ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង)

ទ្វត្ថកៈ (មានសេចក្ដី ២ យ៉ាង)

ទម្រាំនឹងសម្រេចចិត្តបានថា នឹងចែករំលែកអ្វីដែលជាចំណេះដល់ប្រិយមិត្រ ពេលវេលាកន្លងផុតទៅអស់ជាង ២ ម៉ោង អានហើយអានទៀត គិតហើយគិតទៀត ទីបំផុតសម្រេចចិត្តរើសបានដូចមានចំណងជើងខាងលើនេះ (រើសយកឆន្ទដែលងាយបំផុត)

ទ្វត្ថកៈ គឺជាវិធីតែងឆន្ទបាលីមួយបែបទៀត ដែលលោកតែងដោយយកពាក្យដែលមានសេចក្ដីប្រែបាន ២ យ៉ាង សូមអធិប្បាយឈ្មោះវិធីដោយសង្ខេប

ទ្វត្ថកៈ = ទ្វិ(ពីរ) + អត្ថ(សេចក្ដី)

– ទ្វិ=២ ក្នុងភាសាខ្មែរមានប្រើច្រើន ឧ. ទ្វិជក/ទ្វិជាករ(សត្វកើត ២ ដង = ហ្វូងបក្សី), ទ្វិបថ(ផ្លូវបែកជាពីរ), ទ្វិបទ/ទ្វិបាទ(សត្វមានជើងពីរ), ទ្វិទន្ដ(សត្វមានប្រមោយ ២ = ដំរី), ទ្វិរាប(សត្វផឹកទឹក ២ លើកគឺផឹកដោយប្រមោយនិងមាត់ = ដំរី) ជាដើម ។
– អត្ថ = សេចក្ដី, ប្រយោជន៍ ។ល។

ឆន្ទដែលលើកយកមកចែករំលែកខាងក្រោមនេះ ជាបឋ្យាវត្តច្ឆន្ទ តែងបែបទ្វត្ថកៈ

——————————-

អនញ្ញកង្ខិនានូន-, រវេនានូនការិនា
នូនវាហា វរា វុត្តា, ខន្ធា តិបិដកេ វរេ ។

ន័យទី ១ ជាការប្រែតាមរូបសព្ទធម្មតាថា

ព្រះធម្មក្ខន្ធទាំងឡាយដ៏ប្រសើរ ជាគ្រឿងនាំទៅដោយពិត គឺព្រះដ៏មានព្រះភាគ ទ្រង់មិនប្រាថ្នាអ្វីៗដទៃ ទ្រង់មានព្រះសុរសៀងមិនចន្លោះខ្វះ ទ្រង់មានវីរិយៈមិនថោមថយ បានត្រាស់សម្ដែងទុកហើយ ក្នុងព្រះត្រៃបិដកដ៏ប្រសើរ ។

ន័យទី ២ ជាការប្រែជាវណ្ណសំខ្យា(នវសំខ្យា+បញ្ចសំខ្យា) ពោលគឺប្រែជាការរាប់ចំនួន ថា

ព្រះធម្មក្ខន្ធដ៏ប្រសើរ ៨៤,០០០ ព្រះធម្មក្ខន្ធ គឺព្រះដ៏មានព្រះភាគ បានត្រាស់សម្ដែងទុកហើយ ក្នុងព្រះត្រៃបិដកដ៏ប្រសើរ គឺ ២១,០០០ ព្រះធម្មក្ខន្ធក្នុងវិន័យបិដក, ៤២,០០០ ព្រះធម្មក្ខន្ធក្នុងព្រះអភិធម្មបិដក, ២១,០០០ ព្រះធម្មក្ខន្ធក្នុងព្រះសុត្តន្ដបិដក ។

———————–

សេចក្ដីអធិប្បាយ

ន័យទី ១ នេះអ្នកដែលចេះបាលីល្មមៗ ក៏អាចប្រែបាន ឬអាចយល់បានកាលបើបានអានសេចក្ដីពន្យល់ហើយ ឆន្ទនេះជាប្រយោគកម្មវាចក(Passive voice) ដោយមាន
– ខន្ធា ជាប្រធាន, វុត្តា ជាកិរិយាសព្ទ
– នូនវាហា វរា ជាវិសេសនៈ(adjective)របស់ប្រធាន(ខន្ធា)
– អនញ្ញកង្ខិនា, អនូនរវេន, អនូនការិនា ជាតតិយាវិភត្តិ(instrumental case)ទាំងអស់ ជាវិសេសនៈរបស់ ភគវតា (សព្ទដែលយោគមកសម្រាប់ជា អនភិហិតកត្តា(agent)ដែលក្នុងភាសាអង់គ្លេសជា  ប្រែថា by….)

– អនញ្ញកង្ខិនា = ន>អន(មិន) + អញ្ញ(ដទៃ) + កង្ខិនា(អ្នកប្រាថ្នា)
– អនូនរវេន = ន>អន(មិន)+ឩន(ខ្វះ, ថយ) + រវេន(សំឡេង)
– អនូនការិនា = ន>អន(មិន)+ឩន(ខ្វះ, ថយ) + ការិនា(អ្នកធ្វើ=ព្យាយាម)
– តិបិដកេ ជាសត្តមីវិភត្តិ(locative case),  វរេ(ប្រសើរ) ជាវិសេសនៈរបស់ តិបិដកេ

ន័យទី ២ ជាការប្រែជាវណ្ណសំខ្យា(សំខ្យាប្រភេទនេះមិនមានបង្រៀនជាទួទៅទេ ទាល់តែសិក្សាស្វែងយល់រកអានក្នុងគម្ពីរដោយខ្លួនឯង ព្រះសង្ឃអង្គណេនលោកម្ចាស់ទាំងឡាយអាចនឹងមិនដែលបានឃើញទេ) គឺជាការយកតួអក្សរមកប្រើជាចំនួនដូចតទៅនេះ

ក=១, ខ=២, គ=៣, ឃ=៤, ង=៥, ច=៦, ឆ=៧, ជ=៨, ឈ=៩ (នវសំខ្យា)
ដ=១, ឋ=២, ឌ=៣, ឍ=៤, ណ=៥, ត=៦, ថ=៧, ទ=៨, ធ=៩ (នវសំខ្យា)
ប=១, ផ=២, ព=៣, ភ=៤, ម=៥ (បញ្ចសំខ្យា)
យ=១, រ=២, ល=៣, វ=៤, ស៣តួ(ឝ-ឞ-ស)=៥-៦-៧, ហ=៨, ឡ=៩
ញ=០, ន=០, និងស្រៈទាំង ៨ តួ = ០

វិធីរាប់៖ ត្រូវរាប់ថយក្រោយ គឺពីស្ដាំទៅរកឆ្វេង ហេតុដូច្នេះ
អ-នញ្-ញ-កង្-ខី = ០-០-០-១-២ គឺ ២១,០០០
នា-នូ-ន-រ-វេ =  ០-០-០-២-៤ គឺ ៤២,០០០
នា-នូ-ន-ការិ = ០-០-០–១-២ គឺ ២១,០០០
នា-នូ-ន-វា-ហា = ០-០-០-៤-៨ គឺ ៨៤,០០០

ការតែងបែបនេះ ចំណុចដែលមិនងាយគឺ ការប្រកបពាក្យដែលអាចឱ្យមានន័យ ២ យ៉ាង

សូមប្រសិទ្ធពរជ័យសិរីមង្គលដ៏ប្រសើរក្នុងទិវាចូលឆ្នាំថ្មី ចូរឱ្យមានដល់ប្រិយមិត្តគ្រប់គ្នាកុំបីឃ្លៀងឃ្លាតឡើយ ។

តាអារាមប៊យ
១៤ មេសា ១៨

🔸Last Updated កំណែចុងក្រោយ on March 27, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram