នត្ថិ សន្តិ បរំ សុខំ
សុខដទៃក្រៅពីសេចក្តីស្ងប់ពុំមានឡើយ។
🔸បុគ្គល កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យវិនាសព្រោះប្រយោជន៍របស់អ្នកដទៃ។
សង្គហធម៌មាតាបិតា
បទពាក្យប្រាំពីរ
| មាតាបិតាជាម្លប់សុខ | និងជាប្រមុខដ៏ថ្លៃថ្លា |
| ដឹកនាំរៀបចំបុត្តធីតា | ឲ្យបានសុខាគ្រប់ៗណា ។ |
| ព្រោះលោកមានម្លប់សង្គហធម៌ | ប្រាំយ៉ាងបវរល្អថ្កើងថ្កាន |
| លើសអស់លើម្លប់គ្រប់ទីឋាន | ពេញពិតកល្យាណឋានឧត្តម ។ |
| ទីមួយលោកព្រួយខ្លាចកូនភ្លាត់ | ប្រព្រឹត្តប្រតិព័ទ្ធបទមិនសម |
| ឃើញកូនខុសហើយមិនសម្ងំ | ហាមប្រាមអប់រំមិនលាក់ទុក ។ |
| ទីពីរម៉ែឳខំដឹកនាំ | សន្សែសន្សំសេចក្តីសុខ |
| យកកល្យាណកម្មជាប្រមុខ | តាំងទុកជាទ្រព្យគាប់ចិន្តា ។ |
| ទីបីដឹកនាំកូនឲ្យរៀន | ចំណេះរបៀនមានវិជ្ជា |
| វិជ្ជាជាទ្រព្យមហិមា | ចាយច្រើនហូរហៀរមិនហួតអស់ ។ |
| ទីបួនផ្សំផ្គុំឱ្យមានគូ | មិនតឹងមិនធូរឈរលើស្មោះ |
| ភាគីទាំងពីរមិនជំទាស់ | ព្រមព្រៀងទាំងអស់ទើបរៀបការ ។ |
| ទីប្រាំលោកចាំជាជំនួយ | តាមជួយរហូតគ្រប់វេលា |
| ទាំងចិត្តទាំងកាយទាំងទ្រព្យា | ក្នុងគ្រាណាកូនជួបឧបសគ្គ ។ |
| នេះហើយហៅថាសង្គហធម៌ | ប្រសើរបវរល្អឥតអាក់ |
| លោកទុកជាម្លប់ជប់ត្រជាក់ | សមស័ក្តិជាព្រះនៃបុត្តភ្ងា ។ |
| ដូច្នេះគួរកូនទាំងប្រុសស្រី | គប្បីគិតគូរគុណមេបា |
| ឲ្យបានទាន់ពេលទាន់វេលា | ទាន់លោកនៅជាទទួលបាន ។ |
| កុំចាំលោកស្លាប់ដេកស្តូកស្តឹង | ទើបប្រឹងប្រញាប់ធ្វើបុណ្យទាន |
| ឧទ្ទិសកុសលជូនស្មានៗ | ធ្វើម្តេចនឹងបានឃើញនឹងភ្នែក ។ |
| កតញ្ញូខែភ្លឺមើលឃើញច្បាស់ | គួរកូនរូតរះកុំចាំស្អែក |
| អនិច្ចាសាង្ខារគួរសង្វេគ | ថ្ងៃនេះថ្ងៃស្អែកមិនទៀងឡើយ ៕ |

និពន្ធដោយៈ ព្រះបវរសត្ថា កៅ ពុទ្ធា ជោតញ្ញាណោ
វត្តគិរីសោភា (កូនសត្វ), ថៃ្ងទី១៧ ខែឧសភា ឆ្នាំ២០០៨


🔸កំណែចុងក្រោយ Last Updated on April 18, 2025 by Johnny ចន្នី







