ភាវនា ២ យ៉ាង

ភាវនា ២ (ការចម្រើន, ការធ្វើឱ្យកើតឱ្យមានឡើង, ការហ្វឹកហាត់អប់រំចិត្ត – Bhāvanā: mental development)
១. សមថភាវនា (ការហ្វឹកហាត់អប់រំចិត្តឱ្យកើតសេចក្ដីស្ងប់, ការហាត់ចិត្តឱ្យកើតសមាធិ – Samatha-bhāvanā: tranquility development)
២. វិបស្សនាភាវនា (ការហ្វឹកហាត់អប់រំបញ្ញាឱ្យកើតសេចក្ដីដឹងច្បាស់តាមពិត, ការចម្រើនបញ្ញា – Vipassanā-bhāvanā: insight development)

ភាវនាទាំង ២ យ៉ាងនេះ ក្នុងព្រះបាលីលោកហៅថា ភាវេតព្វធម៌(ធម៌ដែលគប្បីចម្រើន) និងវិជ្ជាភាគិយធម៌(ធម៌ជាចំណែកនៃបញ្ញា) ក្នុងគម្ពីរសម័យតមក ជួនកាលលោកហៅថា កម្មដ្ឋាន(អារម្មណ៍ជាទីតាំងនៃការចម្រើនភាវនា, ទីតាំងនៃការធ្វើសេចក្ដីព្យាយាមអប់រំចិត្ត, វិធីហ្វឹកហាត់អប់រំចិត្ត – stations of mental exercises; mental exercise)
———————-
សេចក្ដីអធិប្បាយសង្ខេប
១. សមថភាវនា ភាវនាជាឧបាយស្ងប់ចិត្ត មិនសង្កត់ទៅលើការចម្រើនបញ្ញាឬការប្រើបញ្ញាពិចារណា ចាត់ទុកជាសមថភាវនា ។ បើសួរថា ស្ងប់ចាកអ្វី ឆ្លើយថា ស្ងប់ចាកនិវារណធម៌ ៥(កាមច្ឆន្ទ ព្យាបាទ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា)

ចំណុចសំខាន់ៗ របស់សមថភាវនាគឺៈ
ក) វិធីបដិបត្តិ – យកចិត្តទៅភ្ជាប់នឹងអារម្មណ៍ណាមួយ(អារម្មណ៍ ៤០ យ៉ាង)
ខ) អារម្មណ៍សម្រាប់បដិបត្តិជា “បញ្ញត្តិ” (ក្នុងវិសុទ្ធិមគ្គលោកសម្ដែងអារម្មណ៍សម្រាប់យកមកបដិបត្តិ ៤០ យ៉ាង និងវិធីការបដិបត្តិសម្រាប់អារម្មណ៍នីមួយៗ ព្រមទាំងលទ្ធផលដែលអាចសម្រេចបានសម្រាប់អារម្មណ៍នីមួយៗ)
គ) លទ្ធផល – ស្ងប់ចាកនិវារណធម៌ កើតបីតិ ៥ បានឈាន ៤ កើតសមាធិ(ខណិកសមាធិ ឧបចារសមាធិ អប្បនាសមាធិ) ផុតទុក្ខមួយរយៈ មិនផុតទុក្ខដាច់ខាតជាសមុច្ឆេទបហាន ។

២. វិបស្សនាភាវនា ភាវនាឱ្យកើតបញ្ញា ប្រត្យក្សជាក់ស្ដែងត្រៃលក្ខណ៍ ប្រើសតិកំណត់ដឹងរូបនិងនាម(the known and the knower) ដែលជាអារម្មណ៍បច្ចុប្បន្ន (ខន្ធ ៥ សង្ខេបជា រូបនិងនាម) គឺការចម្រើនសតិប្បដ្ឋាន ៤ ។ ពាក្យដែលព្រះអង្គសម្ដែងទុកក្នុងព្រះសូត្រគ្រប់កន្លែងដែលជាកូនសោរសំខាន់គឺ សតិមា សម្បជានោ អាតាបី (មានសតិ ដឹងខ្លួនព្រម មានសេចក្ដីព្យាយាមដុតកិលេស)។

ចំណុចសំខាន់ៗ របស់វិបស្សនាភាវនាគឺៈ
ក) វិធីបដិបត្តិ ប្រើសតិកំណត់ដឹងបច្ចុប្បន្នអារម្មណ៍តាមពិត (see them as they really are at present moment)
ខ) អារម្មណ៍សម្រាប់បដិបត្តិជា “បរមត្ថ គឺរូប-នាម”
គ) លទ្ធផល កើតវិបស្សនាញាណតាមលំដាប់ ផលខ្ពស់បំផុតគឺផុតចាកសេចក្ដីទុក្ខ សម្រេចជាព្រះអរិយបុគ្គល ។ វិបស្សនាត្រូវអាស្រ័យសមាធិដែរ ជាពិសេសខណៈសម្រេចមគ្គផល យ៉ាងហោចបំផុត ចិត្តត្រូវស្ងប់ស្មើនឹងបឋមឈាន ។

សមថភាវនា ចាត់ចូលក្នុងសមាធិសិក្ខា, វិបស្សនាភាវនា ចាត់ចូលក្នុងបញ្ញាសិក្ខា ។ វិធិបដិបត្តិទាំង ២ យ៉ាងនេះ ពុទ្ធសាសនិកគួរចាប់អារម្មណ៍បំផុត មានសៀវភៅនិងលម្អិតឱ្យសិក្សាជាច្រើន ជាពិសេសព្រះពុទ្ធសម្ដែងដោយព្រះអង្គឯង ចាប់ផ្ដើមតាំងពីបឋមទេសនាគឺធម្មចក្កប្បវត្តនសូត្រដែលសម្ដែងវិធីបដិបត្តិដោយសង្ខេបបំផុត បើអានធម្មចក្កប្បវត្តនសូត្រហើយឃើញវិធីបដិបត្តិដែលព្រះអង្គសម្ដែង បានសេចក្ដីថាយើងចាប់ផ្ដើមយល់វិធីការបដិបត្តិដែរហើយ ។

តាអារាមប៊យ
៦ ឧសភា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram