បដិសម្ភិទា ៤ (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយ – Paṭisambhidā: anytic insight; discrimination)
១. អត្ថបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងអត្ថ, បញ្ញាយល់ច្បាស់ក្នុងអត្ថន័យ កាលឃើញគោលធម៌ឬសេចក្ដីសង្ខេប ក៏អាចវិភាគអធិប្បាយពង្រីកសេចក្ដីចេញឱ្យពិស្ដារបាន, ឃើញហេតុមួយ ក៏អាចគិតវែកញែកកម្ចាយយឹតយោងបន្ដគ្នាហូរហែរហូតដល់ផល – Attha-paṭisambhidā: discrimination of meanings; analytic insight of consequence)
២. ធម្មបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងធម៌, បញ្ញាយល់ច្បាស់ក្នុងគោល កាលឃើញសេចក្ដីអត្ថាធិប្បាយពិស្ដារ ក៏អាចចាប់រួបយកសេចក្ដីឬចាប់តាំងជាប្រធានបទបាន, ឃើញផលមួយ ក៏អាចស្រាវភ្ជាប់ត្រឡប់ទៅរកហេតុបាន – Dhamma-paṭisambhidā: discrimination of ideas; analytic insight of origin)
៣. និរុត្តិបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងនិរុក្តិ, បញ្ញាយល់ច្បាស់ក្នុងភាសា ចេះសទ្ទបញ្ញត្តិ និងភាសាផ្សេងៗ ចេះប្រើប្រាស់ពាក្យពេចន៍ពន្យល់ឱ្យអ្នកដទៃយល់និងឃើញតាមបាន – Nirutti-paṭisambhidā: discrimination of language; analytic insight of philolophy)
៤. បដិភាណបដិសម្ភិទា (ប្រាជ្ញាដែលបែកយល់ធ្លុះធ្លាយក្នុងបដិភាណ, បញ្ញាយល់ជាក់ប្រាកដភ្លាមៗ, ឆ្លៀសវៃប្រើការចេះដឹងដែលមានភ្ជាប់បង្កគំនិតនិងហេតុផលសម្រាប់ប្រើសមស្របតាមហេតុការណ៍នោះៗ – Paṭibhāṇa-paṭisambhidā: discrimination of sagacity; analytic insight of ready wit; initiative, creative and applicative insight)
——————-
កត់សម្គាល់ៈ បដិសម្ភិទា ជា “ញាណ គឺបញ្ញា” បញ្ញាដែលលោកប្រើពាក្យថាញាណ ជាបញ្ញាដែលបានអប់រំឱ្យកើតឡើង ឧ. វិបស្សនាញាណ អាសវក្ខយញាណ ជាដើម ។
អ្នកដែលមិនមែនជាព្រះអរិយបុគ្គល មិនអាចនឹងមានបដិសម្ភិទាញាណឡើយ ។ ព្រះអរិយបុគ្គលចាប់តាំងពីព្រះសោតាបន្នឡើងទៅទើបមានបដិសម្ភិទាញាណបាន ប៉ុន្ដែមានមិនស្មើគ្នាទេ អង្គខ្លះអាចមាន ១ អង្គខ្លះមាន ២… អង្គខ្លះមានគ្រប់ទាំង ៤ ជាដើម សូម្បីតែព្រះអរហន្ដក៏មានមិនស្មើគ្នាដែរ ព្រះអរហន្ដសាវ័កដែលដល់នូវកំពូលនៃអ្នកបានបដិសម្ភិទាញាណ គឺព្រះសារីបុត្រ លោកជាអគ្គសាវ័កខាងស្ដាំ បានទទួលងារជា “ឯតទគ្គៈខាងមានបញ្ញាច្រើន” ជាព្រះធម្មសេនាបតី គឺមេទ័ពនៃកងទ័ពធម៌ ។ បើចង់ដឹងថាព្រះសារីបុត្រមានបញ្ញា សមដូចដែលបានទទួលការលើកតម្កើងជាព្រះអគ្គសាវ័កខាងស្ដាំយ៉ាងណាដែរនោះ សូមអញ្ជើញអានលម្អិតក្នុងព្រះត្រៃបិដក “បដិសម្ភិទាមគ្គ ភាគ ៦៩ និង ៧០” ដែលជាអត្ថាធិប្បាយធម៌របស់ព្រះសារីបុត្រដោយត្រង់ ។
តាមអារាមប៊យ
៩ មីនា ១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023