ព្រះសកទាគាមី

សកទាគាមី ៣, ៥ (លោកអ្នកសម្រេចសកទាមិផលហើយ, អ្នកត្រឡប់មកម្ដងទៀត – Sakadāgāmī: Once-Returner)

ក្នុងគម្ពីរបរមត្ថជោតិកា អដ្ឋកថាខុទ្ទកនិកាយ បានបែងចែកទុកជា ៣ ប្រភេទ គឺ អ្នកបានសម្រេចផលនោះ ក្នុងកាមភព ១, ក្នុងរូបភព ១, ក្នុងអរូបភព ១ ។

ក្នុងគម្ពីរបរមត្ថមញ្ជុសា ដីកាវិសុទ្ធិមគ្គ បានបែងចែកទុកជា ៥ ប្រភេទ គឺ
១. អ្នកបានសម្រេចក្នុងលោកនេះ ហើយបរិនិព្វានក្នុងលោកនេះ
២. អ្នកបានសម្រេចក្នុងលោកនេះ ហើយបរិនិព្វានក្នុងទេវលោក
៣. អ្នកបានសម្រេចក្នុងទេវលោក ហើយបរិនិព្វានក្នុងទេវលោកនោះឯង
៤. អ្នកបានសម្រេចក្នុងទេវលោក ហើយកើតក្នុងលោកនេះទើបបរិនិព្វាន
៥. អ្នកបានសម្រេចក្នុងលោកនេះ ទៅកើតក្នុងទេវលោក អស់អាយុហើយ ត្រឡប់មកកើតក្នុងលោកនេះ ទើបបរិនិព្វាន ។
រួចហើយបានអធិប្បាយបន្ដថា ព្រះសកទាមីដែលសម្ដែងទុកក្នុងព្រះបាលី(១) សំដៅយកព្រះសកទាមីប្រភេទទី ៥ តែម្យ៉ាងប៉ុណ្ណោះ ។ ព្រះសកទាគាមីនេះ ក្នុងព្រះបាលីមិនបានបែងចែកប្រភេទទុក ដូចគម្ពីរជំនាន់ក្រោយមានបរមត្ថជោតិកាជាដើមទេ ។
————————-

(១) ព្រះបាលី(ព្រះត្រែបិដក)ភាគ៤៣, អង្គុត្តរនិកាយ ចតុក្កនិបាត កម្មវគ្គ សមណសូត្រទី១០ ខ៩១ ទំព័រ២៤៦  មានសេចក្ដីថាៈ

កតមោ ច ភិក្ខវេ ទុតិយោ សមណោ?
ឥធ ភិក្ខវេ ភិក្ខុ តិណ្ណំ សំយោជនានំ បរិក្ខយា រាគទោសមោហានំ តនុត្តា សកទាគាមី ហោតិ,
សកិទេវ ឥមំ លោកំ អាគន្ត្វា ទុក្ខស្សន្តំ ករោតិ ។

ប្រែលោតប្រយោគ
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ, ច ក៏, សមណោ រីសមណៈ, ទុតិយោ ទីពីរ, កតមោ តើដូចម្ដេច ?
ភិក្ខវេ ម្នាលភិក្ខុទាំងឡាយ, តិណ្ណំ សំយោជនានំ បរិក្ខយា ព្រោះការអស់ទៅនៃសំយោជន៍ទាំងឡាយ ៣, រាគទោសមោហានំ តនុត្តា ព្រោះរាគៈទោសៈមោហៈទាំងឡាយស្ដួចស្ដើង, ភិក្ខុ រីភិក្ខុ, ឥធ ធម្មវិនយេ ក្នុងធម្មវិន័យនេះ, សកទាគាមី ហោតិ ជាព្រះសកទាគាមី, អាគន្ត្វា មកហើយ, លោកំ កាន់លោក, ឥមំ នេះ, សកឹ ឯវ ម្ដងទៀតប៉ុណ្ណោះ, ករោតិ នឹងធ្វី, ទុក្ខស្សន្ដំ នូវទីបំផុតនៃទុក្ខ ។

ប្រែដោយអត្ថ
ម្នាលភិក្ខុទាំងឡាយ ក៏សមណៈទី ២ តើដូចម្ដេច ?
ម្នាលភិក្ខុទាំងឡាយ ព្រោះការអស់ទៅនៃសំយោជន៍ ៣ (និង)ព្រោះរាគៈទោសៈមោហៈទាំងឡាយស្ដួចស្ដើង ភិក្ខុក្នុងធម្មវិន័យនេះ ជាព្រះសកទាគាមី នឹងមកកាន់លោកនេះម្ដងទៀតប៉ុណ្ណោះ ហើយទើបធ្វើនូវទីបំផុតនៃទុក្ខបាន ។
————————–

អធិប្បាយបន្ថែមៈ
– សមណៈទី ២ គឺព្រះសកទាគាមី (សមណៈទី ១ គឺសោតាបន្ន, ទី ៣ គឺអនាគាមី, ទី ៤ គឺព្រះអរហន្ត)
– សំយោជន៍ ៣ (ជាកិលេសដែលប្រកបសត្វលោកទុកក្នុងភពតូចធំ) គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាស ព្រះសកទាគាមីលះបានតាំងពីបានសម្រេចជាព្រះសោតាបន្ន និងធ្វើរាគៈទោសៈមោហៈឱ្យស្ដួចស្ដើង (សិក្សាសំយោជន៍ ១០ ផង) ។

សូមលោកអ្នកបញ្ញវន្ដនិងព្រះគុណម្ចាស់ បើឃើញមានខុស សូមមេត្តាប្រាប់ឱ្យទានផង ព្រោះផុស្ដនេះមានបំណងផ្ដល់ចំណេះដ៏ត្រឹមត្រូវជូនសង្គមពុទ្ធសាសនាខ្មែរជាទូទៅ ។

សូមអរគុណ
តាអារាមប៊យ
២៤ កុម្ភៈ ១៨

🔸Last Updated កំណែចុងក្រោយ on March 26, 2023

Facebook Comments
Share this article:
បណ្ឌិត ធម្មណាត

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram