កម្ម ១២

កម្ម ១២ (អំពើដែលប្រកបដោយចេតនា ទោះល្អក្ដី អាក្រក់ក្ដី, ក្នុងទីនេះសំដៅយកកម្មប្រភេទផ្សេងៗ ព្រមទាំងគោលច្បាប់ដែលទាក់ទងនឹងការឱ្យផលរបស់កម្មប៉ុណ្ណោះ – Kamma: karma; kamma; volitional action)

ពួកទី ១ ពោលដោយបាកកាល គឺបែងចែកតាមកាលនៃការឱ្យផល (Classification according to the time of ripening or taking effect)
១. ទិដ្ឋធម្មវេទនីយកម្ម (កម្មឱ្យផលក្នុងកាលបច្ចុប្បន្នគឺក្នុងភពនេះ – Diṭṭhadhammavedanῑya-kamma: karma to be experienced here and now; immediately effective kamma)
២. ឧបបជ្ជវេទនីយកម្ម (កម្មឱ្យផលក្នុងភពដែលនឹងទៅកើតគឺក្នុងភពខាងមុខ – Upapajjavedanῑya-kamma: karma to be experienced on rebirth; kamma ripening in the next life)
៣. អបរាបរិយវេទនីយកម្ម (កម្មឱ្យផលក្នុងភពតៗ ទៅ – Aparāpariyavedanῑya-kamma: karma to be experienced in some subsequent becoming; indefinitely effective kamma)
៤. អហោសិកម្ម (កម្មឈប់ឱ្យផល មិនមានផលតទៅទៀត – Ahosi-kamma: lapsed or defunct kamma)

ពួកទី ២ ពោលដោយកិច្ច គឺបែងចែកការឱ្យផលតាមតួនាទី (classification according to function)
៥. ជនកកម្ម (កម្មតាក់តែងកំណើត, កម្មជាតួនាំទៅកើត – Janaka-kamma: productive karma; reproductive karma)
៦. ឧបត្ថម្ភកកម្ម (កម្មឧបត្ថម្ភ, កម្មដែលចូលជួយគាំទ្រឬបន្ថែមបន្ដពីជនកកម្ម – Upatthambhaka-kamma: supportive kamma; consolidating kamma)
៧. ឧប្បីឡកកម្ម (កម្មជាគំនាប, កម្មដែលឱ្យផលបៀតបៀនផលនៃជនកកម្មនិងឧបត្ថម្ភកកម្មនោះ ឱ្យផ្លាស់ប្ដូរបន្ធូរបន្ថយឱ្យខ្សោយចុះ កាត់បន្ថយវិបាកមិនឱ្យប្រព្រឹត្តទៅយូរអង្វែង – UpapῑỊaka-kamma: obstructive karma; frustrating kamma)
៨. ឧបឃាតកកម្ម (កម្មកាត់ផ្ដាច់, កម្មមានកម្លាំងខ្លាំង ជាបដិបក្សនឹងជនកកម្ម និងឧបត្ថម្ភកកម្ម ចូលកាត់ផ្ដាច់ផលរបស់កម្មទាំង ២ យ៉ាងនោះឱ្យដាច់ទៅ ដូចជា អ្នកកើតក្នុងត្រកូលខ្ពង់ខ្ពស់ ស្ដុកស្ដម្ភ តែអាយុខ្លី ជាដើម – Upaghātaka-kamma: destructive karma; supplanting kamma)

ពួកទី ៣ ពោលដោយបាកទានបរិយាយ គឺបែងចែកតាមកម្លាំងនៃការឱ្យផល (classification according to the order of ripening)
៩. គរុកកម្ម (កម្មធ្ងន់ ឱ្យផលមុនកម្មដទៃ បានដល់សមាបត្តិ ៨ ឬអនន្ដរិយកម្ម – Garuka-kamma: weighty kamma)
១០. ពហុលកម្ម ឬអាចិណ្ណកម្ម (កម្មធ្វើដោយច្រើន ឬកម្មជាទម្លាប់ ធ្វើញឹកញាប់ ឱ្យផលបន្ទាប់ពីគរុកម្ម – Bahula-kamma, Āciṇṇa-kamma: habitual kamma)
១១. អាសន្នកម្ម(កម្មជិត គឺកុសលកម្មឬអកុសលកម្មដែលធ្វើក្នុងកាលជិតអស់ជីវិត បើគ្មានកម្ម ២ ខមុនទេ ក៏នឹងឱ្យផលមុន – Āsanna-kamma: death-threshold kamma; proximate kamma)
១២. កតត្តាកម្ម ឬកតត្តាវាបនកម្ម (កម្មគ្រាន់តែធ្វើ, កម្មដែលធ្វើដោយចេតនាដ៏ទន់ខ្សោយ ឬមិនមានចេតនាយ៉ាងនោះដោយត្រង់ កាលបើគ្មានកម្មដទៃឱ្យផល ទើបកម្មនេះឱ្យផល – Katattā-kamma: reserve kamma; casual act)

កម្ម ១២ ឬកម្ម ៣ ពួកនេះ មិនមានក្នុងព្រះបាលី គឺព្រះត្រៃបិដកតាមរូបបែបនេះដោយត្រង់ទេ បុរាណាចារ្យមានព្រះពុទ្ធឃោសាចារ្យជាដើម បានរួបរួមចាត់រៀងលំដាប់ទុកក្នុងសម័យក្រោយតមក ។

កម្មទាំង ១២ យ៉ាងនេះ ជាគោលធម៌ សេចក្ដីបន្ដពីគោលនីមួយៗ ដែលជាភាសាបាលី ជានិយមន័យ(definition) ដោយសង្ខេប មិនមែនជាសេចក្ដីអធិប្បាយទេ ។ ចំណែកនិយមន័យជាភាសាអង់គ្លេស គ្រាន់តែសម្រាប់ជាជំនួយឱ្យយល់ច្បាស់ឡើងប៉ុណ្ណោះ គោលធម៌នេះមានអ្នកអធិប្បាយច្រើនហើយ សូមរកអានតាមកន្លែងនោះៗ ចុះ ខ្ញុំផុស្ដគោលធម៌រឿងកម្ម ១២ នេះ ក៏ព្រោះជាគោលធម៌ដែលពុទ្ធសាសនិកត្រូវតែសិក្សា និងដើម្បីសម្រាប់ការស្វែងយល់បន្ថែមលើផុស្ដ “បញ្ហាការឱ្យផលនៃកម្មល្អ-អាក្រក់” ដែលបានបង្ហោះមក ២ ដងហើយនោះផង ។

តាអារាមប៊យ
៥ ឧសភា ២០១៩

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram