រូបក្ខន្ធ ៣/​២៨

រូបក្ខន្ធ ៣/២៨

៣. តេជោធាតុ បានដល់ធាតុភ្លើង ដែលមានលក្ខណៈក្ដៅឬត្រជាក់ មានលក្ខណាទិចតុក្កៈ គឺ

  1. ឧណ្ហត្តលក្ខណា មានភាពក្ដៅជាលក្ខណៈ (សំដៅយកត្រជាក់រួមផង ព្រោះត្រជាក់ក៏គឺភាពក្ដៅថយចុះនោះឯង, លក្ខណៈក្ដៅហៅថា ឧណ្ហតេជោ, លក្ខណៈត្រជាក់ហៅថា សីតតេជា)
  2. បរិបាចនរសា មានការដុតរោលសហជាតរូបជាកិច្ច
  3. មទ្ទវានុប្បាទនបច្ចុប្បដ្ឋានា មានការបន្ថែមភាពទនដល់សហជាតរូបជាផលប្រាកដ
  4. អវសេសធាតុត្តយបទដ្ឋានា មានធាតុ ៣ ដែលសល់ជាហេតុជិត

តេជោធាតុចែកចេញជា ៤ យ៉ាងគឺ

១. បរមត្ថតេជោ ឬលក្ខណតេជោ បានដល់ធាតុភ្លើងដែលជាបរមត្ថ មាន ២ លក្ខណៈ គឺក្ដៅនិងត្រជាក់ មើលមិនឃើញដោយភ្នែក តែដឹងបានដោយការប៉ះពាល់ដោយកាយ គឺចំហាយក្ដៅត្រជាក់ដែលកើតឡើងដោយអាស្រ័យធាតុ ៣ ដែលនៅសល់ជាបច្ច័យ គឺ
– មានបឋវីធាតុ ជាទីតាំង
– មានអាបោធាតុ ជាតួផ្គុំផ្ដុំ
– មានវាយោធាតុ ជាតួបក់ផាត់

២. សសម្ភារតេជា ឬសុត្តន្ដតេជោ បានដល់ធាតុភ្លើងព្រមទាំងអង្គប្រកប មាន ២ ចំណែកគឺ
….. ក) អជ្ឈត្តិកតេជោ ធាតុភ្លើងខាងក្នុង មាន ៥ យ៉ាងគឺ
….. ក.១ ឧស្មាតេជោ គឺតេជោធាតុដែលមានប្រចាំក្នុងរាងកាយសត្វ(ចំហាយ)
….. ក.២ សន្តប្បនតេជោ គឺតេជោធាតុដែលក្ដៅខ្លាំង
….. ក.៣ ទហនតេជោ គឺតេជោធាតុដែលក្ដៅខ្លាំងក្លា អាចដុតរោលរាងកាយឱ្យវិបរិតបាន
….. ក.៤ ជិរណតេជោ គឺតេជោធាតុដែលធ្វើឱ្យរាងកាយចាស់ទ្រុឌទ្រោម
….. ក.៥ បាចកតេជោ គឺតេជោធាតុដែលរំលាយអាហារ

បណ្ដាតេជាទាំង ៥ នេះ ឧស្មាតេជោនិងបាចកតេជោ ជាតេជោធាតុដែលមានប្រចាំនៅក្នុងរាងកាយរបស់សត្វ, ចំណែកតេជោធាតុ ៣ ទៀត មិនមានប្រចាំទេ នឹងប្រាកដកើតឡើងព្រោះឧស្មាតេជោប្រែប្រួលវិបរិត ឧ. អ្នកដែលគ្រុនក្ដៅខ្លួន ព្រោះឧស្មាតេជោប្រែសភាពជាសន្ដប្បនតេជោ បើគ្រុនខ្លាំងរហូតមមើមមាយ មកពីឧស្មាតេជោប្រែប្រួលឡើងដល់កម្រឹតទហនតេជា, អ្នកដែលមានរោគបៀតបៀនរឿយៗ ឬអ្នកដែលចូលវ័យបច្ឆិមវ័យ ឧស្មាតេជោនោះឯងប្រែប្រួលជាជិរណតេជោ ធ្វើឱ្យរាងកាយទ្រុឌទ្រោមប្រាកដ មានសក់ស្កូវ ធ្មេញបាក់ ស្បែកជ្រីវជ្រួញជាដើម ។

….. ខ) ពាហិរតេជោ គឺធាតុភ្លើងខាងក្រៅដែលមានក្នុងវត្ថុដែលមិនមានវិញ្ញាណ ។

៣. កសិណតេជោ ឬអារម្មណតេជោ គឺភ្លើងដែលប្រើជាកសិណសម្រាប់ជាអារម្មណ៍ចម្រើនសមថកម្មដ្ឋាន ឱ្យបានបរិកម្មនិមិត្ត ឧគ្គហនិមិត្ត និងបដិភាគនិមិត្ត ។

៤. សម្មតិតេជោ ឬបកតិតេជោ គឺភ្លើងដែលសន្មតជាទូទៅ មានភ្លើងសម្រាប់ដាំស្លជាដើម ។

ចប់មហាភូតរូបទី ៣/រូបក្ខន្ធ(២៨) ដោយសង្ខេបតែប៉ុណ្ណេះ ។

តាអារាមប៊យ
៦ មិថុនា ២០១៨

🔸Last Updated កំណែចុងក្រោយ on July 1, 2018

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram