មជ្ឈេសំហតៈ

មជ្ឈេសំហតៈ

បាលីដែលអ្នកបាលីគួរស្វែងយល់ សូមនិមន្ដលោកម្ចាស់និងសូមអញ្ជើញអ្នកស្រឡាញ់ព្រះពុទ្ធសាសនាសិក្សាស្វែងយល់ឆន្ទភាសាបាលីទាំងអស់គ្នា……

បើនិយាយអំពីភាសាកវី ក្នុងចំណោមភាសាដែលមានឆន្ទច្រើនបែបក្នុងលោក បាលីក៏ជាភាសាដែលមានកវីនិពន្ធជាឆន្ទមានច្រើនបែបមួយភាសាដែរ ។

ថ្ងៃនេះសូមស្នើជូននូវឆន្ទភាសាបាលីមួយបែប ហៅថា មជ្ឈេសំហត ប្រែថា ប្រមូលចូលទៅរកកណ្ដាល គឺមុននឹងប្រែទាល់តែនាំយកអក្ខរៈ “ខាងដើមនិងអក្ខរៈខាងចុង” ម្ដងមួយៗ ចូលទៅរកក្នុងកណ្ដាល យកទៅរៀបជាពាក្យថ្មី ទើបបានជាសព្ទដែលមានអត្ថន័យប្រែបានផ្សេងៗ បើមិនធ្វើដូច្នេះទេ មិនអាចប្រែចេញឡើយ ។

ឆន្ទដែលនឹងលើកមកជាតួយ៉ាងខាងក្រោមនេះ ជា វសន្តតិលកដែលលោកតែងបែបមជ្ឈេសំហតៈ ចំពោះតែបាទទី ១ ប៉ណ្ណោះ បាទទី ២, ៣, ៤ ជាវសន្ដតិលកាធម្មតា សូមនិមន្ដនិងសូមអញ្ជើញសិក្សាស្វែងយល់ដូចតទៅនេះ

ញាសីសចាភិហិសុតំ រិរុ គោទ្ធលណ្ណំ
សត្តារិយទ្ធនវរា បរិបូរណីយា
កាមេន គន្ដុមមតំ នគរំ សុខេមំ
វដ្ដេសុ ខិន្នហទយេន ពុធេន កាមំ ។

ចំពោះបាទី ១ គឺ ញាសីសចាភិហិសុតំ រិរុ គោទ្ធលណ្ណំ ដែលឃើញនេះ មិនអាចប្រែបានទេ ព្រោះមិនមែនជាសព្ទភាសាបាលី ដើម្បីឱ្យប្រែបាន យើងត្រូវចាប់យកអក្ខរៈពីខាងដើមមួយ ពីខាងចុងមួយ ម្ដងមួយៗ ចូលទៅរកកណ្ដាលរហូតទាល់តែអស់អក្ខរៈ យកមករៀងជាសព្ទថ្មី នឹងបានសព្ទដូចតទៅនេះ….

អក្ខរៈទី ១ ពីខាងដើម និងទី ១ ពីខាងចុង ញាណំ
អក្ខរៈទី ២ ពីខាងដើម និងទី ២ ពីខាងចុង សីល
អក្ខរៈទី ៣ ពីខាងដើម និងទី ៣ ពីខាងចុង សទ្ធា
អក្ខរៈទី ៤ ពីខាងដើម និងទី ៤ ពីខាងចុង ចាគោ
អក្ខរៈទី ៥ ពីខាងដើម និងទី ៥ ពីខាងចុង ភិរុ
អក្ខរៈទី ៦ ពីខាងដើម និងទី ៦ ពីខាងចុង ហិរិ
អក្ខរៈទី ៧ ពីខាងដើម និងទី ៧ ពីខាងចុង សុតំ

លុះចាប់មករៀងជាថ្មីដូច្នេះហើយ យើងក៏បានសព្ទសម្រាប់ប្រែបាទទីមួយថា ញាណំ សីលសទ្ធា ចាគោ ភិរុ ហិរិ សុតំ ពេលប្រែបាទទី ១ ក៏ប្រែតាមសព្ទដែលបានថ្មីនេះ ទើបប្រែគាថានេះបានសេចក្ដីដូចតទៅនេះ

ញាសីលចាភិហិសុតំ រិរុ គោទ្ធលណ្ណំ
សត្តារិយទ្ធនវរា បរិបូរណីយា
កាមេន គន្ដុមមតំ នគរំ សុខេមំ
វដ្ដេសុ ខិន្នហទយេន ពុធេន កាមំ ។

ប្រែថា៖ អរិយទ្រព្យដ៏ប្រសើរ ៧ ប្រការ គឺ ញាណ(បញ្ញា), សីល, សទ្ធា, ចាគៈ,ភីរុ(ឱត្តប្បៈ), ហិរិ, សុតៈ ជាធម៌ដែលអ្នកប្រាជ្ញ អ្នកមានចិត្តនឿយណាយក្នុងសង្សារវដ្ដទាំងឡាយ អ្នកប្រាថ្នាដើម្បីដល់អមតនគរដ៏ក្សេមក្សាន្តយ៉ាងប្រពៃ គប្បីបំពេញឱ្យបរិបូណ៌ដោយពិត ។

ភាពពិបាកក្នុងការតែង គឺវសន្ដតិលកៈ ជាឆន្ទកំណត់ឱ្យក្នុងបាទនីមួយៗ មាន ១៤ ព្យាង្គ ការរើសយកពាក្យមករៀងឱ្យត្រូវជាគណៈឆន្ទដែលកំណត់ដោយលហុ-គរុ ក៏ពិបាកណាស់ទៅហើយ ព្យាង្គទី ៥ ៦ ៧ ជាលហុជាប់គ្នាដល់ទៅ ៣ ព្យាង្គ ចំណុចទាំងអស់នេះជាការពិបាកមួយ
ជាន់ លុះយកវសន្ដតិលកៈមកតែងជាមជ្ឈេសំហតៈ ជាការពិបាកមួយជាន់ទៀត ។

មេឆន្ទវសន្ដតិលកៈនេះថា ៖
វុត្តា វសន្ដតិលកា តភជា ជគា គោ (វចនានុក្រមសម្ដេចទំព័រ ១១៦៥) បើយើងពង្រីកសេចក្ដីក្នុងមេឆន្ទនេះ នឹងបានជា ៖
ត = តគណៈ មាន គរុ គរុ លហុ (វុត-តា-វ)
ភ = ភគណៈ មាន គរុ លហុ លហុ (សន្-ត-តិ)
ជា = ជគណៈ មាន លហុ គរុ លហុ (ល-កា-ត)
ជ = ជគណៈ ………….”……….(ភ-ជា-ជ)
គា = គរុ (គា)
គោ = គរុ (គោ)
រួមទាំងអស់បាន ១៤ ព្យាង្គ ។ ខ្ញុំអានការប្រើពាក្យពេចន៍រៀងចុះភ្ជាប់គ្នារបស់លោកហើយឃើញថាពីរោះអស្ចារ្យណាស់……
សត្តារិយទ្ធនវរា = សត្ត+អរិយ+ធន+វរា
គន្តុមមតំ = គន្តុំ+អមតំ
បណ្ដាអ្នកបាលីដែលស្រឡាញ់ឆន្ទ សូមនិមន្ដនិងអញ្ជើញសិក្សាស្វែងយល់ដោយសេចក្ដីជ្រះថ្លាទាំងអស់គ្នា សាធុ ។

Note: វសន្ដតិលកច្ឆន្ទ យើងធ្លាប់ឮព្រះសង្ឃសូត្ររឿយៗ គឺធម៌ ពាហុំ ឬដែលហៅពេញថា ពុទ្ធជយមង្គលគាថា ។

៧ មករា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram