អធិប្បាយឈាន(២)
“ចិត្តមិនដែលទំនេរប្រាសចាកអារម្មណ៍” នេះជាគោលការណ៍ក្នុងពុទ្ធធម៌ បានសេចក្ដីថា រាល់ខណៈរបស់ជីវិតតាំងពីកើតដល់ស្លាប់ ចិត្តឈោងចាប់យកអ្វីមួយមកជាអារម្មណ៍រាល់ពេលវេលាមិនដែលឈប់មិនដែលនឿយ ។ ចិត្តទទួលអារម្មណ៍បានតាមទ្វារ ៦ ទ្វារ ដូច្នេះអារម្មណ៍ក៏មាន ៦ ទៅតាមទ្វារដែរ គឺ ភ្នែក(ចក្ខុវិញ្ញាណ)ទទួលរូប(រូបារម្មណ៍)ជាអារម្មណ៍, ត្រចៀក(សោតវិញ្ញាណ)ទទួលសំឡេង(សទ្ទារម្មណ៍)ជាអារម្មណ៍, ច្រមុះ(ឃានវិញ្ញាណ)ទទួលក្លិន(គន្ធារម្មណ៍)ជាអារម្មណ៍ ។ល។
ក្នុងជីវិតប្រចាំថ្ងៃ ចិត្តរត់ឆ្វេចឆ្វាចចុះឡើងដូចស្វា ឈោងចាប់អារម្មណ៍តាមទ្វារដែលអារម្មណ៍មកប្រាកដ ព្រមទាំងសុខទុក្ខសោករំភើបញាប់ញ័រភ័យតក់ស្លុតផ្សេងៗ ក៏កើតឡើងតាមហេតុការណ៍នោះៗ ក្នុងចិត្តដែលមិនស្ងប់បែបនេះ រមែងមានធម្មជាតិ ៥ យ៉ាងហៅថា នីវរណធម៌ ជាប់ជានិច្ច ដូចខ្ញុំបានផុស្ដក្នុងអធិប្បាយឈាន(១) រួចមកហើយនោះឯង ។
ដើម្បីឱ្យចិត្តឈប់នៅនឹងមានអារម្មណ៍តែមួយ ពុទ្ធសាសនាមានវិធីហ្វឹកហាត់ប្រដិបត្តិមួយហៅថា សមថភាវនាឬសមថកម្មដ្ឋាន ដោយយកអ្វីមួយមកជាអារម្មណ៍ឱ្យចិត្តសម្លឹងផ្ដោតផ្ចង់ រហូតចិត្តស្ងប់តាំងមាំនៅនឹងអារម្មណ៍នោះ ដល់កម្រឹតថ្នាក់ស៊ប់ស្លុង កម្រឹតដែលចិត្តស្ងប់ស៊ប់ស្លុងនេះហើយ ហៅថា “ឈាន” ។ សូមជម្រាបថា សព្វថ្ងៃនេះពួកបស្ចិមប្រទេសមានអាមេរិកជាដើម បានយកវិធីនេះ(វិបស្សនាផងដែរ)មកជួយមនុស្សដែលមានបញ្ហាផ្លូវចិត្តតាមមណ្ឌលសុខភាពនានាជាច្រើន ទាំងសាសនិកក្នុងសាសនាដទៃ មានគ្រិស្ដនិងឥស្លាមជាដើម ក៏នាំគ្នាមកបដិបត្តិដែរ ។ ដូច្នេះ ឈានជាផលដែលកើតឡើងអំពីការបដិបត្តិសមថកម្មដ្ឋានឬសមថភាវនា ។
ថ្ងៃនេះ ខ្ញុំសូមលើកយកចំណុចមួយដែលយើងគួរស្វែងយល់មកអធិប្បាយដោយសង្ខេប មិនថាព្រះត្រៃបិដកឬគម្ពីរអដ្ឋកថាដីកាដែលជាភាសាបាលី ត្រង់ណានិយាយអំពីឈាន ត្រង់នោះរមែងមានពាក្យថា “វិវិច្ចេវ កាមេហិ វិវិច្ច អកុសលេហិ ធម្មេហិ” ជានិច្ច ពេលប្រែយើងត្រូវរៀងជាថ្មីថា
– វិវិច្ច ឯវ កាមេហិ ច = ស្ងាត់ចាកកាមទាំងឡាយផង
– វិវិច្ច អកុសលេហិ ធម្មេហិ ច = ស្ងាត់ចាកអកុសលធម៌ទាំងឡាយផង
១. វិវិច្ចេវ កាមេហិ សំដៅយកការចៀសចេញអំពីកាមទាំងឡាយ ទាំងវត្ថុកាម ទាំងកិលេសកាម(១) ថ្វីបើក្នុងពេលដែលនៅក្នុងបឋមឈាន មិនមានកាមទាំងឡាយក៏ពិតមែន តែអាចជាសឹកសត្រូវចំពោះបឋមឈានបាន ដូច្នេះការដែលនឹងសម្រេចបឋមឈានបាន ចាំបាច់ត្រូវតែរលាស់កាមចេញឱ្យបាន ដែលហៅថា ស្ងាត់ចាកកាម នោះឯង ។
២. ទោះបីជាក្នុងឈាននេះបានប្រាកដផលថា ជាគ្រឿងរលាស់កាមទាំងឡាយចេញហើយក៏ដោយ ក៏មិនមែនបានសេចក្ដីថា អ្នកបដិបត្តិអាចចូលឈានបានទេ ព្រោះថាកាមដែលរលាស់ចេញហើយនោះ ជានីវារណធម៌ ១ នៃនីវរណធម៌ ៥ ប៉ុណ្ណោះ នៅមាននីវរណធម៌ដទៃនៅសល់ជាសឹកសត្រូវនឹងឈានដូចគ្នាដែរ ដូច្នេះត្រូវលះនីវរណធម៌ដែលជា “អកុសលធម៌” ទាំងអស់នោះផងដែរ ទើបចូលដល់ឈានបាន បានសេចក្ដីថា ឈានរមែងស្ងាត់ចាកកាមទាំងឡាយនិងស្ងាត់ចាកអកុសលធម៌ទាំងឡាយ សមដូចបាលីដែលលើកមកខាងលើស្រាប់ ។
សរុបសេចក្ដីថា វិវិច្ចេវ កាមេហិ បានដល់វិវេកជាគ្រឿងបង្ក្រាបកាមច្ឆន្ទ, និង វិវិច្ច អកុសលេហិ ធម្មេហិ បានដល់វិវេកជាគ្រឿងបង្ក្រាបនីវរណធម៌ដែលនៅសល់ គឺព្យាបាទ ថីនមិទ្ធ ឧទ្ធច្ចកុក្កុច្ច និងវិចិកិច្ឆា ។ បើពោលតាមអភិធម្មន័យ បានដល់វិវេកជាគ្រឿងបង្ក្រាបការកើតឡើងនៃលោភមូលចិត្ត ៨ ដួង និងបានដល់វិវេកជាគ្រឿងបង្ក្រាបការកើតឡើងនៃទោសមូលចិត្ត ២ ដួងនិងមោហមូលចិត្ត ២ ដួងប៉ុណ្ណោះ ។
——————————
(១) គោលធម៌អំពីវត្ថុកាមនិងកិលេសកាម ខ្ញុំធ្លាប់បានផុស្ដរួយហើយ ។
សូមបញ្ជាក់ថា ឈានបង្ក្រាបនីវរណធម៌បានត្រឹមតែដរាបណាដែលនៅក្នុងឈានប៉ុណ្ណោះ លុះអ្នកបដិបត្តិចេញអំពីឈានហើយ នីវរណធម៌ទាំងអស់នឹងមានឡើងវិញដដែល ដូចដែលលោកពោលថាដូចថ្មសង្កត់ស្មៅនោះឯង ។ បឋមឈាន អាចសរសេរតម្រួតជា បឋមជ្ឈាន ក៏បាន ។
តាមអារាមប៊យ
១១ តុលា ២០១៨
🔸Last Updated កំណែចុងក្រោយ on March 27, 2023