ឥទ្ធិពលកិរិយាវាចារបស់ឪពុកម្ដាយ

បុរាណភាសិត ៣៧

កិរិយាមាយាទ ពាក្យសម្ដី និងទង្វើ របស់ម៉ែឪដែលប្រព្រឹត្តទៅរៀងរាល់ថ្ងៃ មានឥទ្ធិពលសាបព្រួសទៅលើកូនយ៉ាងណាដែរឬទេ ?
សូមអញ្ជើញធ្វើការសង្កេតតាមគ្រួសារនីមួយ ៗ ចុះ ។

මාතාහීනස්‌ස දුබ්‌භාසා,
පිතාහීනස්‌ස දුක්‍රියා;
උභො මාතා පිතා හීනා,
දුබ්‌භසා ච දුකීරියා.

ខាងលើនេះ ជាភាសាបាលីតួអក្សរសិរីលង្កា អានដូចភាសាបាលីតួអក្សរខ្មែរខាងក្រោមនេះ ខ្ញុំមិនចេះអានទេ គ្រាន់តែយកមកបង្ហាញឱ្យមើលលេងប៉ុណ្ណោះ សិរីលង្កាជាប្រទេសកាន់ព្រះពុទ្ធសាសនាបែបថេរវាទដ៏សំខាន់មួយ ដូចប្រទេសខ្មែរដែរ សព្វថ្ងៃមានព្រះសង្ឃអង្គណេរ និមន្ដទៅសិក្សាច្រើនគួរសម សង្ឃឹមថា លោកម្ចាស់ដែលបញ្ចប់ការសិក្សានៅទីនោះ នឹងបានជាកម្លាំងក្នុងការកសាងសង្គមពុទ្ធសាសនាខ្មែរ ឱ្យបានរឹងរឹតតែប្រសើរឡើងជាមិនខាន ។

មាតាហីនស្ស ទុព្ភាសា,
បិតាហីនស្ស ទុក្រិយា;
ឧភោ មាតា បិតា ហីនា,
ទុព្ភាសា ច ទុក្កិរិយា ។

កូនដែលមានម៉ែថោយថក ទើបមានវាចាអាក្រក់,
កូនដែលមានឪថោកទាប ទើបមានកិរិយាអាក្រក់;
ម៉ែនិងឪទាំងពីរនាក់ ជាមនុស្សហីនលក្ខណ៍,
ទើបកូនមានវាចាអាក្រក់ ទាំងកិរិយាក៏អាក្រក់ ។
————————————
ក្នុងលោកនីតិបករណ៍ប្រែដោយព្រះអ៊ុក ជា វជិរញ្ញាណភយវង្ស បោះពុម្ពឡើងវិញដោយ គេហដ្ឋាន អភិរក្សមរតកព្រះពុទ្ធសាសនាខ្មែរ(កាណាដា) លោកប្រែទុកជាកំណាព្យថាៈ

បើមាតាហីនជាតិកើតបុត្រា បុត្រនោះមានវាចាភាសាទាប
បើបិតាហីនជាតិមាត្រទុរភាព បុត្រនោះទាបកិរិយាអាក្រក់នៅ ។
បើម៉ែឪហីនជាតិទាំងពីរនាក់ កូននោះអប្បលក្ខណ៍ទាំងពីរផ្លូវ
ទាំងកិរិយមារយាទក៏ហ្មងសៅ តាមគន្លងម៉ែឪផ្លូវដូចគ្នា ។

(សុជនកណ្ឌទី ២ គាថាទី ១៣ ទ. ៣៦)
————————————
ប្រភពៈ លោកនីតិ ៥២, កវិទប្បណនីតិ ១៨៦, ធម្មនីតិ ២៤៩
ប្រែពីបាឡីជាភាសាខ្មែរដោយ តាអារាមប៊យ
៧ តុលា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram