អនន្ដកាយបញ្ហា

Milinda’s Questions(4)

ខ្ញុំបានបង្ហោះសំណួររបស់ព្រះបាទមិលិន្ទមក ៣ ដងហើយ ថ្ងៃនេះសូមលើកយកសំណួររបស់អនន្តកាយអមាត្យដែលជាអមាត្យរបស់ព្រះបាទមិលិន្ទម្ដង គឺថ្ងៃដំបូងដែលព្រះបាទមិលិន្ទសួរឈ្មោះព្រះនាគសេន ហើយដេញដោលសួរបែបបរមត្ថថាត្រង់ណាដែលហៅថានាគសេន…. អនន្ដកាយអមាត្យដែលបានស្ដាប់ហើយប្រហែលជានៅសង្ស័យមិនច្បាស់លាស់ បានជាថ្ងៃស្អែកឡើង ពេលដែលទៅនិមន្ដព្រះថេរៈចូលទៅវាំងតាមព្រះរាជបញ្ជា បានសួររឿងនេះម្ដងទៀតក្នុងខណៈដែលដើរទន្ទឹមនឹងព្រះនាគសេនចូលទៅព្រះរាជវាំង….. មានសេចក្ដីដូចតទៅនេះ

———————–

“ខដែលព្រះគុណម្ចាស់មានសង្ឃដីកាថា ‘នាគសេន’ នោះ តើអ្នកណាជានាគសេនក្នុងពាក្យនោះ?”
ព្រះថេរៈសួរទៅវិញថា “ញោមយល់ថាអ្វីទៅជា ‘នាគសេន’ ក្នុងពាក្យនោះ?”
អ. ខ្ញុំកូណាយល់ថា “ខ្យល់ខាងក្នុងណាដែលជាជីវៈ(តួជីវិត)ចេញចូលនោះឯងជានាគសេន”
ថ. ចុះបើខ្យល់នោះចេញមកហើយមិនចូលទៅវិញក្ដី ចូលទៅហើយមិនចេញមកក្ដី តើអ្នកនោះនឹងនៅរស់ដែរឬទេ?
អ. អ្នកនោះនឹងនៅរស់មិនបានឡើយ
ថ. អ្នកណាផ្លុំស័ង្ខ ខ្យល់របស់អ្នកនោះត្រឡប់ចូលទៅវិញឬ?
អ. មិនចូលទៅវិញទេ
ថ. អ្នកណាផ្លុំខ្លុយ ខ្យល់របស់អ្នកនោះត្រឡប់ចូលទៅវិញឬ?
អ. មិនចូលទៅវិញទេ
ថ. អ្នកណាផ្លុំស្នែង ខ្យល់របស់អ្នកនោះត្រឡប់ចូលទៅវិញឬ?
អ. មិនចូលទៅវិញទេ
ថ. បើដូច្នេះ ហេតុអ្វីបានជាគេមិនស្លាប់?
អ. ខ្ញុំកូណាមិនអាចនឹងចរចាជាមួយព្រះគុណម្ចាស់ដែលជាអ្នកកំពូលវាទៈបានទេ សូមព្រះគុណម្ចាស់ពង្រីកសេចក្ដីនេះផងចុះ

ព្រះថេរៈបានពោលអភិធម្មកថាថា “ខ្យល់ដង្ហើមចេញចូលនោះ មិនមែនជីវៈ(តួជីវិត)ទេ (តែ)ជាកាយសង្ខារ គឺសភាពតាក់តែងរាងកាយ”
លំដាប់នោះ អនន្ដកាយអមាត្យ ក៏បានប្រកាសខ្លួនជាឧបាសក ។

———————-

ប្រភពៈ- មិលិន្ទបញ្ហា, វគ្គទី ១ អនន្តកាយបញ្ហាទី ៤
ប្រិយមិត្តណាប្រាថ្នាអានដោយពិស្ដារ សូមចូលអានក្នុងផេជ ៥ ពាន់ចុះ ប្រែពីសម្រាយភាសាថៃ ដោយឧបាសិកាវណ្ណារី ទេពប្រណម្យ ។

តាអារាមប៊យ
១០ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram