បរិយេសនា ការស្វែងរក

ថ្ងៃនេះសូមប្រិយមិត្តទាំងអស់សិក្សាព្រះធម៌ពីព្រះពុទ្ធដីកាផ្ទាល់….

បរិយេសនា ការស្វែងរក ២ ប្រការ គឺ
១. អនបរិយេសនា ការស្វែងរកមិនប្រសើរ
២. អរិយបរិយេសនា ការស្វែងរកប្រសើរ

——————————-

គ្មានអ្វីប្រសើរជាងព្រះតម្រាស់របស់ព្រះអង្គផ្ទាល់….
សូមអញ្ជើញអានសេចក្ដីអធិប្បាយដោយព្រះបរមសាស្ដាផ្ទាល់ដោយចិត្តជ្រះថ្លាដូចតទៅនេះ

១. ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមិនប្រសើរតើដូចម្ដេចដែរ ?
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ស្វែងរករបស់មានជាតិជាធម្មតាថែមទៀត ខ្លួនឯងមានជរាជាធម្មតា ស្វែងរករបស់មានជរាជាធម្មតាថែមទៀត ខ្លួនឯងមានព្យាធិជាធម្មតា ស្វែងរករបស់មានព្យាធិជាធម្មតាថែមទៀត ខ្លួនឯងមានមរណៈជាធម្មតា ស្វែងរករបស់មានមរណៈជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសោកជាធម្មតា ស្វែងរករបស់មានសេចក្តីសោកជាធម្មតាថែមទៀត ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ស្វែងរករបស់មានសេចក្តីសៅហ្មងជាធម្មតាថែមទៀត ។
ម្នាលភិក្ខុទាំងឡាយ នេះហៅថាការស្វែងរកមិនប្រសើរ ។

២. ម្នាលភិក្ខុទាំងឡាយ ការស្វែងរកដ៏ប្រសើរតើដូចម្តេច ?
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយក្នុងលោកនេះ ខ្លួនឯងមានជាតិជាធម្មតា ដឹងច្បាស់នូវទោសក្នុងជាតិធម៌ ហើយស្វែងរកព្រះនិព្វានដែលមិនមានជាតិ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ខ្លួនឯងមានជរាជាធម្មតា… ខ្លួនឯងមានព្យាធិជាធម្មតា… ខ្លួនឯងមានមរណៈជាធម្មតា… ខ្លួនឯងមានសោកជាធម្មតា ខ្លួនឯងមានសេចក្តីសៅហ្មងជាធម្មតា ដឹងច្បាស់នូវទោសក្នុងសង្កិលេសធម៌ ហើយស្វែងរកព្រះនិព្វាន ដែលមិនមានសង្កិលេសធម៌ ឥតមានគុណជាតដទៃស្មើ ជាទីក្សេមចាកយោគៈ ។
ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្វែងរកដ៏ប្រសើរ ។

តាអារាមប៊យ
ខែកុម្ភៈ ទី ១០, ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram