ភព ៣/ ភូមិ ៤

ភព ៣ (ភាវៈជីវិតរបស់សត្វ, លោកជាទីនៅរបស់សត្វ – Bhava: existence; sphere)
 
១. កាមភព (ភពដែលជាកាមាវចរ, ភពរបស់សត្វដែលនៅសោយកាមគុណអារម្មណ៍តាមផ្លូវឥន្ទ្រិយទាំង ៥ បានដល់ អបាយ ៤, មនុស្សលោក ១, និងកាមាវចរសួគ៌ទាំង ៦ ជាន់ – Kāma-bhava: the Sense-Sphere)
 
២. រូបភព (ភពដែលជារូបាវចរ, ភពរបស់សត្វអ្នកបានឈាន បានដល់រូបព្រហ្មទាំង ១៦ ជាន់ – Rūpa-bhava: the Form-Sphere; Fine-Material Sphere)
 
៣. អរូបភព (ភពដែលជាអរូបាវចរ, ភពរបស់សត្វអ្នកបានអរូបឈាន បានដល់អរូបព្រហ្ម ៤ ជាន់ – Arūpa-bhava: the Formless-Sphere; Immaterial Sphere)
 
———————————–
 
ភូមិ ៤ (ជាន់ថ្នាក់នៃចិត្ត, កម្រិតចិត្ត, កម្រិតជីវិត – Bhūmi: planes of consciousness; planes of existence; degrees of spiritual development)
 
១. កាមាចវរភូមិ (ជាន់ដែលត្រាច់នៅក្នុងកាម, កម្រិតចិត្តដែលនៅប្រារព្ធកាមជាអារម្មណ៍, កម្រិតចិត្តរបស់សត្វក្នុងកាមភពទាំង ១១ ជាន់ – Kāmāvacara-bhūmi: sensuous plane)
 
២. រូបាវចរភូមិ (ជាន់ដែលត្រាច់នៅក្នុងរូប, កម្រិតចិត្តដែលប្រារព្ធរូបធម៌ជាអារម្មណ៍, កម្រិតចិត្តរបស់លោកអ្នកបានរូបឈាន ឬអ្នកនៅក្នុងរូបភពទាំង ១៦ ជាន់ – Rūpāvacara-bhūmi: form-plane)
 
៣. អរូបាវចរភូមិ (ជាន់ដែលត្រាច់នៅក្នុងអរូប, កម្រិតចិត្តដែលប្រារព្ធអរូបធម៌ជាអារម្មណ៍, កម្រិតចិត្តរបស់លោកអ្នកបានអរូបឈាន ឬអ្នកនៅក្នុងអរូបភពទាំង ៤ ជាន់ – Arūpāvacara-bhūmi: formless plane)
 
៤. លោកុត្តរភូមិ (ជាន់ដែលផុតពីលោក, កម្រិតនៃលោកុត្តរធម៌, កម្រិតចិត្តរបស់ព្រះអរិយបុគ្គលដែលផុតពីលោកិយភូមិ ៣ ខាងដើម – Lokutta-bhūmi: supramundane plane) ។ ខនេះក្នុងបាលីដែលជាអាគតដ្ឋាន ហៅថា អបរិយាបន្នភូមិ ។
——————————
ភព និង ភូមិ
ពាក្យទាំង ២ ជាពាក្យបច្ចេកទេស ជាពាក្យមានអត្ថន័យចំពោះរឿងដែលលោកប្រើក្នុងពុទ្ធធម៌ ។ ពាក្យថា ភពលោកប្រើសំដៅយកស្ថានជាទីកើតរបស់សត្វ ឧ. កាមភព (កាម+ភព) ជាទីដែលសត្វសេពនូវអារម្មណ៍ដែលជាកាម គឺរូប សំឡេង ក្លិន រស សម្ផស្ស, អបាយសត្វមនុស្សនិងទេវតាសុទ្ធតែសេពតែអារម្មណ៍ប្រភេទនេះ មិនថារូបទេសភាព រូបផ្កា រូបសម្លៀកបំពាក់ រូបគ្រឿងអលង្ការ រូបរថយន្ដ ។ល។ រៀបរាប់ឈ្មោះមិនអស់ លោកប្រើពាក្យតែមួយម៉ាត់ថារូប អារម្មណ៍ដទៃគឺសំឡេង ក្លិន រស សម្ផស្ស្ ក៏ដូចគ្នា ។ ភពជាស្ថានទីកើតរបស់សត្វនេះហើយដែលជាសង្សារវដ្ដដែលយោនយកកំណើតកើតក្នុងកំណើតផ្សេងៗ តាមអំណាចកម្មរបស់ខ្លួន ។
 
ចំណែកពាក្យថា ភូមិ លោកប្រើសំដៅយកជាន់ថ្នាក់ឬកម្រិតរបស់ចិត្តទៅវិញ សត្វទៅកើតនៅក្នុងភពណាៗ ក៏ត្រូវតែមានចិត្តទៅកើតជាមួយខ្លួន លោកក៏ហៅតាមភពនោះៗ ។ ប៉ុន្ដែបុគ្គលខ្លះរស់នៅក្នុងកាមភពមានមនុស្សលោកជាដើម គេអាចអភិវឌ្ឍចិត្តរបស់ខ្លួនឱ្យខ្ពស់ឡើង ដោយការចម្រើនភាវនារហូតដល់បានរូបឈាន អរូបឈាន ឬសម្រេចជាព្រះអរិយបុគ្គល ទោះជាកាយនៅក្នុងកាមភព តែចិត្តរបស់បុគ្គលនោះបែរជានៅក្នុងកម្រិតជារូបាវចរភូមិ អរូបាវចរភូមិ ឬលោកុត្តរភូមិ តាមកម្រិតនៃចិត្តរបស់គេដូច្នេះជាដើម ។ ហេតុដូច្នេះ កាយរបស់បុគ្គលនៅក្នុងកាមភព តែចិត្តអាចនៅក្នុងកម្រិតថ្នាក់ដែលខ្ពស់ឡើង មានរូបាវចរភូមិ អវរូបាវចរភូមិ ឬលោកុត្តរភូមិក៏បាន ។
 
ភពមានតែ ៣ ព្រោះថាលោកុត្តរភពមិនមានឡើយ ព្រោះព្រះអរហន្ដបរិនិព្វានហើយ មិនកើតក្នុងទីណាៗ ឡើយ និព្វានមិនមែនជាភព ទាំងមិនមានភពជាទីតាំងរបស់និព្វានទេ ហេតុនេះលោកុត្តរភពមិនមានទេ ។ ចំណែកភូមិមាន ៤ ព្រោះថាក្នុងកាមភព(វៀរលែងអបាយភូមិ)ក្ដី ក្នុងរូបភព(វៀរលែងអសញ្ញីសត្វ)ក្ដី ក្នុងអរូបភពក្ដី អាចមានព្រះអរិយបុគ្គលនៅក្នុងភពទាំង ៣ នេះ ដែលចិត្តរបស់លោកនៅក្នុងកម្រិតថ្នាក់លោកុត្តរភូមិ ដូច្នេះទើបភូមិមាន ៤ ។
—————————
ភព ៣ និងភូមិ ៤ នេះជាគោលធម៌ដែលសម្ដែងជាក្រុមៗ រួមប៉ុណ្ណោះ ខ្ញុំនឹងសរសេរបង្ហោះអំពីលម្អិតទាំង ៣១របស់ភូមិ ៤ នៅពេលក្រោយ ។
 
តាអារាមប៊យ
២៦ មិថុនា ២០១៩

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram