ភូមី អតិក្ដន្ដោ ……… តិណ្ណឱឃំ នមាមិហំ ។

(៣. បិ.)  បិយោ ទេវមនុស្សានំ ……….. បិយោ ព្រហ្មានមុត្តមោ
………..បិយោ នាគសុបណ្ណានំ ……… បិនិន្ទ្រិយំ នមាមិហំ ។

សេចក្ដីប្រែ

១. ព្រះពុទ្ធជាម្ចាស់ព្រះអង្គណា ទ្រង់ប្រាថ្នានូវព្រះសព្វញ្ញុតញ្ញាណ ប្រាថ្នានូវធម៌ជាទីអស់ទៅនៃអាសវៈ ព្រះអង្គបានដល់នូវធម៌ដែលព្រះអង្គប្រាថ្នាហើយ ខ្ញុំព្រះករុណាសូមបង្អោនកាយក្រាបថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ ជាអង្គបានសម្រេចហើយ ព្រះអង្គនោះ ។

២. ព្រះពុទ្ធជាម្ចាស់ព្រះអង្គណា ទ្រង់ឆ្លងផុតចាកទុក្ខក្នុងសង្សារវដ្ដហើយ ទ្រង់ជាឧត្តមបុគ្គលក្នុងត្រៃលោក ទ្រង់ឆ្លងផុតត្រៃភូមិហើយ ខ្ញុំព្រះករុណាសូមបង្អោនកាយក្រាបថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ ជាអង្គឆ្លងឱឃៈបានហើយ ព្រះអង្គនោះ ។

៣. ព្រះពុទ្ធជាម្ចាស់ព្រះអង្គណា ទ្រង់ជាទីស្រឡាញ់របស់ទេវតានិងមនុស្សទាំងឡាយ ទ្រង់ជាទីស្រឡាញ់ដ៏ឧត្តមរបស់ព្រហ្មទាំងឡាយ ទ្រង់ជាទីស្រឡាញ់របស់សត្វតិរច្ឆានមាននាគនិងគ្រុឌជាដើម ខ្ញុំព្រះករុណាសូមបង្អោនកាយក្រាបថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ ជាអង្គមានឥន្ទ្រិយជាទីស្រឡាញ់ ព្រះអង្គនោះ ។
—————–

គោលធម៌សំខាន់ក្នុងបាលីខាងលើ៖

ត្រៃភូមិ ប្រែថា ភូមិ ៣ គឺ(សំសារវដ្ដដែលសត្វលោកវិលកើតស្លាប់បើមិនទាន់អស់កិលេសទេ រួមទាំងអស់ជា ៣១ ភូមិ, Planes of existence; planes of life)

១. កាមភូមិ ភូមិដែលចិត្តរបស់សត្វជំពាក់វាក់វិននៅតែអារម្មណ៍ដែលជាកាម បានដល់
– អបាយភូមិ 4 (ភូមិដែលប្រាសចាកសេចក្ដីចម្រើន គឺ 1. និរយៈ (នរក), 2. តិរច្ឆានយោនិ (កំណើតសត្វតិរច្ឆាន), 3 បិត្តិវិស័យ (ដែនប្រែត), 4. អសុរកាយ (ពួកអសុរកាយ)
– មនុស្សភូមិ 1
– ទេវតា 6 (ចាតុម្មហារាជិកា, តាវត្តឹង្ស, យាមា, តុសិត, និម្មានរតី, បរនិម្មិតវសវត្តី)

២. រូបភូមិ គឺរូបព្រហ្ម 16 (ព្រហ្មបារិសជ្ជា, ព្រហ្មបុរោហិតា, មហាព្រហ្ម, បរិត្តាភា,..។ល។ …… សុទស្សា, សុទស្សី, អកនិដ្ឋា)

៣. អរូបភូមិ គឺអរូបព្រហ្ម 4 (អាកាសានញ្ចាយតនៈ វិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ នេវសញ្ញានាសញ្ញាយតនៈ)

————

ឱឃៈ អន្លង់ ៤ គឺ(អន្លង់ដែលសត្វមានអវិជ្ជាឆ្លងមិនបាន ត្រូវហែលវិលវល់ដូចហែលក្នុងមហាសមុទ្រដ៏ធំធេង មិនមានកោះត្រើយ បើមិនខំបដិបត្តិវិបស្សនាទេ នឹងមិនអាចឆ្លងឱ្យផុតបានឡើយ ត្រូវវិលវល់កើតស្លាប់ក្នុងសង្សារវដ្ដ ជួបប្រសប់ទុក្ខទោស កាប់សម្លាប់បៀតបៀនគ្នាគ្មានទីបញ្ចប់)

១. កាមោឃៈ អន្លង់គឺកាម
២. ភវោឃៈ អន្លង់គឺភព
៣. ទិដ្ឋោឃៈ អន្លង់គឺទិដ្ឋិ
៤. អវិជ្ជោឃៈ អន្លង់គឺអវិជ្ជា
——————

សេចក្ដីបញ្ជាក់៖ ខ្ញុំសរសេរឆន្ទបាលីខាងលើដោយប្រើចុច ព្រោះត្រូវសរសេរឱ្យត្រឹមត្រូវតាមវិធីសរសេរឆន្ទ បើមិនប្រើចុចទេ ​ពេលផុស្ដក្នុងហ្វេសប៊ុក វានឹងរត់មកជាប់គ្នាអស់ វិធីសរសេរដែលត្រឹមត្រូវគឺត្រូវសរសេរឱ្យបាទទី ១ និងទីបាទទី ៣ ឱ្យស្មើគ្នា, បាទទី ២ និងបាទទី ៤ ឱ្យស្មើគ្នា ហើយត្រូវមានគម្លាតរវាងបាទទី ១ និងបាទទី ២, និងបាទទី ៣ និងបាទទី ៤ ដូចខាងលើ….. គួរឱ្យកត់សម្គាល់ថា បច្ចុប្បន្ននេះ មានការបោះពុម្ពសៀវភៅធម៌ជាច្រើន តែពុំបានរក្សាភាពត្រឹមត្រូវឡើយ យើងគួរជួយគ្នាថែរក្សាឱ្យបានល្អប្រសើរឡើងវិញ….

បើមានពេល ខ្ញុំនឹងខំផុស្ដបន្ដទាល់តែចប់ទាំង ១០៨ គាថា

សូមអរគុណ
តាអារាមប៊យ
សីហា ២៦, ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram