អធិប្បាយឈាន(១)
ខ្ញុំបានផុស្ដរឿងគោលធម៌ សម្ដែងអំពីឈានទាំងអស់ដែលមានក្នុងគម្ពីរពុទ្ធសាសនា ដើម្បីជាការសិក្សាសរុបបានជា៖
– លក្ខណូបនិជ្ឈាន សំដៅដល់ឈានក្នុងវិបស្សនាភាវនា(លក្ខណៈ គឺត្រៃលក្ខណ៍)
– អារម្មណូបនិជ្ឈាន សំដៅដល់ឈានក្នុងសមថភាវនាគឺ រូបឈាននិងអរូបឈាន (អារម្មណ គឺអារម្មណ៍សម្រាប់បដិបត្តិសមថៈ ៤០ យ៉ាង)
ដើម្បីឱ្យយល់រឹតតែច្បាស់ឡើង ថ្ងៃនេះសូមអធិប្បាយឈានបន្ដ ដោយយោងភ្ជាប់ទៅនឹងចំណែកឬកត្តា(factors)ផ្សេងៗ ដែលត្រូវយល់ដូចតទៅនេះ
—————————
អត្ថន័យនៃឈាន
ឈាន បានដល់ការផ្ដោត ការផ្ចង់ ឬការសម្លឹងអារម្មណ៍ ដើម្បីឱ្យចិត្តនែបជាប់នឹងអារម្មណ៍កម្មដ្ឋាន បានដល់ការដែលចិត្តចូលទៅសម្លឹងអារម្មណ៍ដែលប្រើសម្រាប់បដិបត្តិសមថកម្មដ្ឋាន មានបឋវីកសិណជាដើម ដោយអំណាចអប្បនាសមាធិប្រការ ១ និងបានដល់ធម្មជាតិជាគ្រឿងដុតកម្ដៅធម៌ដែលជាសឹកសត្រូវនឹងការសម្លឹងអារម្មណ៍ដើម្បីឱ្យឈានចិត្តកើតឡើងប្រការ ១ ។
ធម្មជាតិដែលជាសឹកសត្រូវឬជាបដិបក្សនឹងឈានចិត្តនោះ ហៅថានីវរណធម៌ គឺគ្រឿងឃាឃាំងរារាំងក្នុងការបំពេញសេចក្ដីល្អ ក្នុងទីនេះសំដៅយកការឃាឃាំងមិនឱ្យឈានចិត្តកើតឡើង ។
ឈានមាន ២ យ៉ាងគឺ
១. អារម្មណូបនិជ្ឈាន បានដល់ការសម្លឹងនិមិត្តរបស់អារម្មណ៍ ដើម្បីឱ្យចិត្តនែបជាប់នឹងអារម្មណ៍ អង្គធម៌បានដល់ មហគ្គកុសលចិត្ត ៩ និងមហគ្គតកិរិយាចិត្ត ៩ ។
២. លក្ខណូបនិជ្ឈាន បានដល់ការសម្លឹងសភាវលក្ខណៈរបស់អារម្មណ៍ ដើម្បីឱ្យបញ្ញាដឹងបរមត្ថអារម្មណ៍មានអនិច្ចលក្ខណៈជាដើម អង្គធម៌បានដល់មហាកុសលញាណសម្បយុត្ត ៤ និងលោកុត្តរចិត្ត ៨ ក្នុងខណៈដែលវិបស្សនាញាណ មគ្គចិត្ត និងផលចិត្តកើតឡើង ។
ក្នុងឈានទាំង ២ នេះ ដោយអត្ថន័យសំដៅយកអារម្មណូបនិជ្ឈាន ហេតុដូច្នេះ ឈានក្នុងទីនេះ ទើបមានន័យថា ព្រោះការសម្លឹងអារម្មណ៍ ឬព្រោះជាគ្រឿងដុតកម្ដៅធម៌ដែលជាសឹកសត្រូវដល់ឈានចិត្ត ។
ក្នុងអដ្ឋសាលិនី(អដ្ឋកថាព្រះធម្មសង្គិណី)បានសម្ដែងថា “អារម្មណូបនិជ្ឈានតោ បច្ចនីកឈាបនតោ វា ឈានំ ធម្មជាតិដែលឈ្មោះថា ឈាន ព្រោះជាធម្មជាតិ “សម្លឹងអារម្មណ៍”(1) ឬព្រោះជាធម្មជាតិ “ដុតកម្ដៅធម៌ដែលជាបដិបក្ស”(2) ។
អារម្មណ៍សម្រាប់សម្លឹង(1) បានដល់អារម្មណ៍សម្រាប់សមថកម្មដ្ឋាន លោកសម្ដែងទុក ៤០ យ៉ាងគឺ កសិណ ១០ អសុភ ១០ អនុស្សតិ ១០(អាចឱ្យចូលដល់ឈានបានតែ ២ គឺកាយគតាសតិនិងអានាបានសតិប៉ុណ្ណោះ) អប្បមញ្ញា ៤ អាហារេបដិកូលសញ្ញា ១ ចតុធាតុវវដ្ឋាន ១ អរូបកម្មដ្ឋាន ៤ រួមទាំងអស់ជាអារម្មណ៍ ៤០ (ក្នុងវិសុទ្ធិមគ្គបានសម្ដែងវិធីបដិបត្តិសម្រាប់អារម្មណ៍នីមួយៗ)។
ធម៌ជាបដិបក្ស(2)ដល់ឈាន បានដល់នីវរណធម៌ដែលជាគ្រឿងរារាំងមិនឱ្យចិត្តស្ងប់ចូលដល់ឈាន នីវរណធម៌មាន ៥ ប្រការគឺ៖១. កាមឆន្ទនីវរណ បានដល់ការត្រេកអរជាប់ជំពាក់ចិត្តក្នុងកាមគុណអារម្មណ៍ មានរូប សំឡេង ក្លិនជាដើម កាមអារម្មណ៍ទាំងអស់នេះ ជាគ្រឿងរារាំងមិនឱ្យឈានចិត្តកើតឡើង ។
២. ព្យាបាទនីវរណ បានដល់ការចងក្រោធទុក គិតប្រទូស្ដរាយអ្នកដទៃ រមែងជាគ្រឿងរារាំងមិនឱ្យចិត្តចូលដល់ឈាន ។
៣. ថីនមិទ្ធនីវរណ បានដល់ភាវៈរួញរាថយចេញចាកអារម្មណ៍ដែលសម្លឹង ក៏ជាគ្រឿងឃាឃាំងមិនឱ្យចិត្តចូលដល់ឈាន ។
៤. ឧទ្ធច្ចកុក្កុច្ចនីវរណ បានដល់សេចក្ដីរាយមាយរំខានចិត្ត រមែងជាបដិបក្សចំពោះឈាន ព្រោះត្រូវអាស្រ័យការសម្លឹងអារម្មណ៍ឱ្យចិត្ដបានដល់ភាវៈស្ងប់ ។
៥. វិចិកិច្ឆានីវរណ បានដល់ការរារែកមិនដាច់ស្រេចសង្ស័យ រមែងកម្ចាត់បង់ភាពរឹងប៉ឹងក្នុងការសម្លឹងអារម្មណ៍ នេះធ្វើឱ្យឈានមិនអាចកើតឡើងបាន ។
នីវរណធម៌ទាំង ៥ ប្រការនេះ ឈ្មោះថាជាបដិបក្ខធម៌(2) ឬជាធម៌ជាសឹកសត្រូវដែលត្រូវប្រើអង្គឈានជាគ្រឿងកម្ចាត់ ។
——————————
វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ = ស្ងាត់ចាកកាមទាំងឡាយ និងស្ងាត់ចាកអកុសលធម៌ទាំងឡាយ ។
– ឈានស្ងាត់ចាកកាមគុណ(នីវរណៈខទី ១) និង
– ស្ងាត់ចាកអកុសលធម៌(នីវរណៈខទី ២-៥)
ទាំងនេះនឹងសរសេរបន្ដ សូមអញ្ជើញតាមសិក្សាដោយសេចក្ដីជ្រះថ្លា
តាអារាមប៊យ
៣ តុលា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023