អធិប្បាយឈាន(៦)
កាលពីផុស្ដកន្លងមក យើងបានសិក្សាអំពីធម្មជាតិខាងល្អ(អង្គឈាន) ដែលកើតឡើងក្នុងចិត្តរបស់អ្នកបានឈាន(ឈានលាភី) កាលធម្មជាតិទាំងនោះកើតឡើងហើយ ក៏ធ្វើឱ្យធម្មជាតិដែលមិនល្អ(នីវារណធម៌)បាត់បង់ទៅអស់រយៈពេលដែលអ្នកបានឈាននៅមិនចេញពីឈាន ជាសេចក្ដីសុខដ៏អស្ចារ្យមួយ នេះជាសក្ខីភាពនៃពាក្យប្រៀនប្រដៅរបស់អង្គព្រះបរមសាស្ដាថា នៅមានប្រសិទ្ធិភាពមិនហួសសម័យ ជាអកាលិកោសម្រាប់អ្នកមានព្យាយាមបដិបត្តិជានិច្ច…
ថ្ងៃនេះសូមអធិប្បាយបន្ដដូចតទៅនេះ
—————————-
ប្រភេទលំដាប់ថ្នាក់នៃឈាន
ក្នុងព្រះអភិធម្មបានចែកលំដាប់ថ្នាក់នៃឈានទុក ៥ ថ្នាក់ ហៅថា ឈានបញ្ចកន័យ គឺ
– បឋមឈាន មានអង្គឈាន ៥ គឺ វិតក្ក វិចារ បីតិ សុខ ឯកគ្គតា
– ទុតិយឈាន មានអង្គឈាន ៤ គឺ — វិចារ បីតិ សុខ ឯកគ្គតា
– តតិយឈាន មានអង្គឈាន ៣ គឺ ——– បីតិ សុខ ឯកគ្គតា
– ចតុត្ថឈាន មានអង្គឈាន ២ គឺ —————សុខ ឯកគ្គតា
– បញ្ចមឈាន មានអង្គឈាន ២ គឺ ————ឧបេក្ខា ឯកគ្គតា
សេចក្ដីអធិប្បាយ
១. បឋមឈាន ប្រែថាឈានទី ១ ជាឈានដែលកើតឡើងមុនជាដំបូង ជាឈានដែលអ្នកបានឈានទើបនឹងឆ្លងផុតពីកាមគោត្រ បឋមឈាននេះ តោងអាស្រ័យអង្គឈានគ្រប់ទាំង ៥ អង្គជាគ្រឿងសង្កត់នីវរណធម៌ទាំង ៥ ប្រការនោះ ចិត្តដែលរលាស់ខ្លួនចេញផុតពីនីវរណធម៌ដោយអាការសង្កត់ទុកជាគ្រាដំបូងនេះ ទើបបានឈ្មោះថា បឋមឈានកុសលចិត្ត អង្គឈានទាំង ៥ រមែងកើតឡើងព្រមគ្នា ក្នុងខណៈជាមួយគ្នា ធ្វើតួនាទីដុតឬបង្ក្រាបនីវរណធម៌ព្រមគ្នា មិនមែនអង្គឈានកើតឡើងម្ដងមួយ និងបង្ក្រាបនីវរណធម៌ម្ដងមួយឡើយ ។
២. ទុតិយឈាន គឺឈានទី ២ ជាឈានដែលកើតឡើងជាលំដាប់បន្ដ ក្រោយពីបឋមឈានបានកើតឡើងរួចហើយ ។ ក្នុងការបដិបត្តិ ដើម្បីឱ្យទុតិយឈានកើតឡើង អ្នកបដិបត្តិត្រូវធ្វើបឋមឈានឱ្យកើតឡើងរឿយៗ ឱ្យបានញឹកញាប់ ជាការអប់រំចិត្តឱ្យមានសមាធិរឹងរឹតតែមាំខ្លាំងឡើងៗ ព្រមទាំងមានជំនាញការស្ទាត់រហ័សរហួនក្នុងការចូល-ចេញអំពីឈានទៀតផង ភាវៈស្ទាត់ជំនាញក្នុងឈាននេះ ហៅថា “វសី” មាន ៥ យ៉ាង គឺ-
- អាវជ្ជនវសី ជំនាញក្នុងការនឹកពិចារណាអង្គឈានមុននឹងចូលឈាន
- សមាបជ្ជនវសី ជំនាញក្នុងការចូលឈានសមាបត្តិ
- អធិដ្ឋានវសី ជំនាញក្នុងការតាំងនៅក្នុងឈាន
- វុដ្ឋានវសី ជំនាញក្នុងការចេញពីឈាន
- បច្ចវេក្ខណវសី ជំនាញក្នុងការពិចារណាអង្គឈាន ក្រោយចេញពីឈានហើយ
កាលអ្នកបដិបត្តិ(យោគី/ព្រះយោគាវចរ)ដែលបានបឋមឈានកើតជំនាញការដោយវសីទាំង ៥ ដូច្នេះហើយ ក៏អាចឈានទៅចម្រើនឈានទី២(ទុតិយឈាន) ដោយសម្លឹងបដិភាគនិមិត្តដែលធ្វើឱ្យបានបឋមឈាននោះ មិនបាច់សម្លឹងកសិណដូចកាលចម្រើនបឋមឈាន ។ ព្រោះហេតុដែលមានវសីស្ទាត់ជំនាញមកហើយនេះ ទើបមិនបាច់អាស្រ័យវិតក្ក(អង្គឈាន)លើកចិត្តឡើងកាន់អារម្មណ៍ និងព្រោះស្ទាត់ក្នុងការចូលឈាននេះហើយ ចិត្តមិនថមថយចេញពីអារម្មណ៍ តែវាបែរជាផ្ដោតជាប់នឹងអារម្មណ៍ដែលកំពុងសម្លឹងនោះយ៉ាងល្អ ទើបមិនចាំបាច់អាស្រ័យវិតក្កសង្កត់ថីនមិទ្ធដែលសង្កត់បានតាំងពីបឋមឈានម្ល៉េះ ព្រោះហេតុដូចបានពោលមកនេះហើយ បានជាទុតិយឈានមានអង្គតែ ៤ (លះវិតក្កហើយ) គឺនៅសល់តែវិចារ បីតិ សុខ និងឯកគ្គតា ។
————————
សូមបន្ដឈានទី ៣ ៤ ៥ នៅផុស្ដក្រោយ
តាអារាមប៊យ
៥ វិច្ឆិកា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023