ការយល់រឿងរូប
បញ្ចក្ខន្ធ ប្រែថា ខន្ធ ៥ (បញ្ច=៥ + ខន្ធ=ក្រុម, កង, គំនរ) ហៅបែបខ្លីគឺ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ។
————————–
សូមនិយាយអំពី រូប ឬរូបក្ខន្ធ ដែលជាគោលដោយសង្ខេប
១. រូបក្ខន្ធ គឺកងឬក្រុមរូប, ចំណែកដែលជារូប រាងកាយ ព្រឹត្តិកម្ម និងគុណសម្បត្តិផ្សេងៗ របស់ចំណែកដែលជារាងកាយ, អង្គប្រកបផ្នែករូបធម៌ទាំងអស់ មានលម្អិតដោយខ្លីដូចតទៅនេះ
1- មហាភូតរូប ៤ គឺបឋវី តេជោ អាបោ វាយោ
2 – បសាទរូប ៥ គឺ ចក្ខុបសាទរូប សោត- ឃាន- ជិវ្ហា- កាយបសាទរូប
3 – វិសយរូប ៤ គឺ វណ្ណរូប សទ្ទរូប គន្ធរូប រសរូប
4 – ភាវរូប ២ គឺ ឥត្ថីភាវរូប បុរិសភាវរូប
5 – ហទយរូប ១ គឺហទយវត្ថុ
6 – ជីវិតរូប ១ គឺ ជីវិតិន្ទ្រិយរូប
7 – អាហាររូប ១ គឺ រូបដែលបានមកពីកវឡីការាហារ
8 – បរិច្ឆេទរូប ១ គឺ អាកាសធាតុចន្លោះរូបកលាបនិងរូបកលាប
9 – វិញ្ញត្តិរូប ២ គឺ កាយវិញ្ញត្តិរូប និងវចីវិញ្ញត្តិរូប
10 – វិការរូប ៣ គឺ លហុតារូប មុទុតារូប កម្មញ្ញតារូប
11 – លក្ខណរូប ៤ គឺ ឧបចយរូប សន្ដតិរូប ជរតារូប អនិច្ចតារូប
រូបក្ខន្ធ រួមទាំងអស់ជារូប ២៨
—————————
កាលផុស្ដភាវនា ២ ឬកម្មដ្ឋាន ២ (សមថ- + វិបស្សនា-) រួចហើយមានប្រាប់ថា វិបស្សនា មានរូប-នាមជាអារម្មណ៍ គឺការបដិបត្តិវិបស្សនា ត្រូវប្រើសតិកំណត់ដឹងរូប-នាមក្នុងបច្ចុប្បន្នខណៈជាគោលចំបង ។
អ្នកដែលស្ដាប់ការអធិប្បាយអំពីវិបស្សនា នឹងឮពាក្យថារូប-នាមរហូត ហើយអ្នកដែលមិនសូវបានសិក្សាធម៌អាចគិតដោយខ្លួនឯងថា កំណត់ដឹងរូបគឺរូបដែលឃើញដោយភ្នែក តែមិនដឹងថាៈ
មិនត្រឹមតែរូបដែលដឹងដោយភ្នែកប៉ុណ្ណោះដែលជារូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ក៏ជារូប(រូបធម៌)ដែរ ។
គ្រប់ខណៈជីវិតដែលមិនដេកលក់ យើងទទួលដឹងលោកជុំវិញខ្លួនយើងតាមរយៈ ៥ ផ្លូវ គឺ
– ភ្នែក(ចក្ខុវិញ្ញាណ) ឃើញរូប(រូបារម្មណ៍=វណ្ណរូប=ពណ៌)
– ត្រចៀក(សោតវិញ្ញាណ) ឮសំឡេង(សទ្ទារម្មណ៍=សទ្ទរូប=សំឡេងខ្ពស់-ទាប)
– ច្រមុះ(ឃានវិញ្ញាណ) ធំក្លិន(គន្ធារម្មណ៍=គន្ធរូប=ក្លិនផ្សេងៗ)
– អណ្ដាត(ជិវ្ហាវិញ្ញាណ) ដឹងរស(រសារម្មណ៍=រសរូប=រសជាតិផ្សេងៗ)
ទាំង ៤ នេះមើលគោលខទី 3 ខាងលើ ។
– កាយ(កាយវិញ្ញាណ) ដឹងផោដ្ឋព្វ(ផោដ្ឋព្វារម្មណ៍=រឹង-ទន់=បឋវី, ក្ដៅ-ត្រជាក់=តេជោ, តឹង-ធូ=វាយោ => គឺមហាភូតរូប ៣ ខាងដើម) មើលគោលខទី 1 ខាងលើ ។
រូប សំឡេង ក្លិន រស ទាំង ៤ នេះហៅថា“វិសយរូប” គឺរូបដែលជាអារម្មណ៍របស់ភ្នែក ត្រចៀក ច្រមុះ និងអណ្ដាត ឬហៅម្យ៉ាងទៀតថា“គោចររូប” គឺរូបដែលជាទីគោចរ(ត្រាច់ទៅ)របស់ភ្នែក ត្រចៀក ច្រមុះ និងអណ្ដាត (មើលគោលខទី 3 ខាងលើម្ដងទៀត) ។ធម្មជាតិដែលជាតួដឹងអារម្មណ៍ទាំងនេះគឺចិត្ត ហៅបែបពេញថា ចក្ខុវិញ្ញាណ…… ជិវ្ហាវិញ្ញាណ រួមទាំងកាយវិញ្ញាណនិងមនោវិញ្ញាណផង ត្រូវជា ៦ ។ ចំណែកធម្មជាតិដែលត្រូវចិត្ដដឹង ហៅបែបពេញថា រូបារម្មណ៍ … ។ល។… ធម្មារម្មណ៍ ។
សរុបៈ រូបគឺធម្មជាតិត្រូវចិត្តដឹង(the known), នាមគឺធម្មជាតិជាអ្នកដឹង(the knower)
តាមការអធិប្បាយដោយខ្លីនេះ ខ្ញុំសង្ឃឹមថានឹងធ្វើឱ្យយល់ពាក្យថា “រូប ឬរូបធម៌” បានច្បាស់ឡើង រឿងរូបនៅមានលម្អិតត្រូវយល់ច្រើនទៀត ឧ. កលាបរូបគឺក្រុមរូបផ្សេងៗ ក្រុមរូបដែលតូចបំផុត(បរមាណូ)មានរូបកើតរួមជាមួយគ្នា មិនបែកចេញពីគ្នាមាន ៨ រូបគឺធាតុ ៤, វណ្ណៈ គន្ធៈ រសៈ និងឱជៈ ជាដើម។
ខ្ញុំសរសេរបែបប្រញាប់ មិនបានរៀបពាក្យឃ្លាប្រយោគឱ្យបានល្អទេ ប្រិយមិត្តណាឃើញកំហុសខុសឆ្គងត្រង់ណា មេត្តាជួយប្រាប់យកបុណ្យផង សូមអរគុណ ។
តាអារាមប៊យ
១៩ ឧសភា ១៨
🔸Last Updated កំណែចុងក្រោយ on March 26, 2023