លោកសញ្ញង្កិតសំខ្យា

លោកសញ្ញង្កិតសំខ្យា

អត្ថបទមួយនេះនឹងជាប្រយោជន៍ដោយត្រង់ដល់អ្នករៀនបាលី ចំពោះប្រិយដែលមិនបានរៀនបាលី ក៏គួរស្វែងយល់ដែរ ព្រោះជាវិជ្ជាការក្នុងព្រះពុទ្ធសាសនា ។

សំខ្យា គឺសព្ទសម្រាប់រាប់ ក្នុងភាសាទូទៅចែកជា ២ ប្រភេទគឺ
– បកតិសំខ្យា(cardinal number) គឺការរាប់ធម្មតា ឧ. មួយ ពីរ បី ….។ល។
– បូរណសំខ្យា(ordinal number) គឺការរាប់លំដាប់ទី ឧ. ទីមួយ ទីពីរ ទីបី ….។ល។

ក្រៅពីសំខ្យាធម្មតាទាំងពីរនេះ ភាសាបាលីនៅមានសំខ្យាដទៃៗទៀតដែលគួរស្វែងយល់ បើពុំនោះទេ កាលណាប្រទះសព្ទសំខ្យាដែលប្លែកៗនេះ នឹងមិនអាចប្រែបាន ហើយមិនមានបង្រៀនក្នុងកម្មវិធីសិក្សាជាទូទៅ អ្នកបាលីថ្នាក់ទាបក៏មិនយល់ដែរ ។

លោកសញ្ញង្កិតសំខ្យា គឺសំខ្យាដែលកំណត់ដោយលោកសញ្ញា(ការសម្គាល់របស់លោក) ខ្លះហៅថា សង្កេតសំខ្យា(ចំនួនតាមការសង្កេត) ក៏មានដែរ ។ ខាងដើមគម្ពីរ “មង្គលត្ថទីបនី” មុននឹងព្រះសិរិមង្គលាចារ្យអធិប្បាយមង្គលនីមួយៗ លោកបានអធិប្បាយបឋ្យាវត្តច្ឆន្ទ ដោយលើកយកសេចក្ដីក្នុងគម្ពីរវុត្តោទ័យ(គម្ពីរតែងឆន្ទ)មកជាសំអាងថា ៖

សមេសុ សិន្ធុតោ ជេន បឋ្យាវត្តំ បកិត្តិតំ  ប្រែថា
បឋ្យាវត្ត កវីទាំងឡាយ បានកំណត់ ដោយ “ជ គណៈ” ពីមុខ ៤ អក្សរ ក្នុងបាទគូទាំងឡាយ ។

ពាក្យថា សិន្ធុតោ ជាពាក្យសាមញ្ញធម្មតា ប្រែតាមរូបសព្ទថា អំពីទន្លេសិន្ធុ តែបើប្រែដូច្នេះ សេចក្ដីត្រង់នេះនឹងស្ដាប់មិនបាន ។ ហេតុដែលប្រែថា ៤ ព្រោះថាលោកបានសង្កេតដឹងជាទូទៅថា មហាសមុទ្ទក្នុងលោកមានតែ ៤ ទេ ដូច្នេះពាក្យដែលមានន័យទាក់ទងដល់ទន្លេសមុទ្ទ លោកប្រែថា ៤ ឧ. សមុទ្ទ ជលធិ សិន្ធុ អណ្ណវ ជាដើម ។ ក្នុងបាទគូគឺបាទទី ២ និងទី ៤ មុខអក្សរទី ៤ គឺព្យាង្គទី ៥-៦-៧ ត្រូវចុះ ជគណៈ គឺលហុ-គរុ-លហុ (លហុគឺសំឡេងរស្សៈ អៈ អ៊ិ ឧ, ក្រៅពីនេះជាគរុ) ។

សូមលើកយកឆន្ទដែលប្រើសញ្ញង្កិតសំខ្យាមកជាឧទាហរណ៍ដូចខាងក្រោមនេះ

បាទបេកោ ភវក្ខន្ធោ ……. សរសាខោ ពហូទលោ
សិនេរុគ្គោ សុផលទោ ……. អវិសុ ឥតិ នាមកោ ។ ប្រែថា
ដើមឈើមួយ មានដើម ៣ មានមែក ៥ មានស្លឹកច្រើន
មានចុងតែមួយ ឱ្យផលល្អ មានឈ្មោះថា អវិសុ ។

ដើមឈើមួយ(បាទបេកោ), មានដើម ៣(ភវក្ខន្ធោ), មានមែក ៥(សរសាខោ), មានស្លឹកច្រើន(ពហូទលោ), មានចុង ១(សិនេរុគ្គោ), ឱ្យផលល្អ(សុផលទោ), នាមកោ(មានឈ្មោះ), ថា(ឥតិ), អវិសុ(អវិសុ) ។

———————

ពាក្យដែលលោកប្រើក្នុងគាថាខាងលើនេះ ជាពាក្យមិនជាពិបាកទេ ប្រិយមិត្តទាំងឡាយអាចយល់បានទាំងអស់គ្នា ខ្ញុំសូមអធិប្បាយពាក្យដោយបំបែកសន្ធិចេញដូចតទៅនេះ

បាទបេកោ =បាទ(ជើង,ឫស)+ប(ផឹក,បឺត,ស្រូប)+ឯកោ(មួយ)
ភវក្ខន្ធោ = ភវ(៣,ភព) + ខន្ធោ(ដើម)
សរសាខោ = សរ(៥,សរ) + សាខោ(មែក,សាខា)
ពហូទលោ = ពហូ(ច្រើន) + ទលោ(ស្លឹក)
សិនេរុគ្គោ = សិនេរុ(១,ភ្នំសិនេរុឬសុមេរុ) + អគ្គោ(ចុង,កំពូល)
សុផលទោ = សុ(ល្អ)+ផល(ផល)+ទោ(ឱ្យ)

– ភវ ប្រែថា ៣ ព្រោះអ្នកដែលសិក្សាពុទ្ធសាសនា អ្នកណាក៏ដឹងដែរថា ភពមានតែ ៣ គឺ កាមភព(អបាយ ៤, មនុស្ស ១, ទេវតា ៦) រូបភព(រូបព្រហ្ម ១៦) និងអរូបភព(អរូបព្រហ្ម ៤)
– សរ ប្រែថា ៥ ព្រោះមានតំណាលថា ពញារាមរាជប្រើសរតែមួយបាញ់ប៉ម ៥ បែក ហេតុនេះទើបប្រែ សរ ថា ៥ ដើម្បីប្រកាសកិត្តិគុណពញារាមរាជនិងអានុភាពរបស់សរ
– សិនេរុ ឫសុមេរុ ភ្នំនេះក្នុងលោកមានតែ ១ គត់ ព្រោះហេតុនេះបានជា សិនេរុ ប្រែថា ១ ។

ភវ=៣, សរ=៥, សិនេរុ=១ នេះគឺ លោកសញ្ញង្កិតសំខ្យា ។

———————–

តើដើមឈើអ្វីទៅដែលមានឈ្មោះថា អវិសុ(អៈ-វិ-សុ)? សូមអធិប្បាយដោយខ្លីដូចតទៅ

– ភវក្ខន្ធោ មានដើម ៣ បានដល់ ព្រះវិន័យ ព្រះសូត្រ ព្រះអភិធម្ម
– សរសាខោ មានមែក ៥ បានដល់និកាយទាំង ៥ គឺទីឃនិកាយ មជ្ឈិមនិកាយ សំយុត្តនិកាយ អង្គុត្តរនិកាយ និងខុទ្ទកនិកាយ ។
– ពហូទលោ មានស្លឹកច្រើន គឺមានច្រើនធម្មក្ខន្ធដល់ទៅ ៨៤,០០០ ព្រះធម្មក្ខន្ធ
– សិនេរុគ្គោ មានចុង ១ គឺពុទ្ធវចនៈទាំងអស់ មានចុង(ទីបំផុត)តែមួយគឺ វិមុត្តិ ការរួចចាកសេចក្ដីទុក្ខ
– សុផលទោ ឱ្យផលល្អ គឺឱ្យផលជាអកាលិកោ មិនប្រកបដោយកាល អ្នកបដិបត្តិតាមនឹងបានទទួលផលតាមសមគួរដល់ការបដិបត្តិ ឧ. វៀរចាកទង្វើអាក្រក់ពេលណា ក៏មិនអាក្រក់ពេលនោះ ធ្វើអំពើល្អពេលណា ក៏បានសេចក្ដីល្អក្នុងពេលនោះ ។ល។
– អវិសុ ឥតិ នាមកោ មានឈ្មោះថា អវិសុ គឺឈ្មោះព្រះត្រៃបិដក អ=អភិធម្ម, វិ=វិន័យ, សុ=សុត្តន្ដ

សូមប្រិយមិត្តបានចម្រើនញាណទស្សនៈក្នុងព្រះធម៌ជាភិយ្យោភាពគ្រប់ៗគ្នាកុំបីអាក់ខានឡើយ ។

តាអារាមប៊យ
១ មិថុនា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram