មគ្គ ៤

មគ្គ ៤ (ផ្លូវចូលដល់ភាវៈជាព្រះអរិយបុគ្គល, ញាណដែលធ្វើឱ្យលះសំយោជន៍បានយ៉ាងដាច់ខាត – Magga: the path)

១. សោតាបត្តិមគ្គ (មគ្គឱ្យបានដល់ចរន្តដែលនាំទៅកាន់ព្រះនិព្វានជាគ្រាដំបូង, មគ្គឱ្យបានដល់ភាវៈជាសោតាបន្ន ជាហេតុឱ្យលះសំយោជន៍បាន ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស – Sotāpatti-magga: the path of stream-entry)

២. សកទាគាមិមគ្គ (មគ្គឱ្យបានដល់ភាវៈជាព្រះសកទាគាមី ជាហេតុឱ្យលះសំយោជន៍ ៣ ខាងដើម និងធ្វើរាគៈ ទោសៈ មោហៈ ឱ្យស្ដួចស្ដើង – Sakadāgāmi-magga: the path of once-returning)

៣. អនាគាមិមគ្គ (មគ្គឱ្យបានដល់ភាវៈជាព្រះអនាគាមី ជាហេតុឱ្យលះសំយោជន៍ខាងក្រោមទាំង ៥ បាន – Anāgāmi-magga: the path of non-returning)

៤. អរហត្តមគ្គ (មគ្គឱ្យបានដល់ភាវៈជាព្រះអរហន្ត ជាហេតុឱ្យលះសំយោជន៍ទាំង ១០ បាន – Arahatta-magga: the path of Arahantship)

——————–

ដើម្បីឱ្យយល់គោលធម៌ខាងលើរឹតតែច្បាស់ឡើង ខ្ញុំសូមអារាធនាព្រះតម្រាស់របស់ព្រះពុទ្ធជាម្ចាស់ ដែលព្រះអង្គបានសម្ដែងទុក ប្រាកដក្នុងព្រះត្រៃបិដកលេខ ៤៣ អង្គុត្តរនិកាយ ចតុក្កនិបាត កម្មវគ្គ សមណសូត្រទី ១០, ខទី ៩១, ទំព័រ ២៤៦  មានសេចក្ដីថាៈ

កតមោ ច ភិក្ខវេ បឋមោ សមណោ? ឥធ ភិក្ខវេ ភិក្ខុ តិណ្ណំ សំយោជនានំ បរិក្ខយា សោតាបន្នោ ហោតិ អវិនិបាតធម្មោ និយតោ សម្ពោធិបរាយនោ ។ អយំ ភិក្ខវេ បឋមោ សមណោ ។
ម្នាលភិក្ខុទាំងឡាយ ក៏សមណៈទី ១ តើដូចម្ដេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ព្រោះអស់សំយោជនៈ ៣ ជាសោតាបន្នបុគ្គល  មានកិរិយាមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹងប្រព្រឹត្តទៅខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសមណៈទី ១ ។

កតមោ ច ភិក្ខវេ ទុតិយោ សមណោ? ឥធ ភិក្ខវេ ភិក្ខុ តិណ្ណំ សំយោជនានំ បរិក្ខយា រាគទោសមោហានំ តនុត្តា សកទាគាមី ហោតិ, សកិទេវ ឥមំ លោកំ អាគន្ត្វា ទុក្ខស្សន្តំ ករោតិ ។ អយំ ភិក្ខវេ បឋមោ សមណោ ។
ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ២ តើដូចម្ដេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ព្រោះអស់សំយោជន៍ ៣ (និង)ព្រោះរាគៈទោសៈមោហៈទាំងឡាយស្រាលស្ដើង ជាព្រះសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀតប៉ុណ្ណោះ ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសមណៈទី ២ ។

កតមោ ច ភិក្ខវេ តតិយោ សមណោ? ឥធ ភិក្ខវេ ភិក្ខុ បញ្ចន្នំ ឱរម្ភាគិយសំយោជនានំ បរិក្ខយា អនាគាមី ឱបបាតិកា ហោតិ តត្ថ បរិនិព្វាយី អនាវត្តធម្មោ តស្មា លោកា ។ អយំ ភិក្ខវេ តតិយោ សមណោ ។
ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ៣ តើដូចម្ដេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ព្រោះអស់ឱរម្ភាគិយសំយោជន៍ ៥ ជាឱបបាតិកកំណើត បរិនិព្វានក្នុងទីនោះ មិនវិលត្រឡប់ចាកលោកនោះជាធម្មតា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសមណៈទី ៣ ។

កតមោ ច ភិក្ខវេ ចតុត្ថោ សមណោ? ឥធ ភិក្ខវេ ភិក្ខុ អាសវានំ ខយា អនាសវា ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា ឧបសម្បជ្ជ វិហរតិ ។ អយំ ភិក្ខវេ ចតុត្ថោ សមណោ ។
ម្នាលភិក្ខុទាំងឡាយ ចុះសមណៈទី ៤ តើដូចម្ដេច ? ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ បានធ្វើឱ្យជាក់ច្បាស់នូវចេតោវិមុត្តិបញ្ញាវិមុត្តិដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែងដោយខ្លួនឯងនៅក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសមណៈទី ៤ ។

ឥធ ភិក្ខវេ បឋមោ សមណោ ឥធ ទុតិយោ សមណោ ឥធ តតិយោ សមណោ ឥធ ចតុត្ថោ សមណោ សុញ្ញា បរប្បវាទា សមណេហិ អញ្ញេហិ ឯវមេតំ ភិក្ខវេ សម្មា សីហនាទំ នទថ ។

ម្នាលភិក្ខុទាំងឡាយ សមណៈទី ១ ទី ២ ទី ៣ ទី ៤ មាន(តែ)ក្នុងធម្មវិន័យនេះ បរប្បវាទ(វាទៈដទៃ/លទ្ធិដទៃ)ទាំងឡាយ សូន្យចាកសមណៈដទៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរបន្លឺនូវសីហនាទ ដោយប្រពៃយ៉ាងនេះចុះ ។
(សេចក្ដីខាងចុងនេះ បញ្ជាក់ប្រាប់ថា នៅក្នុងសាសនាដទៃគ្មានព្រះអរិយបុគ្គលទេ)

តាអារាមប៊យ
១ មេសា ២០១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram