មនុស្សចូលទៅកើតក្នុងពោះម្ដាយតាមផ្លូវណា?

Milinda’s Questions(1)

“ព្រះនាគសេន” ជាភិក្ខុដែលមេធីជនក្នុងពុទ្ធសាសនមណ្ឌលទូទាំងសកលលោកស្គាល់តាមរយៈគម្ពីរ “មិលិន្ទបញ្ហា” ជាកំពូលភិក្ខុក្នុងការឆ្លើយសំណួរខសង្ស័យរបស់ព្រះបាទមិលិន្ទ ស្ដេចជនជាតិក្រិចដែលចូលមកត្រួតត្រាឥណ្ឌា ។ ព្រះអង្គសព្វព្រះទ័យក្នុងការជជែកបញ្ហាទស្សនវិជ្ជា ព្រមទាំងបញ្ហាជ្រៅៗ ក្នុងសាសនា ទ្រង់តែងធ្វើដំណើរទៅកាន់ទីកន្លែងនានា រួមទាំងវត្តអារាមក្នុងពុទ្ធសាសនាផងដែរ ហើយទ្រង់សួរប្រស្នាដេញដោលរហូតដល់ព្រះសង្ឃត្រូវគេចបោះបង់ចោលវត្ត…..
ប្រវត្តិរឿងរ៉ាវមិលិន្ទបញ្ហា មានអ្នកប្រាជ្ញសំខាន់ៗ ក្នុងលោកបានបញ្ចេញទស្សនៈទុកគួរឱ្យចាប់អារម្មណ៍ជាច្រើន ប៉ុន្ដែខ្ញុំសូមស្លេះរឿងនេះទុកមួយអន្លើសិនចុះ……

ខ្ញុំសូមលើកយកសំណួរខ្លីៗ របស់ព្រះបាទមិលិន្ទមកឱ្យប្រិយមិត្តបានអានកំសាន្ដអារម្មណ៍ខ្លះ ដូចតទៅនេះ-

————————-

ព្រះរាជាទ្រង់ត្រាស់សួរថា “លោកម្ចាស់ សត្វកាលចាប់បដិសន្ធិក្នុងគភ៌មាតា តើចូលចាប់បដិសន្ធិតាមទ្វារណា ?”
ព្រះថេរៈថ្វាយវិសជ្ជនាថា “ទ្វារសម្រាប់បដិសន្ធិគ្មានទេ សូមថ្វាយព្រះពរ”
រ. សូមលោកម្ចាស់ លើកឧបមាឱ្យករុណាខ្ញុំស្ដាប់មើល
ថ. ហិបកែវរបស់មហាបពិត្រ មានដែរឬទេ?
រ. មាន លោកម្ចាស់
ថ. សូមមហាបពិត្រគិតចូលទៅខាងក្នុងហិបកែវ
រ. គិតហើយ
ថ. ចិត្តរបស់មហាបពិត្រ កាលគិតចូលទៅក្នុងហិបកែវ ចូលទៅតាមទ្វារណាដែរ?
រ. មិនត្រូវការទ្វារណាទេ លោកម្ចាស់

ថ. សូមថ្វាយព្រះពរ ខនោះក៏ដូចគ្នា សត្វកាលនឹងចាប់បដិសន្ធិក្នុងភគ៌មាតា មិនបាច់អាស្រ័យទ្វារទេ ដូចចិត្តរបស់មហាបពិត្រចូលទៅក្នុងហិបកែវដូច្នោះឯង

រ. អស្ចារ្យណាស់លោកម្ចាស់ ៗ មិនធ្លាប់មានមកទេ លោកម្ចាស់ដោះប្រស្នាប្រៀបធៀបពីរោះណាស់ លោកម្ចាស់ឆ្លាតណាស់ ប្រសិនបើព្រះពុទ្ធជាម្ចាស់នៅមានព្រះជន្មនៅឡើយ ព្រះអង្គគប្បីប្រទានសាធុការជាប្រាកដមិនខានឡើយ ។

————————-
ប្រភពៈ- មិលិន្ទបញ្ហាៈ មាតុកុច្ឆិបដិសន្ធិបញ្ហា ទី ៧ (សំណួរការចាប់បដិសន្ធិក្នុងផ្ទៃម្ដាយ)

តាអារាមប៊យ
៦ សីហា ២០១៨

🔸កំណែចុងក្រោយ Last Updated on February 24, 2025 by Johnny ចន្នី

Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram