គោលធម៌សម្ដែងអំពីជាន់ថ្នាក់នៃសីល…..
វិរតិ ៣ (កិរិយាវៀរចាកទុច្ចរិត, ការវៀរចាកកម្មអាក្រក់ – Virati: abstinence)
១. សម្បត្តវិរតិ (វៀរចាកវត្ថុជួបប្រទះចំពោះមុខ, វៀរនៅពេលបានពើបប្រទះចំពោះមុខ ឬវៀរបានទោះជាឱកាសហុចឱ្យ គឺមិនបានតាំងចេតនាទុកមុន មិនបានសមាទានសិក្ខាបទទុកពីមុនសោះឡើយ តែកាលបើជួបប្រទះហេតុដែលនឹងធ្វើទុច្ចរិតកម្មបាន កើតគំនិតគិតពិចារណាឡើងក្នុងខណៈនោះថា ខ្លួនមានជាតិត្រកូល មានវ័យឬគុណវុឌ្ឍិយ៉ាងនេះ មិនសមគួរនឹងធ្វើកម្មដូច្នេះទេ ហើយវៀរចាក មិនបានប្រព្រឹត្តកន្លងសីល – (Sampatta-virati: abstinence as occasion arises; abstinence in spite of opportunity)
២. សមាទានវិរតិ (រៀរព្រោះបានសមាទានទុក គឺខ្លួនបានតាំងចេតនាទុកជាមុន ដោយបានសមាទានសីល ទទួលកាន់យកតាមសិក្ខាបទរួចហើយ ទើបវៀរចាកតាមដែលបានសមាទានទុកនោះ – (Samādāna-virati: abstinence by undertaking; abstinence in accordance with one’s observances)
៣. សមុច្ឆេទវិរតិ/សេតុឃាតវិរតិ (វៀរដោយកាត់ផ្ដាច់ ឬវៀរដោយទាញហូតស្ពានផ្ដាច់ចេញ, វៀរបានដាច់ខាត គឺការវៀរចាកទុច្ចរិតកម្មរបស់ព្រះអរិយបុគ្គលទាំងឡាយ ដែលបានសម្រេចអរិយមគ្គ លោកបានកម្ចាត់បង់កិលេសជាហេតុឱ្យប្រកបអកុសលកម្មនោះបានអស់រួចរាល់ហើយ សូម្បីតែគំនិតគិតនឹងធ្វើអកុសលកម្មក៏គ្មានសោះឡើយ – (Samuccheda-virati, Setughāta-virati: abstinence by destruction of the roots of evil)
វិរតិ ២ ខាងដើមនៅមិនអាចជាទីទំនុកទុកចិត្តបានពិតប្រាកដ វិរតិទី ៣ ទើបទៀងទាត់ដាច់ខាត ។
——————————-
សេចក្ដីបន្ថែមៈ
វិរតិជាគោលវិនិច្ឆ័យ មានសីលឬដាច់សីល ពេលណាមានវិរតិចេតនា ពេលនោះចាត់ថាមានសីល ។ ចំណុចដែលត្រូវយល់ឱ្យច្បាស់ គឺបញ្ចសីល(សីល ៥) ជាសម្បត្តវិរតិ បានសេចក្ដីថាបញ្ចសីលមិនបាច់សមាទានក៏ជាសីលកើតឡើងដោយស្វ័យប្រវត្តិ មនុស្សក្នុងលោក មិនថាជាតិសាសន៍ណា កាន់សាសនាណា ឬមិនមានសាសនា បើគេមានចេតនាវៀរចាកអំពីបាបកម្មពេលណា ពេលនោះចាត់ថាគេមានសីល ដូចអ្នកកាន់ព្រះពុទ្ធសាសនាដែរ ហេតុដូច្នេះ បញ្ចសីល យើងអាចពោលថាជាសីលសាកលចំពោះមនុស្សលោក បើសង្គមណាមនុស្សមានបញ្ចសីលច្រើន សង្គមនោះនឹងមានសន្ដិសុខនិងសុវត្ថិភាពច្រើន សីលប្រាំជាគោលការណ៍ធានារ៉ាប់រងសុវត្ថិភាពជីវិត ទ្រព្យសម្បត្តិ របស់ជាទីស្រឡាញ់ សច្ចវាចា និងសុវត្ថិភាពផ្នែកសតិសម្បញ្ញៈដែលគ្រប់គ្រងសីលរបស់មនុស្ស ។
ពាក្យប្រៀនប្រដៅនិងគោលបដិបត្តិក្នុងពុទ្ធសាសនា ចំណែកដែលទាក់ទងនឹងសង្គម ទាំងឆ្លុះបញ្ចាំងចេតនារម្មណ៍របស់ព្រះពុទ្ធសាសនា ក្នុងផ្នែកសម្ព័ន្ធភាពរវាងមនុស្សក្នុងសង្គមបានច្រើនបំផុត គឺពាក្យប្រៀនប្រដៅថ្នាក់សីលនេះឯង ព្រោះសីលជាប្រព័ន្ធគ្រប់គ្រងជីវិតខាងក្រៅដែលសម្ដែងចេញតាមផ្លូវកាយវាចា ជារបៀបស្ដីអំពីសម្ពន្ធភាពនិងបរិស្ថានក្នុងសង្គម ជាពិសេសសម្ពន្ធភាពរវាងមនុស្សនិងមនុស្សជាមួយគ្នា ការអនុវត្តន៍កិច្ចការផ្សេងៗ របស់ប្រជុំជន ការចាត់របៀបសភាពរស់នៅនិងបរិស្ថានឱ្យមានរបៀបរៀបរយ ឱ្យអនុកូលដល់ការរស់នៅដ៏ល្អប្រពៃនៃប្រជុំជននោះ និងឱ្យអនុកូលដល់ផាសុកភាពរបស់សមាជិកទាំងពួងក្នុងប្រជុំជន ដែលនឹងអនុគ្រោះឱ្យសមាជិកគ្រប់គ្នាអាចបំពេញកិច្ចរបស់ខ្លួនឱ្យរឹតតែប្រពៃជាភិយ្យោភាព ដើម្បីសម្រេចគោលដៅឧត្តមគតិរបស់ជីវិតតាមការផ្ដេជ្ញាដែលបក្សពួកខ្លួនប្រកាន់យក ឬដើម្បីឈានដល់ប្រយោជន៍និងឧត្តមធម៌តាមឧត្តមគតិរបស់ប្រជុំជននោះ ព្រមទាំងអនុកូលដល់កិច្ចការដែលប្រជុំជននោះៗ នឹងផ្សព្វផ្សាយឧត្តមគតិ កិច្ចការ ប្រយោជន៍សុខ អំពើល្អរបស់ខ្លួនឱ្យរីករាលដាលធំទូលាយចេញទៅ ។ ដោយសរុប បញ្ចសីលជាសីលថ្នាក់ដំបូងបំផុត គឺការមិនបៀតបៀនអ្នកដទៃដោយកាយវាចា និងការមិនបំផ្លាញសតិសម្បជញ្ញៈដែលជាតួអង្គឃុំគ្រងសីលរបស់ខ្លួន ។
តាអារាមប៊យ
២៦ កុម្ភៈ ២០១៩
🔸Last Updated កំណែចុងក្រោយ on March 26, 2023