ហេតុអ្វីបានជាកាន់ពុទ្ធសាសនា?

សទ្ធា… ពាក្យដែលឮញឹកញាប់រាល់ពេលវេលា !

ហេតុផលដែលបុព្វបុរស(ខ្មែរ)ទទួលយកពុទ្ធសាសនាមកជាសាសនារបស់ខ្លួន ?

សទ្ធា ព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកក្នុងគោលធម៌ច្រើនកន្លែង ត្រាស់ហៅថា សម្បទាខ្លះ ទ្រព្យខ្លះ អារយវឌ្ឍិខ្លះ

សទ្ធាក្នុងពុទ្ធសាសនា បានដល់ជំនឿ សេចក្ដីជឿជាក់មាំ ព្រោះបានត្រិះរិះពិចារណាឃើញហេតុផលដោយបញ្ញារួចហើយ ពុទ្ធសាសនិករមែងធ្លាប់ឮពាក្យថា ជឿព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ។ តើរឿងនេះមានហេតុផលដូចម្ដេចដែរ ដែលយើងគួរជឿដូច្នេះ ? ខ្ញុំសូមលើកយកទស្សនៈអ្នកប្រាជ្ញមកសម្ដែងជូនដោយខ្លី តាមលំដាប់ដូចតទៅនេះ

ក- ជំនឿក្នុងព្រះពុទ្ធ
ជំនឿ សេចក្ដីជឿជាក់ក្នុងអង្គព្រះពុទ្ធជាម្ចាស់ ក្នុងឋានៈព្រះអង្គជាបុគ្គលបែបយ៉ាងមុនគេ ដែលបញ្ជាក់នូវសមត្ថភាពរបស់មនុស្សថា មនុស្សអាចចាក់ធ្លុះឈ្វេងយល់សច្ចធម៌ អាចឈានចូលដល់ការពិត(សច្ចៈ)និងឧត្តមភាពនៃសេចក្ដីល្អបាន ដោយសតិបញ្ញានិងសេចក្ដីព្យាយាមរបស់ខ្លួន មនុស្សជាសត្វដែលហ្វឹកហាត់ទូន្មានបាន ចម្រើនលូតលាស់ឡើងបាន ទាំងផ្នែករបៀបជីវិតដែលទាក់ទងនឹងបរិស្ថានផ្លូវកាយវាចា ទាំងផ្នែកគុណធម៌ដែលគួរអប់រំឱ្យខ្លាំងក្លាក្នុងចិត្តវិញ្ញាណ ទាំងក្នុងផ្នែកបញ្ញាការចេះគិតហេតុផល រហូតដល់អាចរួចផុតចាកពន្ធនាការគៀបសង្កត់ដែលហៅថាកិលេសនិងកងទុក្ខ ធ្វើឱ្យបាត់អស់សេចក្ដីទុក្ខ បានភប់ប្រសព្វនឹងឥស្សរភាពដ៏ល្អប្រពៃបរិបូរណ៌ ហើយក្នុងការចូលដល់ភាវៈបែបនេះ រមែងមិនមានសត្វវិសេសណាៗ មិនថាទេវតា មារ ឬព្រហ្ម ដែលនឹងជាអ្នកប្រសើរមានសមត្ថភាពលើលពីមនុស្សដែលមនុស្សត្រូវស្វែងរក ឬរារែកដើម្បីសុំឫទ្ធានុភាពជួយបណ្ដាលឱ្យ ។ មួយវិញទៀត បុគ្គលដែលទូន្មានខ្លួនរហូតឈានដល់ភាវៈនេះហើយ  រមែងជាអ្នកមានគុណវិសេសជាអនេក ដែលគួរធ្វើដំណើរតាម កាលបើមនុស្សជឿមាំជាក់ច្បាស់ក្នុងសមត្ថភាពដែលនឹងធ្វើដូច្នេះបាន ក៏គួរព្យាយាមបដិបត្តិកសាងសន្សំនូវគុណវិសេសនោះឱ្យកើតមានក្នុងខ្លួន ឬបដិបត្តិឱ្យឈានចូលដល់ធម៌ដែលបុគ្គលជាបែបយ៉ាងមុនគេបានស្រាវជ្រាវរកឃើញ ហើយបាននាំមកសម្ដែងទុក (នេះជាហេតុផលមួយដែលពុទ្ធសាសនាជាសាសនាអទេវនិយម មិនជឿលើព្រះអាទិទេពដូចក្នុងសាសនាខ្លះ ម្យ៉ាងទៀត ពេលពុទ្ធសាសនិកជនបដិបត្តិវិបស្សនាកើតបច្ចយបរិគ្គហញាណ គេបានឃើញជាក់ស្ដែងដោយខ្លួនឯងថា អ្វីៗកើតឡើងដោយហេតុបច្ច័យ មិនមានព្រះឯណាមកបង្កើតទេ ទើបគេមិនជឿរឿងព្រះអាទិទេព!)

ខ- ជំនឿក្នុងធម៌
ជំនឿ សេចក្ដីជឿជាក់ក្នុងធម៌ ទាំងការពិតនិងសេចក្ដីល្អ ដែលបុគ្គលបែបយ៉ាងមុនគេហៅថាព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកនោះ ថាជាធម៌ដែលព្រះអង្គបានបដិបត្តិឃើញផលប្រត្យក្សជាក់ស្ដែង ដោយខ្លួនព្រះអង្គមកមុនរួចហើយ ហៅថាស្រាវជ្រាវឃើញហើយនាំមកប្រកាសបង្ហាញទុក ។ ធម៌នោះជាសភាវៈសណ្ឋិតនៅ ឬប្រព្រឹត្តទៅតាមច្បាប់ធម្មតារបស់ខ្លួនឯង ជាច្បាប់ដ៏ទៀងទាត់ គឺជានិយាមនៃហេតុផល ដែលហៅថាច្បាប់ធម្មជាតិ មិនមែនអាស្រ័យលើការឧប្បត្តិនៃព្រះតថាគត(១) ពោលគឺមិនថានឹងមាននរណាស្រាវជ្រាវរកឃើញឬមិនឃើញក៏តាម ធម៌នោះស្ថិតនៅជាអព្យាក្រឹត ទៀងទាត់ចំពោះគ្រប់គ្នា ទាមទារឱ្យប្រកួត(challenge)ជាមួយដោយបញ្ញានិងសេចក្ដីព្យាយាមអប់រំទូន្មានខ្លួនរបស់មនុស្ស កាលបើបុគ្គលគ្រប់គ្នាបានអភិវឌ្ឍខ្លួនឱ្យដល់ព្រម មានបញ្ញាចាស់ក្លាហើយ ក៏រមែងដឹងបាននិងចាក់ធ្លុះបានជាក់ស្ដែងដោយខ្លួនឯង កាលបើបានដឹងឬបានសម្រេចហើយ ក៏អាចដោះស្រាយបញ្ហា រំលត់ទុក្ខ រួចផុតចាកទុក្ខ បានទទួលឥស្សរភាពពិតប្រាកដ ។

គ- ជំនឿក្នុងសង្ឃ
ជំនឿ សេចក្ដីជឿជាក់ក្នុងសង្ឃ គឺសហគមន៍ឬសង្គមបែបយ៉ាង ដែលជាសាក្សីបញ្ជាក់ថា មនុស្សទូទៅមានសមត្ថភាពអាចសម្រេចការពិតនិងឧត្តមភាពនៃសេចក្ដីល្អបាន ដូចដែលបុគ្គលបែបយ៉ាងមុនគេបានសម្រេចដែរ ប៉ុន្ដែសហគមន៍ឬសង្គមនោះនឹងកើតមានប្រព្រឹត្តទៅបាន លុះត្រាតែយល់ព្រមឱ្យធម៌គឺការពិតសេចក្ដីល្អបាកដផលចេញអំពីបុគ្គលដោយការបដិបត្តិ ។ សហគមន៍ឬសង្គមនេះ រមែងប្រកបដោយបុគ្គលទាំងឡាយអ្នកចូលមកហ្វឹកហ្វឺន បណ្ដុះបណ្ដាល ទូន្មានខ្លួន សិក្សា ដែលមានភាពចាស់ទុំខ្លាំងក្លាមិនស្មើគ្នា មានវឌ្ឍនភាពដុះដាលនៅក្នុងលំដាប់ថ្នាក់នៃការអភិវឌ្ឍផ្សេងៗ គ្នា ប៉ុន្ដែមានឯកភាព ព្រោះមានគោលការណ៍រួមគ្នា គឺមានធម៌ជាស្នូលរួម មានធម៌ជាគ្រឿងវាស់ ជាទីទទួលរ៉ាប់រងផលប្រត្យក្ស និងជាទីចេញបង្ហាញផលនៃធម៌ ទើបជាប្រជុំជនដែលមានសេចក្ដីល្អគួរឱ្យសរសើរ គួរលើកតម្កើងរក្សាទុក និងគួរចូលរួមចំណែក ព្រោះជាសង្គមដែលមានសភាពអនុកូលបំផុតចំពោះការថែរក្សាធម៌ឱ្យសណ្ឋិតនៅក្នុងសង្គមលោក ជាទីផ្សព្វផ្សាយសេចក្ដីល្អនិងប្រយោជន៍សុខដល់សង្គមលោក ។

សរុបអត្ថន័យរបស់សទ្ធាក្នុងព្រះត្រៃរ័តន៍នេះ បានដល់សេចក្ដីជឿជាក់លើការពិតសេចក្ដីល្អ និងច្បាប់នៃហេតុនិងផល ដែលមានអត្ថិភាពតាមធម្មតានៃធម្មជាតិ មនុស្សមានសមត្ថភាពដែលអាចចូលដល់និងឈ្វេងយល់សច្ចៈ សេចក្ដីល្អ និងច្បាប់ធម្មជាតិនោះបាន ព្រមទាំងមានសេដ្ឋបុគ្គលបានស្រាវជ្រាវរកឃើញ បានចូលដល់ ព្រមទាំងបាននាំសច្ចៈនោះមកបើកបង្ហាញ ជាអ្នកបញ្ជាក់ផង ទាំងបានដើរនាំផ្លូវមកហើយផង អ្នកដែលមានសេចក្ដីជឿជាក់(confidence) ក្នុងច្បាប់ធម្មតានៃហេតុផល និងជឿជាក់លើសមត្ថភាពរបស់មនុស្សហើយ រមែងឧស្សាហ៍ព្យាយាមបដិបត្តិ ដើម្បីឱ្យផលសម្រេចកើតចេញពីហេតុគឺទង្វើ ជឿកម្ម(ទង្វើ)និងផលនៃកម្ម(ទង្វើ)(២) ដែលប្រព្រឹត្តទៅតាមនិយាមនៃហេតុផល រហូតដល់មានគោលធានាភាពរឹងមាំផ្នែកចរិយធម៌ ព្យាយាមសិក្សាឱ្យចេះយល់ និងសម្រេចកិច្ចការទៅតាមគន្លងនៃហេតុបច្ច័យយ៉ាងខ្ជាប់ខ្ជួនរឹងប៉ឹង មិនសង្ឃឹមពឹងអំណាចបណ្ដាលពីខាងក្រៅ ព្រមទាំងជឿជាក់ថាសង្គមដ៏ល្អ ឬសង្គមក្នុងឧត្តមគតិនោះ មនុស្សមានសមត្ថភាពជួយគ្នាកសាងឡើងបានដោយខ្លួនឯង ទាំងប្រកបដោយមនុស្សអ្នកដើរតាមគន្លងជីវិតល្អប្រសើរតាមហេតុផលនេះឯង ជាអ្នកដែលបានអប់រំទូន្មានខ្លួនដើម្បីចូលដល់ធម៌ ឬដើម្បីសម្រេចនូវគុណធម៌ល្អពិសេសដូចព្រះពុទ្ធជាម្ចាស់ ។

សរុបបន្ថែមមួយជាន់ទៀតថា កាលបានត្រិះរិះពិចារណាឃើញហេតុផល ហើយជឿជាក់ថា ព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងពិតល្អពិត ទើបជឿថាព្រះធម៌ដែលព្រះអង្គត្រាស់ជារបស់ល្អពិត ហើយជឿថា ក្រុមជនដែលរស់នៅដោយធម៌នោះ មានបានពិត បានមានរួចមកហើយពិត គួរឱ្យមាន និងគួរចូលរួមចំណែក ។

——————————-

អាគតដ្ឋានសំអាង (references):

(១) សូមអាន “ធម្មនិយាមសូត្រ” ត្រៃបិដកខ្មែរ លេខ ៤១, ទំព័រ ៤៥៧, ខ ១៣៨ មានបាលីជាអាទិ៍ថា ឧប្បាទា វា ភិក្ខវេ តថាគតានំ អនុប្បាទា វា ឋិតា សា ធម្មដ្ឋិតតា ធម្មនិយាមតា ។ល។ និងបាលីជាច្រើនកន្លែងក្នុងព្រះត្រៃបិក…..
(២) សូមអានគោលធម៌ “សទ្ធា ៤” ដែលបង្ហោះរួចហើយ

សម្រួលអត្ថបទ ដោយតាអារាមប៊យ

២ មីនា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram