អធិប្បាយឈាន(៥)

អធិប្បាយឈាន(៥)

ក្នុងផុស្ដកន្លងមក បានអធិប្បាយអង្គឈានដែលជាគូបដិបក្ខនឹងនីវរណធម៌បាន ២ គឺវិតក្កនិងវិចារ ថ្ងៃនេះសូមអធិប្បាយផ្ដល់ជូនសម្រាប់ស្វែងយល់គោលធម៌ស្ដីអំពីឈានបន្ដដូចតទៅនេះ-

៣. បីតិ គឺសភាពឆ្អែតចិត្តដោយត្រេកអរ កាលបើវិតក្កធ្វើតួនាទីលើកចិត្តឡើងកាន់អារម្មណ៍ និងវិចារត្រកងផ្ដោតចិត្តឱ្យតាំងមាំជាប់ក្នុងអារម្មណ៍បានហើយ នឹងមានសភាពព្រឺព្រួចត្រេកអរឆ្អែតចិត្តផ្សព្វផ្សាយកើតឡើង ខណៈដែលចិត្តកំពុងកើតអារម្មណ៍បែបនេះ សេចក្ដីព្យាបាទចងចិត្តគំកួននឹងឱ្យអ្នកដទៃវិនាសនឹងមិនអាចកើតឡើងបាន ព្រោះបីតិបានគ្របសង្កត់ព្យាបាទនីវរណដោយវិក្ខម្ភនប្បហាន ។

…………… បីតិ សេចក្ដីឆ្អែតចិត្តជ្រួតជ្រាបដោយអំណរ មាន ៥ ប្រការគឺ
1. ខុទ្ទកាបីតិ សភាពឆ្អែតចិត្តតិចតួច កើតព្រឺរោមហៀរទឹកភ្នែក
2. ខណិកាបីតិ បីតិអស់រយៈមួយខណៈៗ ឱ្យកើតសភាពឆ្វាចៗ ជាខណៈខ្លីៗ ដូចផ្លេកបន្ទោរ
3. ឱក្កន្ដិកាបីតិ បីតិដែលខ្ជោលៗឡើងមួយស្របក់ៗ ក្នុងកាយដូចរំយោលរលកខ្ទប់ច្រាំង
4. ឧព្វេង្គាបីតិ បីតិលឿនលយ ឱ្យកើតអាការស្រាលខ្លួនអណ្ដែតឡើងលើអាកាស ឬឱ្យកើតចិត្តរីកសំពោងចេញអាការដោយមិនបានតាំងចិត្ដ ដូចជាឧទានជាដើម
5. ផរណាបីតិ សភាពឆ្អែតចិត្តផ្សាយសព្វសព៌ាង្គកាយ

បីតិដែលជាអង្គឈានអាចលះព្យាបាទនីវរណបាននោះ ទាល់តែដល់ថ្នាក់ “ផរណាបីតិ” ចំណែកបីតិ ៤ ដែលនៅសល់ មិនរាប់ថាជាអង្គឈានទេ ព្រោះនៅមានសភាពគ្រោតគ្រាតនិងមានកម្លាំងខ្សោយ ។

៤. សុខ គឺសុខវេទនាក្នុងអង្គឈាន សំដៅយកសុខខាងផ្លូវចិត្តឬសោមនស្សវេទនានោះឯង ក្នុងខណៈបរិកម្មគឺខណៈលើកចិត្តឡើងកាន់អារម្មណ៍ និងត្រកងផ្តោតចិត្តឱ្យជាប់មាំក្នុងអារម្មណ៍ រហូតកើតបីតិឆ្អែតចិត្តផ្សាយសព្វដូច្នោះហើយ ក៏កើតសោមនស្សក្នុងចិត្ត ព្រោះមានសេចក្ដីស្ងប់ដែលប្រាសចាកសេចក្ដីរាយមាយរំខានចិត្ត ខណៈដែលកំពុងក្រេបសេចក្ដីសុខនេះ សុខវេទនាមានសភាពជាអ្នកដុតឬបង្ក្រាបសេចក្ដីរាយមាយរំខានចិត្ត(ឧទ្ធច្ចកុក្កុច្ច)មិនឱ្យកើតឡើងបាន សភាពដូច្នេះ ហៅថាសុខវេទនាធ្វើតួនាទីលះឧទ្ធច្ចកុក្កុច្ចនីវរណដោយវិក្ខម្ភនប្បហាន ។

បីតិនិងសុខ ជានាមធម៌មានសភាវៈដែលស្រដៀងគ្នា ពោលគឺ បីតិជាសេចក្ដីត្រេកត្រអាលដែលបានទទួលនូវឥដ្ឋារម្មណ៍ ចំណែកសុខជាការសោយសេពក្រេបអារម្មណ៍ដែលបានទទួលនោះ ។
បីតិមានក្នុងទីណា សុខក៏នឹងមានក្នុងទីនោះ ប៉ុន្ដែបើសុខមានក្នុងទីណា បីតិអាចមិនមានក្នុងទីនោះក៏បាន ។
ពោលឱ្យរឹតតែច្បាស់ម្យ៉ាងទៀតថា បីតិជាសង្ខារក្ខន្ធ ចំណែកសុខជាវេទនាខន្ធ (ក្នុងខន្ធ ៥) ។

៥. ឯកគ្គតា គឺសភាវៈដែលចិត្តមានអារម្មណ៍តែមួយ នៅពេលដែលចិត្តតាំងមាំខ្ជាប់ក្នុងអារម្មណ៍ដែលសម្លឹងនោះតែមួយហើយ ឈ្មោះថាសមាធិគឺសេចក្ដីមិនរាយមាយងាករេទៅក្នុងអារម្មណ៍ផ្សេងៗ មានរូប សំឡេង ក្លិន រស សម្ផស្ស ឬរឿងរ៉ាវដែលពាក់ព័ន្ធដោយអារម្មណ៍ដែលជាកាមគុណ ចិត្តតាំងមាំខ្ជាប់ក្នុងអារម្មណ៍ដែលសម្លឹងនោះតែមួយគត់ជាសមាធិ គឺភាវៈឈប់ស្ងៀមនៃចិត្ត ដូចភាវៈតាំងនៅស្ងៀមនៃអណ្ដាតប្រទីបក្នុងទីប្រាសចាកខ្យល់ សមាធិចិត្តនេះមិនរាយមាយបម្រាស់ចុះឡើងងាករេទៅកាន់អារម្មណ៍ដែលជាទីប្រាថ្នាដទៃ នេះគឺជាភាវៈអំណាចនៃ“សមាធិឬឯកគ្គតា” ដែលបានបង្ក្រាបសង្កត់កាមច្ឆន្ទនីវរណទុក មិនឱ្យពុះខ្ជោលឡើង ។ សមាធិ(ការតាំងមាំនៃចិត្ត)ថ្នាក់ឯកគ្គតា ដែលជាអង្គឈាន គឺសមាធិដែលហៅថា អប្បនាសមាធិ ខណិកសមាធិនិងឧបចារសមាធិ មិនរាប់ថាជាអង្គឈានទេ ។

————————-

ឈានលាភីបុគ្គល(បុគ្គលដែលបានឈាន)នឹងបានក្រេបសេពសោយបីតិសុខស្ងប់ ជាសុខដ៏ក្រៃលែង មិនអាចប្រើតួអក្សរបរិយាយឱ្យគ្រាន់តែអានហើយនឹងជាក់ស្ដែងបានទេ បើមានគេប្រាប់ថាមានផ្លែឈើទិព្វមួយប្រភេទ មានរសជាតិផ្អែមត្រជាក់ រសជាតិជាឯក បើបានភ្លក្សហើយនឹងដេកលក់យល់សប្តិល្អវិសេសក្រៃលែងទៅ ៧ យប់ បើយើងមិនទាន់បានភ្លក្សដោយខ្លួនឯងទេ ទោះជាគេអធិប្បាយយ៉ាងណាៗ ក៏មិនអាចយល់បានឡើយ ។ ព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកថា ពាក្យប្រៀនប្រដៅរបស់ព្រះអង្គជាសន្ទិដ្ឋិក(ឃើញដោយខ្លួនឯង) ជាបច្ចត្ត(ដឹងចំពោះខ្លួន) សូមអញ្ជើញមកជាឯហបស្សិកៈ អញ្ជើញមកពិសោធហើយនឹងឃើញដោយខ្លួនឯង ដោយចាប់ផ្ដើមហ្វឹកហាត់ឃ្លាំមើលខ្យល់ដង្ហើម-មើលចិត្តតែ ១០ នាទីរៀងរាល់ថ្ងៃ ឱ្យដូចសន្សំទ្រព្យបន្ដិចម្ដងៗ ក៏នឹងបានច្រើនជាមិនខាន បានបុណ្យច្រើនដោយមិនបាច់ចំណាយទ្រព្យ មិនបាច់ធ្វើដំណើរ គ្រាន់តែហាត់ចិត្តឱ្យឈប់ធ្វើដំណើរប៉ុណ្ណោះ ។

ផុស្ដខាងមុខ នឹងអធិប្បាយប្រភេទនៃឈាន…….

តាអារាមប៊យ
១ វិច្ឆិកា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram