លទ្ធភាព vs សមត្ថភាព

លទ្ធភាព vs សមត្ថភាព

សូមអនុញ្ញាតនិយាយពីភាសាខ្មែរផង បើខុសឆ្គងយ៉ាងណា សូមប្រិយមិត្តដែលជាបញ្ញវន្តមេត្តាជួយកែតម្រូវដើម្បីចែករំលែក និងដើម្បីការយល់ដ៏ត្រឹមត្រូវផង ។

—————–
១. លទ្ធភាព មានឫសគល់យ៉ាងណាដែរ ?

ពាក្យនេះប្រកបដោយពាក្យថា លទ្ធ + ភាព = លទ្ធភាព
ក)- √លភ (ធាតុ អ.ថ. លៈ-ភៈ) ប្រព្រឹត្តទៅក្នុងន័យថា “បាន”
លភ ធាតុ ជាសកម្មធាតុឬសកម្មកិរិយា (transitive verb) គឺធាតុដែលប្រកបដោយកម្ម(object)
លភ + ត(បច្ច័យ កិ.កិ.) ដូរចុងធាតុគឺ ភ និង ត ជា ទ្ធ (ភ + ត > ទ្ធ)
លភ + ត = ល(ភ+ត > ទ្ធ) = លទ្ធ ប្រែថា បានហើយ, ប្រើជាកម្មវាចក (passive voice) ជានិច្ច ។
ឧទាហរណ៍រូបប្រយោគកត្តុវាចក និង កម្មវាចក
– ឆ្មា(ប្រធាន) ចាប់(កិរិយា) កណ្ដុរ(កម្ម); នេះជារូបកត្តុវាចក(active voice)
– កណ្ដុរ(ប្រធាន) ត្រូវបានចាប់(កិរិយា) ដោយកណ្ដុរ; នេះជារូបកម្មវាចក(passive voice)

ក្នុងប្រយោគកម្មវាចក មានខដែលគួរកត់សម្គាល់សំខាន់ ២ យ៉ាងគឺ
– កិរិយាជាសកម្មកិរិយា គឺកិរិយាដែលហៅរកកម្ម ឧ. ញ៉ាំ ឃើញ (ហៅរកកម្មថា ញ៉ាំអី? ឃើញអី?)
– កម្មជាប្រធានក្នុងប្រយោគ

មើលភាសាបារាំងនិងអង់គ្លេសប្រៀបធៀប
– Le chat attrape la souris. (កត្តុវាចក = active voice)
– La souris est attrapée par le chat. (កម្មវាចក = passive voice)
– The cat catches the mouse. (កត្តុវាចក = active voice)
– The mouse is caught by the cat. (កម្មវាចក = passive voice)

ខ)- ភាវ មកពី √ភូ (ធាតុ) មានន័យដូចកិរិយាសព្ទអង់គ្លេសថា to be, (ភាវ = being)
ភូ + ណ (បច្ច័យ), លុប ណ, ព្រឹទ្ធស្រៈ អូ ជា អវ, រួចទីឃៈ អ(វ) ជា អា(វ) ដោយអំណាចបច្ច័យដែលមាន ណ ។ សូមមើលម្ដងទៀត
ភូ + ណ = ភ + អវ > អាវ = ភាវ (អ.ថ. ភា-វៈ), ផ្លាស់ វ ជា ព សម្រេចរូបជា ភាព

សរុប៖ លទ្ធ + ភាព = លទ្ធភាព (ន.) ភាព(នៃអ្វីម្យ៉ាង)ដែលបានហើយ, ភាពដែលនឹងត្រូវបានត្រូវមាន ។
ប្រយ័ត្ន កុំច្រឡំសរសេរជា លិទ្ធភាព ឱ្យសោះ ។
—————————

២. សមត្ថភាព មានប្រភពមកពីអ្វីខ្លះ ?

សមត្ថ + អ (បច្ច័យ) + ភាព = សមត្ថភាព
សមត្ថ ប្រែថា អាច, អ្នកអាច, ដែលអាច
សមត្ថភាព (ន.) = ភាវៈនៃអ្នកអាច

ពាក្យនេះមិនអាចបំបែកចេញជា សម + អត្ថ + ភាព បានឡើយ ពីព្រោះវានឹងខុសអត្ថន័យនៃពាក្យ
បើបំបែករបៀបនេះ តើនឹងបានន័យថាយ៉ាងណាដែរ ?
សម (ស្មើ) + អត្ថ (ប្រយោជន៍, ន័យ) + ភាព = សមត្ថភាព ភាវៈនៃប្រយោជន៍ដែលស្មើ
អត្ថន័យនេះមិនមែនជាន័យដែលលោកបំណងឱ្យប្រើក្នុងភាសាខ្មែរទេ ។

តើលទ្ធភាពនិងសមត្ថភាពដូចគ្នាឬខុសគ្នាយ៉ាងណាដែរ?

តាអារាមប៊យ
៣១ មីនា ១៨

Facebook Comments
Share this article:

Author: បណ្ឌិត ធម្មណាត

ទីប្រឹក្សា គណៈកម្មការ ពុទ្ធិកសមាគមខ្មែរ វត្តខេមររតនារាម Advisor to The Cambodian Buddhist Society of Wat KhemaRaRatanaram