សម្បត្តិ ៤

សម្បត្តិ ៤ (ចំណែកវិជ្ជមាន ការបរិបូណ៌ ការដល់ព្រមដ៏បរិបូណ៌នៃអង្គប្រកបផ្សេងៗ ដែលនឹងជួយទ្រទ្រង់គាំទ្រផ្ដល់ឱកាសឱ្យកម្មល្អឱ្យផល ទាំងមិនបើកឱកាសឱ្យកម្មអាក្រក់បញ្ចេញផ្លែផ្កា អង្គប្រកបជាជំនួយស្ទួយកម្មល្អ – Sampatti: accomplishment; factors favourable to the ripening of good karma)

១. គតិសម្បត្តិ (សម្បត្តិនៃគតិ, ដល់ព្រមដោយគតិ, គតិអំណោយផល; ក្នុងអំឡុងវែង សំដៅយកកើតក្នុងកំណើតល្អ គឺកើតក្នុងភព ភូមិ តំបន់ ប្រទេសដែលចម្រើន សមគួរឬអនុកូលអំពើល្អ, ក្នុងរយៈខ្លី សំដៅយកទីកន្លែងជាលំនៅ កន្លែងទៅ ទង្វើត្រូវរឿង ត្រូវកន្លែង ក្នុងករណីយនោះៗ សភាពបរិស្ថាននោះ ស្ថានការណ៍នោះ ទីស្ថាននោះ រហូតដល់ដំណើរជីវិតខណៈនោះ អនុកូលដល់ការប្រកបកម្មល្អ ឬអនុកូលដល់សេចក្ដីចម្រើនលូតលាស់នៃកម្មល្អ ធ្វើឱ្យកម្មល្អបញ្ចេញផ្លែផ្កាដោយងាយ – Gati-sampatti: accomplishment of birth; fortunate birthplace; favourable environment, circumstances of career)

២. ឧបធិសម្បត្តិ (សម្បត្តិនៃរាងកាយ, ដល់ព្រមដោយរូបកាយ, រាងកាយអំណោយផល; ក្នុងអំឡុងវែង សំដៅយករាងកាយស្អាតសង្ហា បុគ្គលិកភាពល្អ មុខមាត់អាកប្បកិរិយាល្អ គួរជាទីនិយមស្រឡាញ់គោរពរាប់អាន, ក្នុងរយៈខ្លី សំដៅយកមានរាងកាយមាំមួន សុខភាពល្អ – Upadhi-sampatti: accomplishment of the body; favourable or fortunate body; favourable personality, health of physical conditions)

៣. កាលសម្បត្តិ (សម្បត្តិនៃកាល, ដល់ព្រមដោយកាល, កាលអំណោយផល; ក្នុងអំឡុងវែង សំដៅយកកើតក្នុងសម័យដែលលោកមានសេចក្ដីចម្រើន ឬប្រទេសស្ងប់សុខ មានការគ្រប់គ្រងដ៏ល្អ មនុស្សក្នុងសង្គមតាំងនៅក្នុងសីលធម៌ មានសាមគ្គីភាព លើកតម្កើងមនុស្សល្អ មិនគាំទ្រមនុស្សអាក្រក់, ក្នុងរយៈខ្លី បានដល់ទង្វើត្រូវកាល – Kāla-sampatti: accomplishement of time; favourable or fortunate time)

៤. បយោគសម្បត្តិ (សម្បត្តិនៃការប្រកប, ដល់ព្រមដោយការប្រកបសេចក្ដីព្យាយាម, កិច្ចការអំណោយផល; ក្នុងអំឡុងវែង សំដៅយកការខ្នះខ្នែងក្នុងផ្លូវល្អ មានសេចក្ដីព្យាយាមនិងខ្វល់ខ្វាយស្វះស្វែងប្រកបកិច្ចការល្អ ធ្វើការងារសុចរិតជាប្រក្រតី, ក្នុងរយៈខ្លី កាលប្រកបកម្មល្អ ក៏បានបំពេញយ៉ាងពេញទំហឹង មែនទែន មាំទាំ ឱ្យសព្វគ្រប់តាមគោលការណ៍ សមស្របតាមឋានានុរូបនឹងកិច្ចការនោះៗ ឬបានប្រកបកម្មល្អមកជាប់លាប់ជាបាទរួចហើយ ទង្វើល្អដែលធ្វើនោះជួយជ្រោមជ្រែងបន្ថែមទៀត – Payoga-sampatti: accomplishment of undertaking; favourable, fortunate or adequate undertaking)

—————————–

សម្បត្តិ ៤ ជាគោលធម៌គូនឹងវិបត្តិ ៤ ជាអង្គប្រកបនៃការឱ្យផលរបស់កម្មល្អនិងកម្មអាក្រក់ ។ វិបត្តិ ៤ នឹងបង្ហោះផ្សព្វផ្សាយនៅពេលក្រោយ ។

តាអារាមប៊យ
១៣ ឧសភា ២០១៩

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram