ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧)

The Pali Canon: What a Buddhist Must Know (7)

ព្រះត្រៃបិដក : គម្ពីរដែលពុទ្ធសាសនិកត្រូវតែដឹង(៧)

———————

សង្គាយនាៈ ការសូត្រសមផ្ទៀងផ្ទាត់ពុទ្ធវចនៈ

សង្គាយនាគឺអ្វី?

កាលបើ “ការថែរក្សាព្រះពុទ្ធវចនៈ” ឱ្យគង់វង្ស ជាសារៈសំខាន់ក្នុង “ការថែរក្សាព្រះពុទ្ធសាសនា” ដូច្នេះហើយ ទើប “ការថែរក្សាព្រះពុទ្ធវចនៈ” ចាត់ថាជាការចាំបាច់ថ្នាក់ឧក្កដ្ឋៈនិងសំខាន់យ៉ាងក្រៃលែង ។

ព្រោះហេតុដូច្នេះហើយ ទើបមានសេចក្ដីព្យាយាមថែរក្សាព្រះពុទ្ធវចនៈរៀងរហូតមក តាំងតែពីសម័យពុទ្ធកាល គឺតាំងតែពីសម័យព្រះពុទ្ធជាម្ចាស់នៅមានព្រះជន្មនៅឡើយ ។

កាលសម័យចុងពុទ្ធកាលហើយ និគ្រន្ថនាដបុត្រសាស្ដានៃសាសនាជេនបានដល់មរណកាល ពួកសាវ័ករបស់ព្រះអង្គមិនបានរួបរួមពាក្យប្រៀនប្រដៅទុក និងមិនបានយល់ព្រមស្របគ្នាឱ្យច្បាស់លាស់ កាលអស់ពីសាស្ដាទៅ ពួកសាវ័កកើតបែកបាក់ឈ្លោះវិវាទគ្នា តើសាស្ដារបស់ខ្លួនបង្រៀនថាដូចម្ដេច?

កាលនោះព្រះចុន្ទត្ថេរបាននាំដំណឹងនេះមកក្រាបទូលព្រះពុទ្ធជាម្ចាស់ ទើបព្រះអង្គបានត្រាស់ណែនាំឱ្យព្រះសង្ឃទាំងពួងរួមគ្នាសង្គាយនាព្រះធម៌ទាំងឡាយទុក ដើម្បីឱ្យព្រះសាសនាស្ថិតនៅបានយឺនយូរ ដើម្បីជាប្រយោជន៍សុខដល់ពហុជនានុជន ។

ពេលនោះ ព្រះសារីបុត្រអគ្គសាវ័កដែលនៅមានព្រះជន្មនៅឡើយ បានប្រារព្ធរឿងនេះ បានពោលថា បញ្ហារបស់សាសនាជេននោះ កើតឡើងព្រោះមិនបានរួបរួមចងក្រងពាក្យប្រៀនប្រដៅទុក ព្រោះហេតុដូច្នេះ ព្រះសាវ័កទាំងពួងរបស់ព្រះពុទ្ធជាម្ចាស់នៃយើងនេះ គួរធ្វើសង្គាយនា គឺរួបរួមចងក្រងប្រមូលពាក្យប្រៀនប្រដៅរបស់ព្រះអង្គទុកសម្រាប់ជាគោល ជាបែបផែនឱ្យមានឯកភាពតែមួយ ។

កាលបានប្រារព្ធដូច្នោះហើយ ព្រះសារីបុត្រក៏បានសម្ដែងវិធីការសង្គយនាទុកជាបែបយ៉ាង ចំពោះព្រះភក្ត្រព្រះពុទ្ធជាម្ចាស់ដែលមានព្រះសង្ឃនៅគង់គាល់ត្រៀបត្រា ដោយលោកបានរួបរួមពាក្យប្រៀនប្រដៅដែលព្រះពុទ្ធជាម្ចាស់បានសម្ដែងទុកជាខផ្សេងៗ យកមកសម្ដែងតាមលំដាប់ពួក ចាប់ផ្ដើមពីពួកមួយ ដល់ពួកដប់ ។ កាលព្រះសារីបុត្រសម្ដែងចប់ហើយ ព្រះពុទ្ធជាម្ចាស់ក៏បានប្រទានសាធុការគោលធម៌ដែលព្រះសារីបុត្របានសម្ដែងទុកនេះ ចាត់ជាព្រះសូត្រមួយហៅថា “សង្គីតិសូត្រ” ប្រែងាយៗថា “ព្រះសូត្រស្ដីអំពីការសង្គាយនា ឬសង្គីតិ” មានប្រាកដក្នុងទីឃនិកាយនៃព្រះសុត្តន្ដបិដក ។

វិធីអភិរក្សព្រះពុទ្ធវចនៈ ក៏គឺការរួបរួមពាក្យប្រៀនប្រដៅដែលព្រះពុទ្ធជាម្ចាស់បានត្រាស់ទុក ហើយចាត់ជាវគ្គជាពួកជាក្រុម ស្រួលដល់ការកំណត់កត់ចាំបានងាយ ព្រមទាំងសូត្រសមផ្ទៀងផ្ទាត់ឱ្យចុះសម្រុងរវាងគ្នានិងគ្នា ហើយសូត្រស្វាធ្យាយព្រមគ្នា សម្ដែងការទទួលយល់ស្របទុកជាបែបផែន ដើម្បីចងចាំបន្ដរៀងមក វិធីនេះហៅថា សង្គាយនា ឬ សង្គីតិ ប្រែតាមតួអក្សរថា ការសូត្រព្រមៗ គ្នា (សំ= “ព្រមគ្នា” + គាយនា ឬ គីតិ = “ការសូត្រ”) ។

ពាក្យថា សង្គាយនា ប្រែជាភាសាអង់គ្លេសថា rehearsal ខ្លះ communal recital ខ្លះ communal recitation ខ្លះ ជួនកាលមានការប្រៀបធៀបនឹងគន្លងគំនិតបស្ចិមប្រទេស ជាពិសេសច្រើនតែហៅ សង្គាយនាថា Buddhist Council ។ ក្នុងន័យផ្ទុយគ្នា ពាក្យថា council (ឧ. Vatican Council ក្នុងគ្រិស្ដសាសនា) ក៏ប្រែថា សង្គាយនា ដែរ អត្ថន័យរបស់ពាក្យទាំងពីរនេះ ប្រៀបគ្នាបានក្នុងជ្រុងជ្រោយខ្លះ ប៉ុន្តែដោយពិតទៅ មិនដូចគ្នាសោះឡើយ ។

ការប្រជុំ council របស់គ្រិស្ដសាសនា ជាការចូលរួមប្រជុំយល់ព្រមក្នុងរឿងទំនាស់ផ្នែកពាក្យប្រៀនប្រដៅ ការកំណត់គោលជំនឿ និងការកំណត់នយោបាយក្នុងការផ្សព្វផ្សាយសាសនារបស់គេ ប៉ុន្តែការសង្គាយនាក្នុងព្រះពុទ្ធសាសនា ជាការអភិរក្សពាក្យប្រៀនប្រដៅទុកឱ្យត្រឹមត្រូវបំផុត មិនឱ្យបុគ្គលណាមួយមកកែខៃឱ្យឃ្លៀងឃ្លាត ឬកាត់តែងបន្ថែមបន្ថយតាមចំណង់ចិត្ត យើងគ្រាន់តែមកផ្ទៀងពិនិត្យឡើងវិញ មកសូត្រសមផ្ទៀងផ្ទាត់រួមគ្នា បុគ្គលណាមួយជឿឬបង្រៀនឃ្លៀងឃ្លាត ឬខុសទីទៃផ្សេងចេញទៅ ក៏មកតម្រែតម្រង់ឱ្យត្រឹមត្រូវតាមពាក្យប្រៀនប្រដៅដើម ។

—————————–

ដោយអត្ថបទប្រែនេះមានសេចក្ដីវែង ខ្ញុំសូមបង្ហោះបំបែកភាសាខ្មែរនិងភាសាអង់គ្លេសចេញផ្សេងពីគ្នា ប្រិយមិត្តអាចអានមួយណាក៏បាន ខ្ញុំបានបង្ហោះទាំង ២ ភាសា ។

សេចក្ដីប្រែជាខេមរភាសានេះ គ្រាន់តែជាជំនួយសម្រាប់អ្នកដែលអានអង់គ្លេសមិនបានប៉ុណ្ណោះ ។
ដកស្រង់ពីៈ The Pali Canon: What a Buddhist Must Know.
By Ven. Bhikkhu P.A. Payutto

ប្រែសម្រួលអត្ថបទដោយ តាអារាមប៊យ
១៣ សីហា ២០១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram