ខន្ធ ៥ ជាបច្ចុប្បន្នកើតនៅទីណា?

 

សួរ- ខន្ធ ៥ ជាបច្ចុប្បន្នដែលបំព្រួញមកជា រូបធម៌ នាមធម៌ នោះ កើតនៅទីណានិងពេលណា ?

ឆ្លើយ- កើតត្រងទីអាយតនៈខាងក្នុងគឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត និងអាយតនៈខាងក្រៅគឺ រូប សំឡេង ក្លិន រស សម្ផស្ស(ផោដ្ឋព្វៈ) ធម្មារម្មណ៍ ។ កើតនៅពេលភ្នែកឃើញរូប, ត្រចៀកឮសំឡេង, ច្រមុះធំក្លិន, អណ្ដាតលិឍរស, កាយប៉ះក្ដៅត្រជាក់, ចិត្តនឹកគិតធម្មារម្មណ៍; និងរលត់ទៅវិញក៏រលត់ក្នុងអាយតនៈនោះៗ គឺនឹងរលត់ទៅពេលអាយតនៈឈប់ប៉ះគ្នា ។

សួរ- លោភៈ ទោសៈ មោហៈ កើតឡើងអំពីអ្វី? កើតក្នុងពេលណា?

ឆ្លើយ- កើតអំពីអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅ កើតក្នុងកាលដែលភ្នែកឃើញរូប, ត្រចៀកឮសំឡេង, ច្រមុះធំក្លិន, អណ្ដាតលិឍរស, កាយពាល់ត្រូវ, ចិត្តនឹកគិតធម្មារម្មណ៍, ដូចក្នុងខណៈដែលភ្នែកឃើញរូបនោះ បើត្រូវចិត្ដ លោភៈក៏កើតឡើង, បើមិនត្រូវចិត្ត ទោសៈក៏កើតឡើង, បើមិនមានសតិកំណត់ដឹងនូវរូបនោះតាមសេចក្ដីពិតទេ មោហៈក៏កើតឡើង ។ ក្នុងខណៈដែលត្រចៀកឮសំឡេងជាដើម ក៏មានទំនងដូចគ្នានេះឯង ។

ដកស្រង់ចេញពីសៀវភៅ ផ្លូវទៅនិព្វានដោយតាអារាមប៊យ

ខែកុម្ភៈ ទី១១, ២០១៨

——————–

សេចក្ដីអធិប្បាយបន្ថែម
ពាក្យសំខាន់ដែលត្រូវតែយកចិត្ដទុកដាក់ៈ ខន្ធ ៥ ជាបច្ចុប្បន្ន, រូប-នាម

– ក្នុងការបដិបត្តិវិបស្សនា អ្នកបដិបត្តិត្រូវប្រើសតិកំណត់ដឹងរូប-នាមក្នុងខណៈបច្ចុប្បន្ន គឺកំណត់ដឹងរាល់ៗ ខណៈដែលភ្នែកឃើញរូប ត្រចៀកឮសំឡេង ច្រមុះធំក្លិន អណ្ដាតលិឍរស កាយប៉ះពាល់ត្រូវផោដ្ឋព្វៈ ចិត្ដនឹកគិតធម្មារម្មណ៍ ។

– រូប-នាម (ហៅពេញថា រូបធម៌-នាមធម៌) នេះជាការហៅបញ្ចក្ខន្ធដោយសង្ខេប

១- រូបក្ខន្ធ ១ ចែកចេញជា ២៨ គឺ

– មហាភូតរូប ៤ គឺ បឋវី អាបោ តេជោ វាយោ

– ឧបាទាយរូប ២៤ គឺ

បសាទរូប ៥ គឺចក្ខុបសាទរូប សោតបសាទរូប ឃានបសាទរូប ជិវ្ហាបសាទរូប កាយបសាទរូប

វិសយរូប(គោចររូប) ៤ គឺវណ្ណរូប សទ្ទរូប គន្ធរូប រសរូប

ភាវរូប ២ គឺ ឥត្ថីភាវរូប បុរិសភាវរូប

ហទយរូប ១ គឺហទយវត្ថុ

ជីវិតរូប ១ គឺជីវិតិន្ទ្រិយរូប

អាហាររូប ១ គឺរូបដែលបានអំពីកពឡីការាហាររូប

បរិច្ឆេទរូប ១ គឺអាកាសធាតុដែលនៅខាន់រូបកលាបនិងរូបកលាប

វិញ្ញត្តិរូប ២ គឺកាយវិញ្ញត្តិ វចីវិញ្ញត្តិ

វិការរូប ៣ គឺលហុតារូប មុទុតារូប កម្មញ្ញតារូប

លក្ខណរូប ៤ គឺឧបចយរូប សន្ដតិរូប ជរតារូប អនិច្ចតារូប

រឿងរូបធម៌នេះនៅមានលម្អិតពិស្ដារជាច្រើនទៀត …..

២. នាមខន្ធ ៤ គឺ

– វេទនាខន្ធ១, សញ្ញាខន្ធ១, សង្ខារក្ខន្ធ៥០ = (ចេតសិក៥២) ជានាម

– វិញ្ញាណក្ខន្ធ ១ (ដោយលម្អិតមាន ៨៩/១២១) ជានាម

ទាំង ៤ នេះជានាមខន្ធ ឬនាមធម៌ ។

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram