លោកសន្មតិបញ្ញតិ

លោកសន្មតិបញ្ញតិ

ខណៈដែលបុគ្គលនៅក្នុងសភាពភ្ញាក់(មិនដេកលក់) អារម្មណ៍ផ្សេងៗ នឹងឆ្លាស់គ្នាស្រចូលមកកាន់វិថីរបស់ចិត្ត ដែលកើតឆ្លាស់គ្នានឹងក្បួនភវង្គចិត្តយ៉ាងរហ័សរហូតដល់បុគ្គលនោះមិនដឹងខ្លួនថា កាលដែលចិត្តផុតវិថីនោះមានភវង្គចិត្តកើតខាន់ជាប្រក្រតី ។ ល្បឿនរហ័សរហួនក្រៃពេករបស់ចិត្តនិងវិថីចិត្តកើតឆ្លាស់គ្នានឹងភវង្គចិត្តដែលពិចារណាអារម្មណ៍ផ្សេងៗ តាមលំដាប់លំដោយនោះ បង្ហាញឱ្យឃើញថា សូម្បីតែក្នុងបាតុភូត(phenomen)ដែលគិតថាសែនធម្មតាសាមញ្ញបំផុតរបស់ជីវិត ដូចជា ខណៈបើកភ្នែកឡើងមើលឃើញភ្លើងទៀនមួយស្រពិចភ្នែកនោះ ដោយពិតវាជាដំណើរការរបស់ធម្មជាតិដែលល្អិតនិងស្មុគស្មាញ(complicate)ក្រៃពេកណាស់ ។

ការវិភាគដូច្នេះ មានផលដែលគួរឱ្យបកក្រោយសាឡើងវិញនូវភាពត្រឹមត្រូវជាក់លាក់នៃប្រព័ន្ធចំណេះជាច្រើន ដែលបានមកអំពីសេចក្ដីព្យាយាមសិក្សាស្វែងយល់លក្ខណៈធម្មជាតិនៃលោកនិងជីវិត ដោយការវិភាគទិន្នន័យអំពីសង្កេតការណ៍ដែលមិនបានចូលទៅដឹងយន្តការ(mechanism)ដ៏ល្អិតស្មុគស្មាញរបស់ចិត្តជាមុន បណ្ដាទិន្នន័យអស់ទាំងនោះ ទិន្នន័យនីមួយៗ ឧទាហរណ៍ ដើមទៀន បញ្ឆេះទៀន អណ្ដាតភ្លើង ដែលបុគ្គលប្រកាន់ថាជាអ្វីដែលមានខ្លឹមសារតាំងនៅក្នុងកាលអវកាស សុទ្ធតែជាបញ្ញត្តិដែលអាស្រ័យបរមត្ថធម៌គឺ ពណ៌ ពន្លឺ និងអតីតារម្មណ៍ជាច្រើន ជាអ្វីដែលនាំឱ្យចិត្តប្រតិដ្ឋតាក់តែងឡើងជាអារម្មណ៍សម្រាប់គិតនឹកត្រិះរិះតាមធម្មជាតិរបស់ចិត្ត និងជាលោកនៃសន្មតិបញ្ញត្តិនោះឯង បុគ្គលក៏ជាបញ្ញត្តិធម៌ដែរនោះបានដំណើរការតួនាទីសកម្មភាពជីវិតប្រហាក់ប្រហែលនឹងតួល្ខោនលើវេទិកា អ្វីដែលខុសគ្នាគឺ បុគ្គលអ្នកសម្ដែងល្ខោនដឹងថារឿងដែលខ្លួនសម្ដែងជារឿងសន្មតិ តែបុគ្គលក្នុងជីវិតពិតមិនចូលទៅដឹងភាវៈជាសន្មតិបញ្ញត្តិរបស់លោកដែលខ្លួនវង្វេងនៅ និងរួមទាំងមិនដឹងសន្មតិបញ្ញត្តិភាពជាអត្តាខ្លួនប្រាណរបស់ខ្លួនផង ។

មនុស្សម្នាទូទៅក្នុងលោកប្រកាន់ខ្ជាប់តាមការយល់ដឹងជាសាមញ្ញរបស់ខ្លួនថា អ្វីៗទាំងឡាយដែលកំពុងប្រព្រឹត្តទៅមានពិតតាមដែលទទួលដឹងតាមទ្វារទាំង ៥ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត និងកាយប្រសាទ ។ អ្នកគិត អ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រអាចព្យាយាមមើលចូលទៅឱ្យដល់ខាង “ក្រោយឆាក” របស់អ្វីទាំងឡាយនោះថា មានអង្គប្រកបឬគ្រោងសាងយ៉ាងណា អ្នកវិភាគគ្រប់ផ្នែក តែងតែអាស្រ័យទិន្នន័យឈុតចាប់ផ្ដើមដូចគ្នា គឺដែលបានអំពីទ្វារ ៥ នោះឯង ដោយមិនបានដឹងថាវាមិនមែនទិន្នន័យឈុតដំបូងពិតទេ តែវាជាផលសរុបចេញអំពីដំណើរការធ្វើការតាមធម្មជាតិរបស់វិថីចិត្តជាច្រើន ច្រើនជាន់ថ្នាក់មកហើយ ដូច្នេះទិន្នន័យវត្ថុដើមដែលគេចម្រាញ់ហើយត្រងយក “សេចក្ដីពិត” អាចបោកបញ្ឆោតគេបានច្រើន ។

ចលនាជីវិតរបស់បុថុជ្ជនទាំងឡាយ រមែងប្រព្រឹត្តទៅក្នុងលោកនៃសន្មតិបញ្ញត្តិ ដែលចិត្តតាក់តែងឡើងនោះ បុគ្គលម្នាក់ៗមានលោកជារបស់ខ្លួនឯង ដែលវង្វេងប្រកាន់មាំថាមានខ្លឹមសារមែនទែន ប្រកាន់យកបញ្ញត្តិថាខ្លួនជាមជ្ឈមណ្ឌលសំខាន់ដែលត្រូវបម្រុងបំប៉នថែរក្សា ថ្វីត្បិតតែធ្លាប់បានស្ដាប់ពាក្យប្រៀនប្រដៅលោកអ្នកដឹងការពិតប្រាប់ថា អ្វីៗទាំងឡាយក្នុងលោកជាអនិច្ចំ ទុក្ខំ និងអនត្តា ព្រមទាំងចេះចាំនាំគ្នាយកមកសូត្របានសន្ទនាគ្នាបាន តែមិនបានយល់ដឹងឈានចូលដល់អត្ថន័យដ៏សំខាន់នៃពាក្យប្រៀនប្រដៅនោះៗ ឡើយ ។

ហេតុសំខាន់ដែលត្រូវលួងបញ្ឆោតដូចបានពោលមកនេះ គឺការដឹងមិនទាន់ដំណើរការតាមធម្មជាតិរបស់ខណៈដឹង ដែលអាចវិភាគបានជាចិត្តនិងអារម្មណ៍ មិនអាចញែកបំបែកបរមត្ថបញ្ញត្តិនិងបញ្ញត្តិធម៌ចេញពីគ្នា វង្វេងជាប់នៅក្នុងបញ្ញត្តិ ។ល។ ដូចដែលបានពោលមកតាមលំដាប់ ។

ការមិនអាចចូលទៅដឹងដល់អនិច្ចំ ទុក្ខំ អនត្តាក្ដី ការមិនដឹងកល់កិច្ចការតាក់តែងដោយដំណើរការវិថីចិត្ត ដែលនាំទៅកាន់ការមានលោកផ្ទាល់ខ្លួនជាវេទិកាដំណើរជីវិតដែលប្រាសចាកខ្លឹមសារ តែខ្លួនយល់ខុសថាពិតមែនទែនហើយសេពសោយសុខទុក្ខយ៉ាងងងឹតងងល់ក្ដី ទាំងអស់នេះជាការខ្វាក់ងងឹតរបស់បញ្ញា ដែលចាត់ទុកថាជាលក្ខន្តិកដ៏សំខាន់នៃរង្វង់(វដ្ដៈ)ជីវិត សមស្របនឹងព្រះពុទ្ធដីកាដែលសម្ដែងទុកថា អវិជ្ជាបច្ចយា សង្ខារា ។ល។ ប្រែបែបមិនអើពើតាមតួព្យញ្ជនៈថា ព្រោះល្ងង់ទើបការតាក់តែងកើតឡើង ដោយតាក់តែងថា មានអត្តាខ្លួនបុគ្គលដែលមានជីវិតដឹងស្គាល់លោក សេពសោយសុខទុក្ខនៅក្នុងលោក ។ល។

(បើប្រិយមិត្តណាយល់រឿងដំណើរការវិថីចិត្ត នឹងអានអត្ថបទនេះយល់រឹតតែច្បាស់ឡើង)

តាអារាមប៊យ
១៩ ឧសភា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram