ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២)

ពុទ្ធធម៌…ដើម្បីជីវិតដ៏ឧត្តម (២)

ក្នុងដំណើរការសិក្សានិងការវិភាគលោកនិងជីវិតតាមរបៀបព្រះអភិធម្មនោះ សាមញ្ញលក្ខណៈគឺអនិច្ចំ ទុក្ខំ និងអនត្តា កើតប្រាកដឡើងរាល់លំដាប់ថ្នាក់ តាំងពីដើមទីរហូតដល់ជាន់ថ្នាក់ចំណេះឈ្វេងយល់ដ៏ល្អិតជ្រាលជ្រៅបំផុត ទាំងអស់នេះ ក៏ព្រោះព្រះអភិធម្មនោះពិចារណធម្មជាតិទាំងអស់ទាំងពួង សច្ចធម៌ ដែលលោកនិងជីវិតបានបញ្ហាញអាការៈប្រែផ្លាស់រាល់ខណៈ មិនអាចស្ថិតនៅក្នុងសភាពដើមដដែលបាន និងប្រាសចាកអ្វីដែលនឹងប្រកាន់មាំថាមានសារៈអត្តាតួខ្លួនបុគ្គល ។ ដោយន័យនេះ ការសិក្សាព្រះអភិធម្មដែលត្រឹមត្រូវប្រកបដោយបូរណាការ គួរគួបផ្សំទៅជាមួយការបដិបត្តិវិបស្សនាជាមួយគ្នាផង ។

ក្នុងប្រវត្តិសាស្ដ្រនៃការអភិវឌ្ឍន៍សតិបញ្ញារបស់មនុស្ស មានភស្ដុតាងជាច្រើនដែលបញ្ជាក់នូវសេចក្ដីព្យាយាមឈ្វេងយល់លោកនិងជីវិត ដើម្បីប្រើជាគ្រឹះដ្ឋានកំណត់គោលការណ៍ប្រព្រឹត្តបដិបត្តិចំពោះខ្លួនឯង ចំពោះមនុស្ស  និងចំពោះលោក ។ សកម្មភាពនៃសតិបញ្ញាដូចបានពោលមកនេះ ធ្វើឱ្យកើតសាសនានិងប្រព័ន្ធទស្សនវិជ្ជាផ្សេងៗឡើង មានលោកទស្សន៍ជីវទស្សន៍ផ្សេងៗគ្នា រួមទាំងវិជ្ជាការសម័យបច្ចុប្បន្ន គឺវិទ្យាសាស្ដ្រនិងសង្គមសាស្ដ្រផងដែរ ។ ប្រព័ន្ធចំណេះឈ្វេងយល់ផ្សេងៗទាំងអស់នេះ ពិចារណាបែបទូលំទូលាយបានថា ជាផលិតផលកើតអំពីចិត្តរបស់មនុស្សដែលមានចំពោះបាតុភូតនៃលោកនិងជីវិតដែលមនុស្សបានប្រឈម ប្រកបដោយអារម្មណ៍ដែលចាំបាច់ត្រូវមានគ្រឹះផ្អែកជឿមាំថាខ្លួនកំពង់ឈានឆ្ពោះទៅលើមាគ៌ាជីវិតដ៏ត្រឹមត្រូវ ។

សាស្ដានៃលទ្ធិសាសនាផ្សេងៗបានកើតឡើង ប្រកាសពាក្យប្រៀនប្រដៅអំពាវនាវជំនឿជឿមាំ ដោយសំអាងលើបទពិសោធន៍ដែលជាចំណែករបស់ខ្លួន ទស្សនវិទូមេធីជនបានបន្ដប្រពៃណីការប្រើគំនិតប្រកបដោយហេតុផលស្វែងរកនូវអ្វីដែលហៅថា “សច្ចធម៌” ដើម្បីចង្អុលប្រាប់ណែនាំឱ្យមនុស្សឃើញថា ជីវិតនិងលោកជាយ៉ាងណា និងគួរប្រព្រឹត្តបដិបត្តិយ៉ាងណា ។ វិទ្យាសាស្ដ្រអាស្រ័យការស្វែងរកទិន្នន័យអំពីបទពិសោធន៍ដែលប្រកបដោយប្រព័ន្ធ ទាំងជាទីចាប់ផ្ដើមនិងទាំងក្នុងការពិសោធន៍ខសន្និដ្ឋានដែលតាំងឡើងជាប្រធានបទ ដើម្បីប៉ាន់ស្មានថាធម្មជាតិមានគោលការណ៍យ៉ាងណា ហើយនឹងនាំទៅប្រើជាប្រយោជន៍បានយ៉ាងណា ។ ចំណេះឈ្វេងយល់ធម្មជាតិនៃសាសនា ទស្សនវិជ្ជា និងវិទ្យាសាស្ដ្ររបស់មនុស្សមានអាគតដ្ឋានដូចដែលបានពោលមកនេះ ។

ពុទ្ធមតិមានទស្សនៈថា ធម្មជាតិទាំងអស់ទាំងពួង មានគោលច្បាប់ធម្មជាតិជាគោលកំណត់បាតុភូតផ្សេងៗ មនុស្សដែលបានអភិវឌ្ឍគុណភាពចិត្តនិងសតិបញ្ញារបស់ខ្លួនគ្រប់គ្រាន់ហើយ និងមានសក្យភាពដឹងប្រត្យក្សជាក់ស្ដែងនូវច្បាប់ធម្មជាតិបាន ។ ការដែលបុគ្គលបានប្រត្យក្សជាក់ស្ដែងនូវគោលច្បាប់ធម្មជាតិទាំងអស់ទាំងពួង ដែលគ្របដណ្ដប់រឿងលោកនិងជីវិតក្នុងទិដ្ឋភាពផ្សេងៗនេះ ហៅថា “ការត្រាស់ដឹង” អ្នកត្រាស់ដឹងដោយការអភិវឌ្ឍន៍ជីវិត ចិត្ដ និងបញ្ញារបស់ខ្លួនដោយគ្មានអ្នកដទៃបង្រៀនគឺ “ព្រះអរហន្ដសម្មាសម្ពុទ្ធជាម្ចាស់” ឬព្រះតថាគត ។ ការជឿមាំថាការត្រាស់ដឹងអាចកើតឡើងបានពិត និងការជឿថាព្រះពុទ្ធជាម្ចាស់មានពិតប្រាកដ ហៅថា “តថាគតពោធិសទ្ធា” ។

តាមគោលការណ៍ដ៏សំខាន់ តថាគតពោធិសទ្ធា គឺជំនឿដ៏ស៊ប់មុតមាំក្នុងសក្យភាពរបស់មនុស្សគ្រប់រូបថា មនុស្សមានសក្ដានុពលក្នុងការអភិវឌ្ឍន៍ជីវិតរបស់ខ្លួន ឱ្យឈានដល់កម្រឹតថ្នាក់ដ៏ខ្ពស់បំផុតបាន កម្រឹតថ្នាក់ដ៏ខ្ពស់បំផុតនោះ គឺការដឹងទាន់មាយាលោកនិងជីវិត ។ ការចូលទៅដឹងដល់ច្បាប់ធម្មជាតិ ជាការគ្រប់គ្រាន់នឹងដោះស្រាយសេចក្ដីទុក្ខទាំងអស់បានយ៉ាងជ្រះស្រឡះ ប៉ុន្ដែមនុស្សត្រូវអប់រំទូន្មានខ្លួនដោយសេចក្ដីព្យាយាមដ៏ខ្លាំងក្លា សន្សំសាងគុណភាពចិត្តនិងបញ្ញាឱ្យបរិបូណ៌ជាមុនសិន សរុបសេចក្ដីគឺ តថាគតពោធិសទ្ធា ឬជំនឿដ៏ស៊ប់មុតមាំក្នុងការត្រាស់ដឹងរបស់ព្រះពុទ្ធជាម្ចាស់ ក៏គឺជំនឿដ៏ស៊ប់មុតមាំលើសមត្ថភាពរបស់មនុស្ស ថាអាចត្រាស់ដឹងសច្ចធម៌ និងអាចកម្ចាត់សេចក្ដីទុក្ខបានដោយខ្លួនឯងនោះឯង ។

នៅមានបន្ដ……..

សម្រួលអត្ថបទដោយ តាអារាមប៊យ
២៧ មេសា ២០១៧

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram