ធម៌ដើម្បីសម្ពន្ធភាពក្នុងសង្គមមនុស្ស “សិង្គាលកសូត្រ” គ្រាទី ១
ខ្ញុំនឹងផុស្ដបន្ដគ្នាច្រើនដងរហូតដល់ចប់ សម្រាប់ជូនជាធម្មបណ្ណាការចំពោះប្រិយមិត្តទាំងអស់ សម្រាប់ពិចារណាបង្អោនចូលមកបដិបត្តិឱ្យកើតសម្ពន្ធភាពដ៏ល្អជាសិរីមង្គលចំពោះខ្លួងផង និងចំពោះសង្គមផង
ជាបឋមសូមជូនសេចក្ដីសង្ខេបនៃ សិង្គាលកសូត្រ ដូចតទៅនេះ
សម័យមួយ ព្រះមានព្រះភាគទ្រង់គង់ក្នុងវត្តវេឡុវន(វត្តព្រៃឫស្សី ព្រះបាទពិម្ពិសារថ្វាយ) ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង កូនគហបតីឈ្មោះសិង្គាលកៈ ក្រោកឡើងអំពីព្រឹកមានសំពត់ស្លៀកដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទាំងឡាយ ។ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគស្ដេចយាងទៅបិណ្ឌបាតបានជួបនឹងសិង្គាលកគហបតិបុត្រ ព្រះអង្គត្រាស់សួរថា ហេតុអ្វីបានជាអ្នកថ្វាយបង្គំទិសទាំងឡាយ ?
សិ. បពិត្រព្រះអង្គដ៏ចម្រើន កាលបិតារបស់ខ្ញុំជិតនឹងធ្វើមរណកាល បានផ្តាំនឹងខ្ញុំព្រះអង្គយ៉ាងនេះថា ហៃបា អ្នកត្រូវតែថ្វាយបង្គំទិសទាំងឡាយ ខ្ញុំព្រះអង្គធ្វើសក្ការៈគោរព រាប់អាន បូជា នូវពាក្យរបស់បិតា បានជាផ្គងអញ្ជលីថ្វាយបង្គំទិសទាំងឡាយ ។
ភ. នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈគេមិនត្រូវថ្វាយបង្គំទិសទាំង ៦ យ៉ាងដូច្នេះទេ ។
សិ. បពិត្រព្រះអង្គដ៏ចម្រើន ក្នុងអរិយវិន័យគេគប្បីថ្វាយបង្គំទិសទាំង ៦ ដូចម្តេច? សូមព្រះមានព្រះភាគសម្ដែងធម៌ដល់ខ្ញុំព្រះអង្គផងចុះ ។
តទៅជាសារៈធម៌សម្ដែងអំពីទិស ៦…..
ទិស ៦ (បានដល់បុគ្គលប្រភេទផ្សេងៗ ដែលយើងទំនាក់ទំនង មានសម្ពន្ធភាពក្នុងសង្គមដូចទិសដែលនៅជុំវិញខ្លួន-Disā: directions; quarters)
១. បុរត្ថិមទិស (ទិសខាងមុខ គឺទិសខាងកើត បានដល់មាតាបិតា ព្រោះមានឧបការៈចំពោះយើងមុនគេ- Puratthima-disā: parents as the east or direction in front)
ក. បុត្រធិតាគប្បីទំនុកបម្រុងមាតាបិតាអ្នកជាទិសខាងមុខដូចតទៅនេះ
…… 1) លោកបានចិញ្ចឹមយើងមកហើយ ចិញ្ចឹមលោកតប
…… 2) ជួយធ្វើការងាររបស់លោក
…… 3) ថែរក្សាវង្សត្រកូល
…… 4) ប្រព្រឹត្ដខ្លួនឱ្យសមគួរដល់ភាពជាទាយាទ
…… 5) កាលលោកធ្វើកាលកិរិយាទៅហើយ ធ្វើបុណ្យឧទ្ទិសជូនលោក
In five ways a child should minister to his parents as the eastern quarter (saying to himself):
…… a) Having been supported by them I will support them in my turn.
…… b) I will do their work for them.
…… c) I will keep up the honour and the traditions of my family.
…… d) I will make myself worthy of my heritage.
…… e) I will make offering, dedicating merit to them after their death.
ខ. មាតាបិតារមែងអនុគ្រោះបុត្រធីតាដូចតទៅនេះ
…… 1) ហាមឃាត់កូនចាកអំពើអាក្រក់
…… 2) ឱ្យតាំងនៅក្នុងទង្វើល្អ
…… 3) ឱ្យសិក្សាសិល្បសាស្ដ្រ
…… 4) រកគូស្រករដ៏សមគួរឱ្យ
…… 5) ប្រគល់ទ្រព្យឱ្យក្នុងកាលដ៏សមគួរ
In five ways his parents, thus served as the eastern quarter, show their love for him:
….. a) They keep him back from evil.
….. b) They train him in virtue.
….. c) They have him taught arts and sciences.
….. d) They arrange for his marriage to a suitable wife.
….. e) They hand over his inheritance to him in due time.
————————————————-
២. ទក្សិណទិស (ទិសខាងស្ដាំ គឺទិសខាងត្បូង….. នឹងបន្ដនៅផុស្ដក្រោយ….
បើឃើញមានខុស សូមមេត្តាចង្អុលប្រាប់កំហុសខុសឆ្គងឱ្យផង
ត្រៃបិដកខ្មែរៈ ភាគ ១៩, ទីឃនិកាយ បាដិកវគ្គ ទំព័រ ៦៩ ខទី ៤៣ – …..
តាអារាមប៊យ
ខែវិច្ឆិកា ២៤, ២០១៧
🔸Last Updated កំណែចុងក្រោយ on March 26, 2023