ញាតិកា ឬ ញាតកា?

សូមអនុញ្ញាតនិយាយបន្ដិចចុះ
ការនិយាយរបស់ខ្ញុំនេះក៏មិនដឹងឮបានឆ្ងាយដែរ ព្រោះប្រិយមិត្តដែលចូលមកអានម្ដងៗ ឃើញមានតែម្ភៃ-សាមសិបនាក់ប៉ុណ្ណោះ ខ្មែរពេញមួយពិភពលោកទាំងព្រះសង្ឃទាំងគ្រហស្ថ និយាយភាសាខ្មែរខុសដូចៗ គ្នាទេដឹង ? ជាពិសេសពេលឱ្យពរក្នុងពិធីបុណ្យផ្សេង ៗ !!!

“ញាតិកា” ហើយថែមទាំង “ប្រាំពីរសន្ដាន” ទៀត !!!

១- ពាក្យថា ញាតិកា មិនមានក្នុងភាសាខ្មែរទេដឹង? មានតែ ញាតកា(ញា-តៈ-កា) ព្រោះយើងយកពាក្យនេះមកពីភាសាបាលី បើយកពីបាលី ត្រូវនិយាយតាមបាលីដូចពាក្យផ្សេងជាច្រើនទៀត(វៀរលែងតែនិយាយចំពោះស្ត្រីតែម្យ៉ាង) ភស្ដុតាងដែលច្បាស់ មិនបាច់ខាតពេលទៅបើកវចនានុក្រម ក៏យើងបានឮរាល់ពិធីបុណ្យឆ្លងគឺព្រះសង្ឃលោកសូត្រមង្គលថា….

“ញាតកានញ្ច សង្គហោ…ឯតំ មង្គលំ ឧត្តមំ
សេចក្ដីសង្គ្រោះដល់បុគ្គលអ្នកជាញាតិទាំងឡាយ …នេះជាឧត្តមមង្គល”

ក្នុងវចនានុក្រមសម្ដេចជួន ណាត ព្រះអង្គបានបញ្ជាក់ច្បាស់ក្នុងទំព័រ ២៩៣ ថា:
ញាតកា ន. (ញាតៈកា) ន. (បា. សំ. ជ្ញាតា) ពួកញាតិ ។ អានលម្អិតមេពាក្យថា “ញាតិ” បន្ដ ក៏រកមិនឃើញមានពាក្យថា ញាតិកា ទេ ។

និយាយជាប់មាត់ស្វ័យប្រវត្តទៅហើយ មិនដឹងកែបានឬមិនបានទេ តើប្រិយមិត្តទាំងអស់យល់យ៉ាងណាដែរ បើខ្ញុំខុស សូមជួយពន្យល់ខ្ញុំផង សូមអរគុណទុកជាមុន

២- ប្រាំពីរសន្ដាន ក្នុងការឧទ្ទិសបុណ្យដល់ញាតិ ហេតុម្ដេចក៏ចិត្តចង្អៀតម៉្លេះ គួរតែឧទ្ទិសយ៉ាងទូលំទូលាយ ត្រង់ឧទ្ទិសដល់សព្វសត្វឥន្ទព្រហ្មយមយក្ស ម៉េចក៏ឧទ្ទិសបាន ញាតិរបស់ខ្លួនម៉េចក៏ឱ្យតែ ៧ សន្ដានទៅវិញ ?

សួរថា ចុះគេបានពាក្យនេះមកពីណា ? ឆ្លើយថា គេយកមកពីសិក្ខាបទក្នុងបាតិមោក្ខរឿង “រឿងហាមភិក្ខុត្រេកអរចីវរឬបច្ច័យដែលអ្នកមិនមែនញាតិបវារណា ដែលមានខលើកលែង” បើជាញាតិលោកមិ នហាម ដូច្នេះក្នុងព្រះវិន័យត្រូវកំណត់បុគ្គលដែលជាញាតិថា ខាងលើភិក្ខុនោះ ៣ ថ្នាក់ ខាងក្រោម ៣ ថ្នាក់ រួមជាមួយនឹងភិក្ខុខ្លួនឯង ១ ថ្នាក់ទៀត ត្រូវជា ៧ ថ្នាក់ឬសន្ដាន

ហើយចេះតែយកមកលាយគ្នាច្របូកច្របល់ យករឿងនោះមកនិយាយឡូកឡំចូលក្នុងរឿងនេះ !!!
នៅមានទៀត រឿងសង្ឃទាន ពាក្យថា សង្ឃ អ្នកខ្លះនិយាយត្រូវ អ្នកខ្លះនិយាយខុស ច្របូកច្របល់

សូមមេត្តាជួយពិចារណាត្រួតពិនិត្យជាមួយភស្ដុតាងឱ្យច្បាស់លាស់ ហើយជួយស៊ែរ ដើម្បីផ្សព្វផ្សាយរឿងដែលត្រឹមត្រូវ ។

តាអារាមប៊យ
សូមអរគុណ

២៧ កញ្ញា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram