អធិប្បាយឈាន(៤)

អធិប្បាយឈាន(៤)

ការលះនីវរណធម៌ដោយអង្គឈាន

ការសង្កត់នីវរណ៍ ឬលះនីវរណ៍ដោយអំណាចអង្គឈាន ភាសាវិជ្ជាការក្នុងធម៌ហៅថា “វិក្ខម្ភនប្បហាន”(លះដោយគ្របសង្កត់ទុក) ដូចបានអធិប្បាយក្នុងផុស្ដគ្រាទី ៣ ថា ក្នុងជីវិតប្រចាំថ្ងៃរបស់យើង ភាគច្រើននៃពេលវេលារបស់ដំណើរជីវិត មានធម្មជាតិ ៥ យ៉ាងដែលភាសាវិជ្ជាការក្នុងធម៌ហៅថា “នីវរណធម៌” នៅប្រចាំក្នុងចិត្តជានិច្ច ។ នីវរណធម៌ទាំង ៥ នឹងត្រូវសង្កត់ទុកដោយអង្គឈាន មិនឱ្យធ្វើសកម្មភាពបាននៅពេលដែលអ្នកបដិបត្តិសមាធិភាវនា(សមថកម្មដ្ឋាន)មានចិត្តស្ងប់ស៊ប់ដល់ថ្នាក់អប្បនាសមាធិ ហើយដរាបណាឈានមិនទាន់បាត់បង់ទៅ ដរាបនោះនីវរណធម៌នៅត្រូវសង្កត់ទុកមិនឱ្យប្រាកដឡើង ឬអាចពោលថា នីវរណធម៌កម្រើកឡើងបានពេលណា ឈានក៏បាត់បង់ទៅនៅពេលនោះ ។

ការដែលបុគ្គលនឹងលះនីវរណធម៌ទាំង ៥ ប្រការបាន ត្រូវអាស្រ័យអង្គឈានជាគ្រឿងលះដូចតទៅនេះ
១- វិតក្ក លះ ថីនមិទ្ធនីវរណ
២- វិចារ លះ វិចិកិច្ឆានីវរណ
៣- បីតិ លះ ព្យាបាទនីវរណ
៤- សុខ(វេទនា) លះ ឧទ្ធច្ចកុក្កុច្ចនីវរណ
៥- ឯកគ្គតា លះ កាមឆន្ទនីវរណ

សេចក្ដីអធិប្បាយ

១. វិតក្ក គឺការលើកចិត្តឡើងកាន់អារម្មណ៍ ក្នុងការធ្វើឈាន(រូបឈាន) ត្រូវមានបញ្ញត្តិជាអារម្មណ៍ សម្រាប់ឱ្យចិត្តចូលទៅសម្លឹងអារម្មណ៍នោះ ។ ព្រោះហេតុដូច្នេះ ការសម្លឹងអារម្មណ៍នោះ អ្នកបដិបត្តិត្រូវព្យាយាមលើកចិត្តឡើងកាន់អារម្មណ៍កម្មដ្ឋានដែលបានកំណត់ទុកជានិច្ច  ត្រូវព្យាយាមមិនបណ្ដោយឱ្យចិត្តរបូតចេញពីអារម្មណ៍ដែលបានកំណត់ទុកនោះទៅគិតរឿងដទៃ បើខណៈណាចិត្តរបូតចេញពីអារម្មណ៍ដែលសម្លឹងទៅគិតរឿងដទៃ ថីនមិទ្ធគឺសភាពដែលធ្វើឱ្យចិត្តរាថយចេញពីអារម្មណ៍ដែលសម្លឹង ឬរំសាយការផ្ដោតចំពោះអារម្មណ៍ដែលសម្លឹង ខណៈនោះចិត្តរមែងធ្លាក់ចេញចាកអារម្មណ៍ អ្នកបដិបត្តិត្រូវលើកចិត្តឱ្យត្រឡប់មកកាន់អារម្មណ៍ជាថ្មីម្ដងទៀត គឺធ្វើឱ្យចិត្តផ្ដោតទៅនឹងអារម្មណ៍ជាថ្មីរឿយៗ រហូតចិត្តមិនឃ្លាតចេញចាកអារម្មណ៍ ដូច្នេះ វិតក្កគឺធម្មជាតិលើកចិត្តឡើងកាន់អារម្មណ៍ ទើបធ្វើតួនាទីលះថីនមិទ្ធដោយលក្ខណៈគ្របសង្កត់ទុក ។

២. វិចារ គឺការត្រកងចិត្តឱ្យតាំងមាំក្នុងអារម្មណ៍ដែលសម្លឹង កាលបើវិតក្កលើកចិត្តឡើងកាន់អារម្មណ៍ដែលសម្លឹងហើយ វិចារក៏ធ្វើតួនាទីត្រកងទ្រចិត្តមិនឱ្យធ្លាក់ចេញពីអារម្មណ៍ដែលសម្លឹងនោះ បើសេចក្ដីរារែកសង្ស័យកើតឡើងក្នុងខណៈសម្លឹងអារម្មណ៍ថា ការសម្លឹងអារម្មណ៍ដូច្នេះ នឹងអាចឱ្យឈានចិត្តកើតឡើងបានពិតឬ កាលបើសេចក្ដីស្ទាក់ស្ទើរសង្ស័យកើតឡើង ការត្រកងចិត្តឱ្យតាំងមាំក្នុងអារម្មណ៍នឹងលាតលា សេចក្ដីនឿយណាយក្នុងការត្រកងចិត្តនឹងកើតឡើង ។ ហេតុដូច្នេះអ្នកបដិបត្តិចាំបាច់ត្រូវប្រើវិចារត្រកងផ្ដោតចិត្តឱ្យសម្លឹងលើអារម្មណ៍ដោយប្រាសចាកសេចក្ដីរារែកសង្ស័យ វិចាររមែងធ្វើមុខនាទីគ្របសង្កត់វិចិកិច្ឆានីវរណ៍ដោយលក្ខណៈវិក្ខម្ភនប្បហាន ។

ភាពខុសគ្នារវាងវិតក្កនិងវិចារ សរុបយ៉ាងខ្លីគឺ
– កិរិយាដែលចិត្តឡើងកាន់អារម្មណ៍ដែលប្រើសម្រាប់សម្លឹងជាដំបូង ហៅជាភាសាវិជ្ជាក្នុងធម៌ថា វិតក្ក ឯធម្មជាតិដែលជាបដិបក្សធ្វើឱ្យចិត្តមិនផ្ដោតចាប់លើអារម្មណ៍ ហៅជាភាសាវិជ្ជាការថា ថីនមិទ្ធ ។
– ចំណែកកិរិយាដែលចិត្តផ្ដោតជាប់មិនឃ្លាតចេញពីអារម្មណ៍ដែលកំពុងសម្លឹងជាកិរិយាបន្ដពីវិតក្ក ហៅជាភាសាវិជ្ជាការថា វិចារ ធម្មជាតិដែលជាបដិបក្ខនឹងវិចារធ្វើចិត្តមិនអាចតាំងមាំលើអារម្មណ៍បាន គឺសេចក្ដីរារែកសង្ស័យ ភាសាវិជ្ជាការហៅថា វិចិកិច្ឆា ។

វិតក្កជាកិរិយាដែលកើតឡើងមុន ឯវិចារជាកិរិយាកើតបន្ដអំពីវិតក្ក ។ ដោយហេតុថា ធម្មជាតិដែលហៅថាវិតក្កនិងវិចារជានាមធម៌ មិនអាចឱ្យអ្នកសិក្សាអានយល់ច្បាស់បានដោយងាយ ទើបលោកប្រើសេចក្ដីប្រៀបធៀបជារូបធម៌ថា  វិតក្កប្រៀបបាននឹងសំឡេងរគាំងដែលលាន់ឮជាដំបូងដែលត្រូវគោះ វិចារប្រៀបបាននឹងសំឡេងរគាំងថ្ងូរបន្ដពីលាន់ឮជាដំបូង ។

តាអារាមប៊យ
៣១ តុលា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram